ជាតិ
ក្រសួងមហាផ្ទៃ ព្រមាន​ចាត់វិធានការ​លើ​បក្ស​ចំនួន​១១ បើ​មិន​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ​
31, Aug 2017 , 9:33 am        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ចំនួន​១១ ដែល​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ តាមច្បាប់​ស្តីពី​គណបក្សនយោបាយ​នោះ នឹងត្រូវ​ប្រឈមមុខ​តាមផ្លូវ​ច្បាប់​។ នេះ​ជាការ​ព្រមាន​របស់​ក្រសួងមហាផ្ទៃ ។​



​ក្រសួងមហាផ្ទៃ បាន​ផ្ញើលិខិត​ទៅកាន់​គណបក្ស​ចំនួន​១១ ដើម្បី​ឲ្យ​បំពេញ​កា​ព្វ​កិច្ច ឲ្យ​ស្របទៅតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ គណបក្ស​ទាំង​១១​នោះ ដែល​ក្រសួងមហាផ្ទៃ​ព្រមាន​ចាត់វិធានការ​នោះ រួមមាន​គណបក្ស សម រង្ស៊ី គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​អំណាច​ខ្មែរ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​អង្គរ គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ គណបក្ស​សង្គម​ប្រជាធិបតេយ្យ គណបក្ស​មហានគរ គណបក្ស​រណសិរ្ស​សង្គម​ជាតិនិយម គណបក្ស​កសាង​ជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​សេរី​សង្គ្រោះ​ជាតិ​។

​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២0១៧ បាន​តម្រូវ​ឲ្យ​គណបក្ស សម រង្ស៊ី ផ្តូ​រ​ឈ្មោះ​ចេញ​។ ចំណែក គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្រសួងមហាផ្ទៃ តម្រូវ​ឲ្យ​ផ្លាស់ប្តូ​រសញ្ញា​សម្គាល់ (LOGO)​។ បច្ចុប្បន្ន សញ្ញា​សម្គាល់​របស់​គណ​បក្ស​ស​ហ្វ៊ុនស៊ិនប៉ិច មាន​រូប​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​។
​ក្រសួងមហាផ្ទៃ​លើក​ហេតុផល​ថា ច្បាប់​ស្តីពី​គណបក្សនយោបាយ មិន​អនុញ្ញាត​ឲ្យ​គណបក្ស យកឈ្មោះ​របស់​បុគ្គល ទៅធ្វើជា​ឈ្មោះ​របស់​គណបក្ស​នោះទេ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​យក​រូប​របស់​បុគ្គល ទៅធ្វើជា​សញ្ញា​សម្គាល់​រប​ស់​គណបក្ស​ដែរ​។

​បើតាម​លិខិត​ក្រសួងមហាផ្ទៃ គណបក្ស សម រង្ស៊ី និង​គណបក្ស​ស​ហ្វ៊ុនស៊ិនប៉ិច មាន​រយៈពេល​៩0​ថ្ងៃ ក្នុង​ការបំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ ។  

​ដោយឡែក គណបក្ស​ចំនួន​៩​ទៀត គឺ​ស្ថិតក្នុង​ចង្កោម​តែមួយ ដែល​មិនបាន​បំពេញ​កាតព្វកិច្ច ឲ្យ​បាន​ត្រឹមត្រូវ​តាម​មាត្រា​២៦ និង​មាត្រា​៤៨ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។ គណបក្ស​ទាំង​៩​នោះ មាន​រយៈពេល​តែ​១៥​ថ្ងៃ​ប៉ុណ្ណោះ ដើម្បី​បំពេញ​កាតព្វកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ តាម​មាត្រា​ខាងលើ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បើ​ពុំ​ដូច្នោះ​ទេ អាច​នឹងត្រូវ​ប្រឈម​ផ្លូវច្បាប់​។

​តាមរយៈ​លិខិត​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ថា​៖«​ក្នុងករណី​ខកខាន​មិនបាន​បំពេញ​កា​ព្វ​កិច្ច​ជាថ្មីទៀត ក្រសួងមហាផ្ទៃ នឹង​សម្រេច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​»​។​

​មាត្រា​២៦ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ចែងថា​៖«​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​រួចហើយ ត្រូវ​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ នូវ​បញ្ជី​ឈ្មោះ​ប្រធាន​និង​អនុប្រធាន​គណបក្ស ក្នុងករណី​ដែលមាន​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សមមូល​។ ចំណែក​ការផ្លាស់ប្តូរ​ប្រធាន ឬ​អនុប្រធាន​គណបក្ស ,​សមាសភាព​នៃ​គណៈកម្មាធិការ​នាយក ឬ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​អង្គការ​សមមូល ត្រូវ​ជូនដំណឹង​ទៅ​ក្រសួងមហាផ្ទៃ​។ ក្នុងករណី​ប្តូរ​ឈ្មោះ​សញ្ញា​សម្គាល់​ទីស្នាក់ការ កែប្រែ​គោលនយោបាយ និង​កម្មវិធី​នយោបាយ ឬ​ធ្វើ​វិសោធនកម្ម​លើ​លក្ខន្តិកៈ គណបក្ស​ត្រូវ​ជូនដំណឹង​ទៅ​ក្រសួងមហាផ្ទៃ​។

​រីឯ​មាត្រា​៤៨ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដដែល ចែងថា​៖«​គណបក្ស ដែល​ត្រូវបង្កើត​និង​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួងមហាផ្ទៃ ត្រូវបំពេញ​សំណុំបែបបទ​ធ្វើ​និយ័តកម្ម​ស្របតាម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ក្នុង​រយៈពេល​៩0​ថ្ងៃ​យ៉ាងយូរ​»​។ 

​សូមបញ្ជាក់ថា មាន​គណបក្ស​៩​ហើយ ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ ប្តឹងទៅ​តុលាការ​កំពូល នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២0១៧ ដើម្បី​សុំ​ឲ្យ​រំលាយចោល​។ មូលហេតុ គឺ​ដោយសារតែ​គណបក្ស​ទាំង​៩​នោះ មិនបាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ​៕


Tag:
 មហាផ្ទៃ​
  ស ខេង​
  ព្រមាន​គណបក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com