ជាតិ
គ.ជ.ប អំពាវនាវឲ្យពលរដ្ឋនៅក្រៅប្រទេស មកចុះឈ្មោះបោះឆ្នោត
× ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅនិងធ្វើការនៅឯបរទេស ត្រឡប់មកកម្ពុជា ដើម្បីចូលរួមចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ តាមរយៈសេចក្តីអំពាវនាវ គ.ជ.ប បានរម្លឹកថា ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺពិតជាសំខាន់ណាស់ ដើម្បីអាចបោះឆ្នោតថ្នាក់ជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
គ.ជ.ប បានបញ្ជាក់សាជាថ្មី ក្នុងសេចក្តីអំពាវនាវយ៉ាងដូច្នេះថា៖«បើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោតទេ បងប្អូន នឹងមិនអាចបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងឆ្នាំ២០១៨ បានទេ»។
មិនត្រឹមតែប្រជាពលរដ្ឋនៅក្រៅប្រទេសនោះទេ ប៉ុន្តែប្រជាពលរដ្ឋក្នុងប្រទេស ក៏គួរតែរួសរាន់ទៅចុះឈ្មោះបោះឆ្នោតផងដែរ។ នេះជាការអំពាវនាវរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប កន្លងមក។
លោក ហង្ស ពុទ្ធា ធ្លាប់ពន្យល់ថា ការចុះឈ្មោះបោះឆ្នោតលើកនេះ គឺសម្រាប់តែប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត កាលពីពេលបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ ប៉ុណ្ណោះ។ បើតាមអ្នកនាំពាក្យរូបនេះ ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត កាលពីពេលបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ អាចទៅបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២០១៨ តែម្តង ដោយមិនចាំបាច់ចុះឈ្មោះឡើងវិញនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com