ជាតិ
កម្ពុជា​-​ឡាវ នឹង​ស្នើសុំ​ផែនទី​ខ្នាត ១​លើ​៥០.០០០ ពី​បារាំង ដើម្បី​យកមក​ដោះស្រាយ​បញ្ហា​ព្រំដែន​
01, Sep 2017 , 3:18 pm        
រូបភាព
ការធ្វើសន្និសីទកាសែតរួមគ្នារវាងនាយករដ្ឋមន្រ្តីកម្ពុជា (នៅខាងស្តាំដៃ) និងនាយករដ្ឋមន្រ្តីឡាវ (នៅខាងឆ្វេងដៃ) នៅវិមានសន្តិភាព នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២0១៧។
ការធ្វើសន្និសីទកាសែតរួមគ្នារវាងនាយករដ្ឋមន្រ្តីកម្ពុជា (នៅខាងស្តាំដៃ) និងនាយករដ្ឋមន្រ្តីឡាវ (នៅខាងឆ្វេងដៃ) នៅវិមានសន្តិភាព នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២0១៧។
​ភ្នំពេញ​៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ថោង​លន់ ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ បាន​ឯកភាព​ជាមួយគ្នា ថា​នឹង​សរសេរ​លិខិត ជូន​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង ដើម្បី​ឲ្យ​ជួយ​ផ្ទេរ​ផែនទី​ពី​ខ្នាត​១​លើ​១០០.០០០ មក​ផែនទី​ខ្នាត ១​លើ​៥០.០០០​។ សម្តេច ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន ជាមួយ​លោក ថោង​លន់ ស៊ី​សូលី​ត នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៧​នេះ​។



​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ការស្នើ​ឲ្យ​បារាំង ផ្ទេរ​ផែនទី​ពី​ខ្នាត ១​លើ​១០០.០០០ មក​ផែនទី​ខ្នាត ១​លើ​៥០.០០០ គឺ​ដើម្បី​យកមក​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖«​មូលដ្ឋាន​ដែល​បារាំង​ផ្តល់​ឲ្យ គឺ​ផែនទី​ខ្នាត ១​លើ​១០០.០០០​។ ប៉ុន្តែ ការធ្វើ​ខ្សែ​ព្រំដែន មិនអាច​ប្រើ​នូវ​ខ្នាត ១​លើ​១០០.០០០ បានទេ ត្រូវ​ប្រើ​ខ្នាត​១​លើ​៥០.០០០​។ ដូច្នេះ វិធី​ដែល​ល្អ​ជាងគេ គឺ​សូមអ្នក​បច្ចេកទេស​រប​ស់​បារាំង មកជួយ​ផ្ទេរ​ផែនទី ពី​ខ្នាត ១​លើ​១០០.០០០ មក​ខ្នាត ១​លើ​៥០.០០០ ដែលជា​ផែនទី​ដើម​របស់​បារាំង​»​។​

​បើតាម​សម្តេច ហ៊ុន សែន កម្ពុជា​-​ឡាវ ក៏​នឹង​ស្នើសុំ​ពី​បារាំង នូវ​ឯកសារ​ផ្សេងៗ​ទៀត​ដែរ ដែល​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​។ សម្តេច អះអាងថា បារាំង ដែល​ធ្លាប់​ដាក់​អាណានិគម​លើ​កម្ពុជា​-​ឡាវ បាន​បន្សល់ទុក​មរតក​នេះ ដូច្នេះ​ត្រូវតែ​ចូលរួម​ដោះស្រាយ​។

​លោក ថោង​លន់ ស៊ី​សូ​លីន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ការដោះស្រាយ​បញ្ហា​ព្រំដែន​នេះ គឺ​ឈរលើ​មូលដ្ឋាន​មិត្តភាព​និង​ស្មើភាព ដោយ​គ្មាន​ភាគី​ណា​ខាត ឬ​ភាគី​ណា ចំណេញ នោះទេ​។ នាយករដ្ឋមន្ត្រី​ឡាវ​រូបនេះ បាន​និយាយ​យ៉ាង​ដូច្នេះ​៖«​យើង ក៏បាន​ឯកភាពគ្នា​ដែរ​ថា ពួកយើង​នឹង​ព្យាយាម​រក្សា​ឲ្យ​មាន​សន្តិសុខ និង​សន្តិភាព​នៅតាម​ព្រំដែន ដែល​មិនទាន់បាន​ដោះស្រាយ​ហើយ ព្រោះ​បញ្ហា​នេះ គឺ​សំខាន់​ខ្លាំងណាស់ ដើម្បី​ឲ្យ​តំ​បត់​តាម​ព្រំដែន​មាន​សន្តិភាព​»​។​

​សូមបញ្ជាក់ថា កាលពី​ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ កម្ពុជា មាន​បញ្ហា​ព្រំដែន​ជាមួយ​ឡាវ​។ ការ​បណ្តាល​ឲ្យ​មាន​បញ្ហា​ព្រំដែន​នេះ កើតឡើង គឺ​ដោយសារតែ​កងទ័ព​ឡាវ បាន​ចូលមក​ឈរជើង​ក្នុង​តំបន់​ក្បែរ​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ស្ថិតក្នុង​ខេត្តស្ទឹងត្រែង​។ ប៉ុន្តែ​កងទ័ព​ទាំងនោះ សម្រេច​ដកចេញ​វិញ ក្រោយ​ការចរចា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ឡាវ​៕ 


Tag:
 ហ៊ុន សែន​
  ថោង​លន់ ស៊ី​សូលី​ត
© រក្សាសិទ្ធិដោយ thmeythmey.com