អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង​សង្ស័យ​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ ក្រោយ​មាន​រញ្ជួយ​ដី​នៅ​កូរ៉េខាងជើង​
03, Sep 2017 , 11:51 am        
រូបភាព
 កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៣ ខែកញ្ញា បាន​ចាប់បាន​សញ្ញា​នៃ​រញ្ជួយ​ដី​នៅឯ​កូរ៉េខាងជើង​កម្រិត​៥.៦​រ៉ិចទ័រ​។ កូរ៉េខាងត្បូង​សង្ស័យថា ការរញ្ជួយ​នេះ​អាច​បណ្ដាលមកពី​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​តែម្ដង​។ បើសិនជា​ការពិត​មែន​នោះ នេះ​ជាការ​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​លើក​ទី​៦ របស់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង ចំ​ពេលដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កើន​កម្ដៅ​ស្រាប់​ផង​។​

 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap យោធា​កូរ៉េ​ខាង​បាន​ចាប់​សញ្ញា​រលក​រញ្ជួយ​នៅក្បែរ​មូលដ្ឋាន Punggye-ri ដែលជា​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ យោធា​កូរ៉េខាងត្បូង​និយាយថា ការរញ្ជួយ​នេះ​បង្កើតឡើង​ដោយ​មនុស្ស ដែល​នេះ​មានន័យថា កូរ៉េខាងជើង​អាច​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ របស់ខ្លួន​។ យ៉ាងណាក្ដី ការវិភាគ​កំពុងតែ​ធ្វើ​ដើម្បី​កំណត់ថា​រលក​រញ្ជួយ​នេះ​កើតឡើង​ពីអ្វី​ឲ្យ​ប្រាកដ​។​
 
​ដោយឡែក ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ក៏មាន​ការសង្ស័យ​លើ​ការរញ្ជួយ​ដី​លើក​នេះដែរ និង​សន្និដ្ឋានថា​អាចជា​ការសាកល្បង​នុយក្លេអ៊ែរ​ទៀតផង​។ កូរ៉េខាងត្បូង​ក៏បាន​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៅ​ថ្ងៃទី​៣ ខែកញ្ញា​នេះ ដើម្បី​ផ្ទៀងផ្ទាត់​របាយការណ៍​នានា​ទាក់ទង​សកម្មភាព​របស់​កូរ៉េខាងជើង​។​
 
​ជាមួយគ្នានេះ ទីភ្នាក់ងារ​ភូ​គ្ព​សាស្ត្រ​អាមេរិក​ក៏​ចាប់បាន​សញ្ញា​រញ្ជួយ​កម្រិត​ដល់​ទៅ​៦.៣​រ៉ិចទ័រ​ ក្រោម​ជម្រៅ​២៣​គីឡូម៉ែត្រ​។ យ៉ាងណាមិញ គេ​នៅតែ​មិនទាន់​ដឹងថា​ការរញ្ជួយ​នេះ​អាច​បណ្ដាល​មក​ការផ្ទុះ​នុយក្លេអ៊ែរ ឬក៏​គ្រាប់បែក​ប្រភេទ​ផ្សេង​ដែរ​។ អ្វីដែល​គេ​គិតថា​នេះ​អាចជា​ការសាកល្បង​នុយក្លេអ៊ែរ ក៏​ដោយសារ​កន្លងមក នៅពេល​មានការ​រញ្ជួយ​បែបនេះ គឺ​កូរ៉េខាងជើង​តែង​ប្រការ​ពី​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​រហូតមក​។​
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ការសង្ស័យថា​កូរ៉េខាងជើង​សាកល្បង​អាវុធ​របស់ខ្លួន កើតឡើង​ចំពេល​ដែល​កូរ៉េខាងជើង​ទើប​ប្រកាសថា ខ្លួន​ទើប​អភិវឌ្ឍ​គ្រាប់បែក​អ៊ីដ្រូសែន​ដែល​អាច​បំពាក់​លើ​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​បាន​។ កូរ៉េខាងជើង​អះអាងថា គ្រាប់បែក​អ៊ីដ្រូសែន​នេះ គឺជា​ផលិតផល​ក្នុងស្រុក​សុទ្ធសាធ និង​បង្កើត​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងជើង​ផ្ទាល់​។ សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ក៏បាន​បង្ហាញ​រូបលោក គីម ជុង​អ៊ុន ត្រួតពិនិត្យ​គ្រាប់បែក​ថ្មី​នេះដែរ​។​
 
​ចាប់តាំងពី​ឆ្នាំ​២០០៦ កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​ចំនួន​៥​ដង​ហើយ ដោយ​ក្នុង​ឆ្នាំ​២០១៦ របប​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​បាន​សាកល្បង​នុយក្លេអ៊ែរ​ដល់​ទៅ​ពីរដង​។ កូរ៉េខាងជើង​បាន​ប្រឹងប្រែង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន​យ៉ាងខ្លាំង ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ ដោយសារ​មហិច្ឆតា​នេះ កូរ៉េខាងជើង​ក៏​រង​ទណ្ឌកម្ម​មិនតិច​ដែរ ហើយ​ថ្មីៗ​នេះ​ក៏​ទើបតែ​រង​ទណ្ឌកម្ម​ថ្មី​ទៀត បន្ទាប់ពី​បាន​បាញ់​មី​ស៊ី​ល​ដល់​ទៅ​ពីរលើក​ក្នុង​ខែកក្កដា​៕   
 
  

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com