អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​ប្រកាស​ជោគជ័យ​ការសាកល្បង​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៦
03, Sep 2017 , 2:35 pm        
រូបភាព
 កូរ៉េខាងជើង​បានប្រកាស​ពី​ជោគជ័យ​ក្នុងការ​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​នៅ​ថ្ងៃទី​៣ ខែកញ្ញា​។ នេះ​ជាការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ របស់​កូរ៉េខាងជើង ចាប់តាំងពី​ឆ្នាំ​២០០៦ មក​។ កូរ៉េខាងត្បូង និង​ជប៉ុន សុទ្ធតែ​អះអាងថា​គ្រាប់បែក​អ៊ីដ្រូសែន​នេះ មាន​អានុភាព​ខ្លាំង​ជាង​គ្រាប់បែក​ដែល​សាកល្បង​លើក​មុនៗ​។ គ្រាប់បែក​ដែល​សាកល្បង​នេះ គឺជា​គ្រាប់បែក​ដែល​កូរ៉េខាងជើង​ទើប​ផលិត​បាន​ដោយ​ខ្លួនឯង​។​

 
​រញ្ជួយ​ដី​នៅ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​៣ ខែកញ្ញា គឺ​បណ្ដាលមកពី​ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដ៏​មាន​ឥទ្ធិពល​។ ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថា ការសាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​នៅថ្ងៃនេះ គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​។ នៅមុន​ការប្រកាស​នេះ យោធា​កូរ៉េខាងត្បូង ចាប់​សញ្ញា​នៃ​រលក​រញ្ជួយ​នៅ​តំបន់​សាកល្បង​នុយក្លេអ៊ែរ​នៅឯ​ភាគ​ឦសាន​ប្រទេស ហើយ​ដែល​ខ្លួន​សង្ស័យថា​ជាការ​សាកល្បង​នុយក្លេអ៊ែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​មុន​ការសាកល្បង​នេះ កូរ៉េខាងជើង​ក៏បាន​ចេញផ្សាយ​របាយ​ការ​ពី​គ្រាប់បែក​ថ្មី ដែលមាន​ឥទ្ធិពល​ក្រៃលែង ហើយ​អាច​បំពាក់​លើ​មី​ស៊ី​ល​រំលង​ទ្វីប​ទៀតផង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​ក៏​ផ្សាយ​ដែរ​ថា សមត្ថភាព​ផ្ទុះ​របស់​គ្រាប់​នុយក្លេអ៊ែរ​ថ្មី​នេះ​មាន​កម្រិត​ស្មើ​ការផ្ទុះ​របស់ TNT រាប់រយ​គីឡូតោន ហើយ​អាច​បំផ្ទុះ​នៅ​រយៈកម្ពស់​ខ្ពស់​ទៀតផង​។ គ្រាប់បែក​ថ្មី​នេះ ជា​ស្នាដៃ​អ្នកវិទ្យាសាស្ត្រ​ក្នុងស្រុក ដែល​អាច​ឲ្យ​កូរ៉េខាងជើង​ពង្រឹងសមត្ថភាព​នុយក្លេអ៊ែរ​របស់ខ្លួន​។ 
 
​ជប៉ុន និង​កូរ៉េខាងត្បូង សុទ្ធតែ​បាន​បញ្ជាក់ថា​កូរ៉េខាងជើង​ពិតជា​សាកល្បង​នុយក្លេអ៊ែរ​មែន ពោល​ចាប់តាំងពី​ការចាប់​បាន​រលក​រញ្ជួយ​មកម្ល៉េះ ព្រោះ​ការរញ្ជួយ​នេះ​មាន​កម្រិត​ខ្លាំង​ជាង​ការរញ្ជួយ​លើក​មុនៗ​។ ចាប់តាំងពី​ឆ្នាំ​២០០៦ កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​ចំនួន​៥​ដង​រួចហើយ ដោយ​ក្នុង​ឆ្នាំ​២០១៦ របប​កុម្មុយនីស្ត​ឯកោ​មួយ​នេះ​បាន​សាកល្បង​នុយក្លេអ៊ែរ​ដល់​ទៅ​ពីរដង​។ កូរ៉េខាងជើង​បាន​ប្រឹងប្រែង​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់ខ្លួន​យ៉ាងខ្លាំង ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ 
 
​ដោយសារ​មហិច្ឆតា​នេះ កូរ៉េខាងជើង​ក៏​រង​ទណ្ឌកម្ម​មិនតិច​ដែរ ហើយ​ថ្មីៗ​នេះ​ក៏​ទើបតែ​រង​ទណ្ឌកម្ម​ថ្មី​ទៀត បន្ទាប់ពី​បាន​បាញ់​មី​ស៊ី​ល​ដល់​ទៅ​ពីរលើក​ក្នុង​ខែកក្កដា​។ គេ​រំពឹងថា​ការសាកល្បង​គ្រាប់​នុយក្លេអ៊ែរ​លើក​នេះ នឹង​នាំ​ឲ្យ​កូរ៉េខាងជើង​រង​ទណ្ឌកម្ម​ទៀត​មិន​ខាន ព្រោះ​រដ្ឋ​ឯកា​មួយ​នេះ​មិន​ស្ដាប់​អន្តរជាតិ ចូលចិត្ត​បង្ករឿង និង​ធ្វើ​ទង្វើ​ប្រឆាំង​ការសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​ហាម​ការសាកល្បង​គ្រាប់​នុយ​ក្ល​អ៊ែរ​។​
 
​ម្យ៉ាងទៀត​នោះ កូរ៉េខាងជើង​ក៏​កំពុងតែ​ផ្ចាញ់ផ្ចាល​អាមេរិក ដែល​គំរាម​ប្រើ​កម្លាំង​ទ័ព​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់ខ្លួន​នោះ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្លាប់​ព្រមាន​ជាច្រើនលើក​ហើយ​ថា លោក​អស់​ការអត់ធ្មត់​នឹង​កូរ៉េខាងជើង​ហើយ ហើយ​ការចរចា​ក៏​មិនមែនជា​ច្រកចេញ​នៃ​វិបត្តិ​នេះដែរ​។ ជារឿយៗ លោក ត្រាំ តែង​គំរាម​វាយប្រហារ​កូរ៉េខាងជើង បើ​រដ្ឋ​នេះ​មិន​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​នោះ​៕   
 
  

Tag:
 កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com