ជាតិ
​​​ន​យោ​បាយ​ជាតិ​
​អ្នកនាំពាក្យ​ទូត​អាមេរិក​៖ យើង​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការចាប់ខ្លួន​ឯ​.​ឧ កឹម សុខា ដែលជា​មេដឹកនាំ​ប្រឆាំង​គួរ​ឲ្យ​គោរព​
03, Sep 2017 , 4:42 pm        
រូបភាព
លោក Arend Zwartjes និងស្លាកស្ថានទូតអាមេរិក​
លោក Arend Zwartjes និងស្លាកស្ថានទូតអាមេរិក​
ដោយ:
 
​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា បាន​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។

 
​លោក Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​សារ​អេ​ឡិច​ត្រ​និក​យ៉ាងខ្លី​បែបនេះ​ថា​៖« យើង​បានកត់សម្គាល់​ដោយ​ក្តីបារម្ភ​យ៉ាងខ្លាំង​ដែល​រដ្ឋាភិបាល​កម្ពុជា ចាប់ខ្លួន​ឯកឧត្តម កឹម សុខា ដែលជា​មេដឹកនាំ​ប្រឆាំង​ដ៏​គួរ​ឲ្យ​គោរព ជុំវិញ​ការចោទប្រកាន់​ជាច្រើន ដែល​យើង​មើលឃើញថា ជា​រឿង​នយោបាយ​»​។​
 
​អ្នកនាំពាក្យ​ទី​ស្តី​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា គឺ​រដ្ឋាភិបាល​មាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​បញ្ជាក់ថា ឯកឧត្តម​ពិតជា​បាន​ប្រព្រឹត្ត​កំហុស​។ លោក ស៊ី​ផាន ក៏​ថ្លែង​ការពារ​រដ្ឋាភិបាល​ទៀតថា រដ្ឋាភិបាល​កម្ពុជា ធ្វើបែបនេះ ដើម្បី​ការពារ​អធិបតេយ្យ និង​សន្តិភាព ដោយ​មិន​ឲ្យ​បរទេស​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។ 
ជាមួយគ្នានេះ លោក ផៃ  ស៊ីផាន ហាក់​មានសុ​ទិដ្ឋិ​និយម​ថា ការ​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា នេះ នឹងមិនប៉ះពាល់ដល់​ទំនាក់ទំនង​កម្ពុជា និងអាមេរិក​នោះទេ។ « ខ្ញុំុយល់ថា វាមិនមែន​ជាគោល​នយោបាយរបស់លោកប្រធានាធិបតីអាមេរិកទេ ដែលលូកដៃចូលក្នុង​កិច្ចការផ្ទៃក្នុងកម្ពុជា។ តែវាជារឿងរបស់ក្រុមសម្ងាត់ ឬអង្គការចាត់តាំងណាមួយនៅអាមេរិក ដែលជួយ ឯកឧត្តម កឹម សុខា ដើម្បី​ផ្តួល​រំលំរដ្ឋាភិបាល​កម្ពុជា»។ នេះជាការបញ្ជាក់របស់​លោក ផៃ ស៊ីផាន។

​សូមបញ្ជាក់ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា នៅ​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃទី​២ ចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ នៅផ្ទះ​របស់លោក​នៅ​សង្កាត់​បឹងកក់ ២ ខណ្ឌទួលគោក​។ 
 
​ក្រោយ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បកស្រាយ​ដោយ​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ថា ជា​ជន​ក្បត់ជាតិ ដែល​ស្តាប់​បញ្ជា​អាមេរិក ដើម្បី​ធ្វើ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​។ សម្តេច​លើកឡើង​ដូច្នេះ ដោយ​សម្តេច​យោងទៅលើ​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា កាលពី​ឆ្នាំ ២០១៣ នៅ​ប្រទេស​អូស្ត្រាលី នៅក្នុង​វីដេអូ​ឃ្លី​ប  ដែល​ត្រូវបាន​ផ្សាយ​ដោយ​បណ្តាញ​មួយ ឈ្មោះ CBN (Cambodian Broadcasting Network)​។ 

Tag:
 កឹម សុខា​
  Arend Zwartjes
  ទូត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com