ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុម​មេធាវី​បាន​ជួប​ឯកឧត្តម កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ហើយ​
04, Sep 2017 , 1:44 pm        
រូបភាព
ក្រុមមេធាវីការពារឯកឧត្តម កឹម សុខា (រូប​ផ្តល់ដោយ​ កញ្ញា កឹម មនោវិទ្យា)
ក្រុមមេធាវីការពារឯកឧត្តម កឹម សុខា (រូប​ផ្តល់ដោយ​ កញ្ញា កឹម មនោវិទ្យា)
ដោយ:

​កូនស្រី​ច្បង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កញ្ញា កឹម មនោ​​វិទ្យា​ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុម​មេធាវី​របស់ឪពុក​​នាង​ ចំនួន ៥ នាក់ ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ជួប​ឯកឧត្តម កឹម សុខា ហើយ នៅមុននេះ​បន្តិច នៅឯ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ស្រុក​ពញ្ញា​ក្រែក ខេត្ត​ត្បូងឃ្មុំ​។ 
 
​ក្រុម​មេធាវី​ដែល​ការពារ​ឯកឧត្តម កឹម សុខា ទាំង ៥ នាក់​នោះ មានដូចជា លោក សំ សុ​គង់ លោក ចាន់ ចេ​ន លោក ហែម សុជាតិ លោក ផែង ហេ​ង និង​លោកស្រី ម៉េង សុធា​រី​។ 
 
​លោក សំ សុ​គង់ ដែល​កំពុង​តែមាន​វត្ត​មាននៅ​ព​ន្ធា​នារ​គារ ត្រពាំង​ផ្លុ​ង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រុម​ធា​វី​របស់​ឯកឧត្តម កឹម សុខា បាន​ជួប​ឯកឧត្តម ម្តង​ហើយ កាលពី​ព្រឹក​មិញ និង​ជួប​ម្តងទៀត នៅ​រសៀល​នេះ​។ « កាលពី​ព្រឹក​មិញ ពី​ម៉ោង ១០ កន្លះ ដល់​ម៉ោង​ជិត ១២ យើង​បាន​ជួប​គាត់ តែ​យើង​បានត្រឹមតែ​សួរសុខទុក្ខ និង​សួរ​ពាក់ព័ន្ធ​ផ្លូវច្បាប់​ខ្លះ​ប៉ុណ្ណោះ ព្រោះ​វា​ស្ថិតនៅ​ដំណាក់កាល​ឃាត់ខ្លួន ហើយ​នៅ​ម៉ោង ២ រសៀល​នេះ ជា​ដំណាក់កាល​សួរចម្លើយ យើង​នឹងមាន​វត្តមាន​ជាមួយ​ឯកឧត្តម​ដែរ នៅពេល​ព្រះរាជអាជ្ញា​សួរចម្លើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក សំ សុ​គង់​។​
 
​លោក​មេធាវី សុ​គង់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅពេលនេះ​ស្ថានភាព​សុខភាព​ឯកឧត្តម កឹម សុខា មិនសូវ​ល្អ​នោះទេ ដោយសារ​នៅមុន​ពេល​អាជ្ញាធរ​ឃាត់ខ្លួន លោក​មាន​ជំងឺ ហើយ​ត្រូវ​លេបថ្នាំ​ជាប្រចាំ​។ លោក​មេធាវី បន្ថែម​យ៉ាងនេះ​ថា​៖«​ម្យ៉ាងទៀត​លោក​មាន​សម្ពាធ​ផ្លូវចិត្ត ដោយសារ​មិនបាន​ជួប​ជា​អ្នកគាំទ្រ និង​គិតពី​គណបក្ស ព្រមទាំង​មិនបាន​ជួប​ក្រុមគ្រួសារ​»​។ 

​សូមបញ្ជាក់ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា នៅ​ពាក់​កណ្តាលអធ្រាត្រ​ថ្ងៃទី​២ ចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ នៅផ្ទះ​របស់លោក​នៅ​សង្កាត់​បឹងកក់ ២ ខណ្ឌទួលគោក​។ ក្រោយការ​ចាប់​ខ្លួន​ប្រធានគណបក្ស​សង្គ្រោះជាតិ​ ​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង ចំពោះការ​ចាប់​ខ្លួន​នេះ​។  លោក Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​សារ​អេ​ឡិច​ត្រ​និក​យ៉ាងខ្លី​បែបនេះ​ថា​៖« យើង​បានកត់សម្គាល់​ដោយ​ក្តីបារម្ភ​យ៉ាងខ្លាំង​ដែល​រដ្ឋាភិបាល​កម្ពុជា ចាប់ខ្លួន​ឯកឧត្តម កឹម សុខា ដែលជា​មេដឹកនាំ​ប្រឆាំង​ដ៏​គួរ​ឲ្យ​គោរព ជុំវិញ​ការចោទប្រកាន់​ជាច្រើន ដែល​យើង​មើលឃើញថា ជា​រឿង​នយោបាយ​»​។​

កាលពីថ្ងៃទី ៣ ខែកញ្ញា នៅពេល​ជួប​ជាមួយកម្មករ​ កម្មការិនី នៅមជ្ឈមណ្ឌល​កោះពេជ្រ​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បកស្រាយ​មូល​ហេតុ​ដែល​ចាប់​ខ្លួន​ឯកឧត្តម កឹម សុខា​ដោយ​ក្នុងនោះ​សម្តេច​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ថា ជា​ជន​ក្បត់ជាតិ ដែល​ស្តាប់​បញ្ជា​អាមេរិក ដើម្បី​ធ្វើ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​។ សម្តេច​លើកឡើង​ដូច្នេះ ដោយ​សម្តេច​យោងទៅលើ​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា កាលពី​ឆ្នាំ ២០១៣ នៅ​ប្រទេស​អូស្ត្រាលី នៅក្នុង​វីដេអូ​ឃ្លី​ប  ដែល​ត្រូវបាន​ផ្សាយ​ដោយ​បណ្តាញ​មួយ ឈ្មោះ CBN (Cambodian Broadcasting Network)​។ 

អ្នកនាំពាក្យ​ទី​ស្តី​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​កាលពី​ថ្ងៃទី ៣ ខែកញ្ញាថា ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា គឺ​រដ្ឋាភិបាល​មាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​បញ្ជាក់ថា ឯកឧត្តម​ពិតជា​បាន​ប្រព្រឹត្ត​កំហុស​។ លោក ស៊ី​ផាន ក៏​ថ្លែង​ការពារ​រដ្ឋាភិបាល​ទៀតថា រដ្ឋាភិបាល​កម្ពុជា ធ្វើបែបនេះ ដើម្បី​ការពារ​អធិបតេយ្យ និង​សន្តិភាព ដោយ​មិន​ឲ្យ​បរទេស​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។ 
 
ជាមួយគ្នានេះ លោក ផៃ  ស៊ីផាន ហាក់​មានសុ​ទិដ្ឋិ​និយម​ថា ការ​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា នេះ នឹងមិនប៉ះពាល់ដល់​ទំនាក់ទំនង​កម្ពុជា និងអាមេរិក​នោះទេ។ « ខ្ញុំុយល់ថា វាមិនមែន​ជាគោល​នយោបាយរបស់លោកប្រធានាធិបតីអាមេរិកទេ ដែលលូកដៃចូលក្នុង​កិច្ចការផ្ទៃក្នុងកម្ពុជា។ តែវាជារឿងរបស់ក្រុមសម្ងាត់ ឬអង្គការចាត់តាំងណាមួយនៅអាមេរិក ដែលជួយ ឯកឧត្តម កឹម សុខា ដើម្បី​ផ្តួល​រំលំរដ្ឋាភិបាល​កម្ពុជា»។ នេះជាការបញ្ជាក់របស់​លោក ផៃ ស៊ីផាន។

Tag:
 កឹម សុខា
  សំ សុគង់
  កឹម មនោវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com