ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា គ្រោង​ប្រជុំ​ជាបន្ទាន់​លើករណី​ឯកឧត្តម កឹម សុខា​
05, Sep 2017 , 2:47 pm        
រូបភាព
លោក ឡេង​ ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា
លោក ឡេង​ ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា
​ភ្នំពេញ​៖ រដ្ឋសភា នឹង​ប្រជុំ​ពី​ករណី​របស់​ឯកឧត្តម កឹម សុខា​។ គម្រោង​នៃ​ការប្រជុំ គឺធ្វើឡើង​ក្រោយ​រដ្ឋសភា  ទទួលបាន​របាយការណ៍​ពី​តុលាការ ពាក់ព័ន្ធ​នឹង​ករណី​ចាប់ខ្លួន​និង​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​។

 

 
​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២0១៧​នេះ តុលាការ បាន​បញ្ជូន​របាយការណ៍​ពាក់ព័ន្ធ​នឹង​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ  ទៅកាន់​រដ្ឋសភា​។ ការបញ្ជូន​របាយការណ៍​នេះ ទៅកាន់​រដ្ឋសភា គឺធ្វើឡើង​ភ្លាមៗ​ក្រោយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​បទល្មើស​នេះ គឺ​ស្ថិតក្នុង​អំពើ​ក្បត់ជាតិ​។ ក្រោយ​ទទួលបាន​របាយការណ៍​ហើយ រដ្ឋសភា ចាំបាច់​ត្រូវ​បើកប្រជុំ ដើម្បី​ដោះស្រាយ​ពី​ប​ញ្ហ​នេះ​។

​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​និង​ជា​អគ្គលេខាធិការ​រដ្ឋសភា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដោយសារតែ​ករណី​រប​ស់​ឯកឧត្តម កឹម សុខា គឺ​ស្ថិតក្នុង​បទល្មើស​ជាក់ស្តែង ដូច្នេះ រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ជាបន្ទាន់​។ យ៉ាង​ក៏ដោយ លោក មិនទាន់​អាច​បញ្ជាក់​នោះទេ ថា​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នេះ នឹង​ធ្វើឡើង​នៅពេលណា​។

​លោក ឡេង ប៉េងឡុង លើកឡើងថា កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ អាច​នឹង​កំណត់​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា​។ បើតាម លោក ឡេង ប៉េងឡុង កិច្ចប្រជុំ​រដ្ឋសភា អាច​នឹងមាន​ការបោះឆ្នោត ដើម្បី​ស្នើ​ឲ្យ​តុលា​ការផ្អាក​ចំណាត់ការ ហើយ​ដោះលែង​ឯកឧត្តម កឹម សុខា​។ ប៉ុន្តែ លោ សង្កត់ធ្ងន់ថា ដើម្បី​ឲ្យ​តុលាការ​ផ្អាក​ចំណាត់​លើ​ឯកឧត្តម កឹម សុខា លុះត្រាតែ​សមាជិក​រដ្ឋសភា​ទាំងអស់ បោះឆ្នោត​គាំទ្រ​ដោយ​សំឡេង ៣​ភាគ​៤ ដែល​ស្មើនឹង​៩៣​រូប ក្នុងចំណោម​សមាជិក​រដ្ឋសភា​ទាំង​១២៣​រូប​។ លោក បន្ថែមថា ប្រសិនបើ​សំឡេងគាំទ្រ មិន​គ្រប់​៣​ភាគ​៤ ឬ​៩៣​រូប​នោះទេ តុលាការ អាច​បន្ត​នីតិវិធី​របស់ខ្លួន ដោយ​ស្វ័យប្រវត្តិ​តែម្តង​។​

​អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ និយាយ​ដូច្នេះ​ថា​៖«​បើ​បាន​៣​ភាគ​៤ គឺ​តុលាការ ត្រូវតែ​ផ្អាក​ហើយ​។ តែបើ​មិនបាន គឺ​តុលាការ ត្រូវ​បន្ត​នីតិវិធី​ទៀត​»​។

​សូមបញ្ជាក់ថា ឯកឧត្តម កឹម សុខា ត្រូវបាន​ព្រះរាជអាជ្ញា ចោទប្រកាន់​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២0១៧​នេះ ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​»​។ បច្ចុប្បន្ន ឯកឧត្តម កឹម សុខា កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ខេត្ត​ត្បួ​ង​ឃ្មុំ​៕  



Tag:
 កឹម សុខា​
  សភា
© រក្សាសិទ្ធិដោយ thmeythmey.com