ជាតិ
សេដ្ឋកិច្ច
កម្ពុជា ស្នើអាស៊ាន និងអ្នកពាក់ព័ន្ធ រួមគ្នាធ្វើឲ្យសុខភាព សុវត្ថិភាពការងារកម្មករនិយោជិកក្នុងតំបន់ប្រសើរ រូបភាពពីហ្វេសប៊ុកក្រសួងការងារ
× ក្រសួងការងារកម្ពុជា បានស្នើសុំឲ្យសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ បន្តខិតខំជួយគ្នា ដើម្បីឲ្យសម្រេចបាននូវភាពជោគជ័យ ទៅតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព សុវត្ថិភាពការងារ និងសុខមាលភាពរបស់កម្មករនិយោជិតក្នុងតំបន់អាស៊ាន។ ការស្នើនេះ ធ្វើឡើងក្នុងសន្និសីទលើកទី២១ ស្ដីពីសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ និងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីទទួលបន្ទុកវិស័យការងារអាស៊ាន ស្ដីពីសុខភាព និងសុវត្ថិភាពការងារ ដែលបានរៀបចំកាលពីថ្ងៃទី៣ កញ្ញា នៅសាលមហាស្រប និងមជ្ឈមណ្ឌលពិព័រណ៌សេន(sands Expo & Convention Center) ប្រទេសសិង្ហបុរី។
សន្និសីទ និងកិច្ចប្រជុំពិសេស រៀបចំក្នងគោលបំណងពិភាក្សាលើវឌ្ឍភាព និងការប្ដេជ្ញាចិត្តរបស់បណ្ដាប្រទេសសមាជិកអាស៊ាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព សុវត្ថិភាពការងារ និងសុខមាលភាពរបស់កម្មករ និយោជិក ក្នុងតំបន់អាស៊ាន។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងកាងារ នៅថ្ងៃទី៤ កញ្ញា ២០១៧។
រដ្ឋមន្ត្រីនៃវិស័យការងារសមាជិកអាស៊ាន បានប្តេជ្ញាចិត្តគាំទ្រសេចក្ដីព្រាង សេចក្ដីថ្លែងការណ៍រួម ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព សុវត្ថិភាពការងារ និងសុខមាលភាពរបស់កម្មករនិយោជិតក្នុងតំបន់អាស៊ាននេះ ក្នុងនោះក៏មានកម្ពុជាដែរ។ រដ្ឋលេខាធិការក្រសួងកាងារ លោក ហ៊ុយ ហានសុង បានលើកឡើងពីសារសំខាន់ នៃគោលនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជាដាក់ចេញ ក្នុងនោះផែនការមេរបស់នាយកដ្ឋានពេទ្យការងារ ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខភាព និងសុវត្ថិភាពការងារ ដើម្បីកាពរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
បើតាមទំព័រហ្វេសប៊ុកក្រសួងការងារដដែល សេចក្តីថ្លែងការណ៍នេះ បានដាក់ចេញគោលដៅមួយចំនួនដើម្បីអនុវត្ត មានដូចជា លើកកម្ពស់ស្តង់ដារសុវត្ថិភាពការងារ និងសុខភាព (OSH)។ បង្កើតឡើងនូវលទ្ធភាព និងសមត្ថភាពអធិការកិច្ចលើសុវត្ថិភាពការងារ និងសុខភាព ដើម្បីធានាឱ្យបានថាក្រុមអធិការកិច្ចពិតជាមានធនធាន និងជំនាញគ្រប់គ្រាន់ក្នុងការជម្រុញការគោរពប្រតិបត្តិបទប្បញ្ញត្តិច្បាប់ស្ដីពីសុវត្ថិភាពការងារ និងសុខភាព។ ពង្រឹងលទ្ធភាព ក្នុងការគ្រប់គ្រងហានិភ័យផ្សេងៗ ក្នុងសហគមន៍អាស៊ាន។ ពង្រីកការប្រមូលទិន្នន័យសុខភាពការងារ និងសុវត្ថិភាព។ លើកកម្ពស់ការចែករំលែកបទពិសោធន៍ ការអនុវត្តយ៉ាងល្អប្រសើរ និងចំណេះដឹងលើសុវត្ថិភាពការងារ និងសុខភាព។ លើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ លទ្ធភាពរបស់ផ្នែកឯកជន ខាងសុវត្ថិភាពការងារ និងសុខភាព។ លើកទឹកចិត្តឲ្យអង្គការនិយោជក និងនិយោជិត ចូលរួមឲ្យបានសស្រាក់សស្រាំ និងបង្កើនការសហការជាមួយដៃគូដែលតែងតែផ្ដល់នូវជំនួយក្នុងការលើកកម្ពស់សុវត្ថិភាពការងារ និងសុខភាព ដូចជាអង្គការអន្តរជាតិខាងការងារ និងប្រទេសបូកបីរបស់អាស៊ាន ៕
Tag:
ការងារ
កម្មករ
សុខភាព-សុវត្ថិភាព
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com