កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង និង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​កៅអី​ទៅ World Cup ខណៈ​អូស្ត្រាលី និង​ស៊ី​រី ត្រូវ​ប្រជែង​គ្នា​នៅ Playoff
06, Sep 2017 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង និង​អា​រ៉ា​ប៊ី​សា​អូឌីត បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពូ​ល​រៀងៗ​ខ្លួន ដើម្បី​ទទួលបាន​កៅអី​២​បន្ថែមទៀត​ក្នុង​កូតា​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) សម្រាប់​ការប្រកួត​ដណ្តើមពាន​រង្វាន់​ពិភពលោក (World Cup) ឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​។ ស៊ី​រី និង​អ៊ីរ៉ង់ បញ្ចប់​ចំណាត់ថ្នាក់​លេខ​៣ ត្រូវ​ប្រជែង​គ្នា​ពីរ​ជើង​សម្រាប់​ការប្រកួត Playoff​។​



​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង ទទួលបាន​១​ពិន្ទុ​បន្ថែមទៀត ក្រោយ​ស្មើ ០-០ ជាមួយ​ម្ចាស់ផ្ទះ​អ៊ូ​បេ​គី​ស្ថាន សម្រាប់​ការប្រកួត​នៅក្នុង​ពូ​ល A  ដើម្បី​ទទួលបាន​កៅអី​ទៅកាន់​ព្រឹត្តិការណ៍ World Cup 2018 នៅ​រុស្ស៊ី រួមជាមួយ​អ៊ីរ៉ង់ ដែលជា​ក្រុម​កំពូល​តារាង​។

​កាលពី​ថ្ងៃទី​១២ ខែមិថុនា អ៊ីរ៉ង់ មានឈ្មោះ​ឡើង​ដោយ​ស្វ័យប្រវត្តិ​រួចហើយ​ក្នុងនាម​ជា​ក្រុម​កំពូល​តារាង​ពូ​ល A ហើយ​សម្រាប់​ការប្រកួត​ចុងក្រោយ​នៅលើ​ទឹកដី​របស់ខ្លួន ពួកគេ​ធ្វើ​ឲ្យ​ស៊ី​រី តាម​ស្មើ ២-២ នៅ​នាទីចុងក្រោយ​។ ការទទួលបាន​១​ពិន្ទុ​បន្ថែម​របស់​ស៊ី​រី ជួយ​ឲ្យ​ពួកគេ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូ​ល ដោយមាន​ប្រៀប​លើ​អ៊ូ​បេ​គី​ស្ថាន ខណៈ​ពួកគេ​មាន​១៣​ពិន្ទុ​ស្មើគ្នា​។​

​សម្រាប់​ពូ​ល​B វិញ អា​រ៉ា​ប៊ី​សា​អូឌីត បាន​យកឈ្នះ​ក្រុម​កំពូល​តារាង ជប៉ុន ១-០ ដើម្បី​កក់​សំបុត្រ​ទៅ​រុស្ស៊ី​ជាមួយគ្នា​។ ប៉ុន្តែ​នេះ​ជា​ជ័យជម្នះ​ដែល​ផ្តល់នូវ​ការខកចិត្ត​សម្រាប់​អូស្ត្រាលី បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ថៃ ២-១ នៅ​ទីក្រុង​មែ​ល​ប៊​ន​។ អា​រ៉ា​ប៊ី​សា​អូឌីត តោង​ជាប់​ចំណាត់ថ្នាក់​លេខ​២ ដោយមាន​១៩​ពិន្ទុ​ស្មើ​អូស្ត្រាលី ប៉ុន្តែ​មានប្រៀប​លើ​ចំនួន​គ្រាប់​ស៊ុត​បញ្ចូល​ទី ដែល​លើស​២​គ្រាប់​។​

​ខណៈដែល​កូរ៉េខាងត្បូង អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវ​បន្តដំណើរ​ទៅ​ជុំ​ចុងក្រោយ​នៅ​រុស្ស៊ី ជាមួយ​អ៊ីរ៉ង់ និង​ជប៉ុន​សម្រាប់​កូតា AFC ក្រុម​អូស្ត្រាលី និង​ស៊ី​រី ត្រូវ​ប្រជែង​គ្នា​នៅ​វគ្គ Playoff ចំនួន​២​ជើង​។ ក្រុម​ដែលមាន​ប្រៀប នឹង​ឡើង​បន្តទៅ​ប៉ះ​ជាមួយ​ក្រុម​លេខ​៤​នៅ​តំបន់ CONCACAF សម្រាប់​ការប្រកួត​ជម្រុះ Intercontinental play-offs ដើម្បី​ប្រជែង​កៅអី​១​ទៀ​តទៅ​រុស្ស៊ី​។​

​ក្រៅពី​ក្រុម​ពី AFC ចំនួន​៤ (​អ៊ីរ៉ង់ ជប៉ុន អា​រ៉ា​ប៊ី​សា​អូឌីត និង​កូរ៉េខាងត្បូង​) និង​ម្ចាស់ផ្ទះ​រុស្ស៊ី ក្រុម​ផ្សេងទៀត​ដែល​ទទួលបាន​កៅអី​សម្រាប់​ព្រឹត្តិការណ៍ World Cup រួមមាន ម្ចាស់​ជើងឯក​៥​សម័យកាល ប្រេ​ស៊ី​ល ម៉ិ​ក​ស៊ិ​ក និង​បែលហ្ស៊ិក​៕


Tag:
 បាល់ទាត់​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com