ជាតិ
ក្រៅពីមិនអាចចាកចេញពីកម្ពុជា អ្នកគ្រប់គ្រង ខេមបូឌា ដេលី រងបណ្តឹង២ថែមទៀត
× ភ្នំពេញ៖ មន្ត្រីពន្ធដារ បានប្តឹងអ្នកគ្រប់គ្រងនៃកាសែត ខេមបូឌា ដេលី ទៅកាន់តុលាការ ពាក់ព័ន្ធនឹងការមិនបង់ពន្ធជាង ៦លានដុល្លារ ជូនរដ្ឋ។ ពួកគេ ក៏មិនអាចចាកចេញពីកម្ពុជាដែរ បើមិនទាន់ទូទាន់បំណុលពន្ធឲ្យរួចរាល់ ជាមួយរដ្ឋ ជាមុន។
អ្នកគ្រប់គ្រងបីរូបនៃកាសែត ខេមបូឌា ដេលី (The Cambodia Daily) ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្តឹងទៅតុលាការ ទាក់ទងនឹងការមិនបង់ពន្ធជាង ៦លានដុលា្លរ ជូនរដ្ឋ។ បើតាមបណ្តឹង ដែលដាក់ជូនតុលាការ អ្នកគ្រប់គ្រងនៃកាសែត ខេមបូឌា ដេលី ទាំងបីរូបនោះគឺ លោកស្រី Deborah Krisher Steele មានតួនាទីជាកម្មសិទ្ធិករ លោក Douglas Eric Steele មានតួនាទីជាបណ្ណាធិការ និងលោក Bernard Krisher មានតួនាទីជាចាងហ្វាងសារព័ត៌មាន។
នៅក្នុងបណ្តឹង អគ្គនាយកដ្ឋានពន្ធដារ បានរៀបរាប់ពីកំហុសរបស់កាសែត ខេមបូឌា ដេលី ដែលមិនបានបង់ពន្ធជូនរដ្ឋ។ អគ្គនាយករដ្ឋានពន្ធដារ ដែលមានអគ្គនាយករង គឺលោក វ៉ាន់ ពុទ្ធិពល ជាអ្នកតំណាងក្នុងការប្តឹង បានប្រាប់តុលាការយ៉ាងដូច្នេះថា៖«ក្រុមហ៊ុន Bernard Krisher Jimushi Co, ltd. [កាសែតខេមបូឌា ដេលី] បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ១៩៩៣ ហើយមិនបានមកចុះបញ្ជីនិងបំពេញកាតព្វកិច្ចសារពើពន្ធ គឺជាការប្រព្រឹត្តអំពើរាំងស្ទះការអនុវត្តបទបញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ»។ ដូច្នេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្តឹងអ្នកទាំងបី ពីបទ «គេចវេះពន្ធ និងការប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទបញ្ញត្តិស្តីពីពន្ធដារ»។
តាមរយៈបណ្តឹង អគ្គនាយកដ្ឋានពន្ធដារ បានស្នើឲ្យតុលាការផ្តន្ទាទោស អ្នកទាំងបី ទៅតាមច្បាប់។ ប៉ុន្តែ អគ្គនាយកដ្ឋានពន្ធដារ ពុំបានទាមទារឲ្យអ្នកទាំងបី ត្រូវបង់ប្រាក់ប៉ុន្មាន និងស្នើឲ្យតុលាការ ដាក់ទោសប៉ុន្មានឆ្នាំ នោះទេ។
ដោយឡែក អគ្គនាយកដ្ឋានពន្ធដារ នៅមានបណ្តឹងមួយផ្សេងទៀត ដែលប្តឹងលោកស្រី Deborah Krisher Steele។ អគ្គនាយកដ្ឋានពន្ធដារ បានប្តឹងលោកស្រី Deborah Krisher Steele ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ដោយទាមទារឲ្យលោកស្រី បង់ប្រាក់ ២សែនដុល្លារ ទុកជាការសងជំងឺចិត្ត។ ដូច្នេះលោកស្រី បានរងបណ្តឹងចំនួនពីរ ពីអគ្គនាយកដ្ឋានពន្ធដារ។
លោកស្រី Deborah Krisher Steele បានប្រាប់សារព័ត៌មានថា ព្រោះមានចេតនានយោបាយចង់បិទចោល ទើបអគ្គនាយកដ្ឋានពន្ធដារ ចោទកាសែត ខេមបូឌា ដេលី ថាជំពាក់ថ្លៃពន្ធ ៦លាន ១សែនដុលា្លរ។ អគ្គនាយកដ្ឋានពន្ធដារ បានអះអាងដូច្នេះក្នុងបណ្តឹងរបស់ខ្លួន ដែលប្តឹងទៅតុលាការ ហើយចាត់ទុកថា ការលើកឡើងរបស់លោកស្រីខាងលើ ថាជាការបរិហារកេរ្តិ៍ជាសាធារណៈ។
លោកស្រី Deborah Krisher Steele ថែមទាំងប្រាប់សារព័ត៌មានទៀតថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើឲ្យបែកធ្លាយរឿងបង់ពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ បានដកស្រង់ប្រសាសន៍របស់លោកស្រីបែបនេះ ហើយបញ្ជូលទៅក្នុងបណ្តឹងរបស់ខ្លួន ដើម្បីធ្វើជាអង្គហេតក្នុងការប្តឹង។ ផ្អែកលើបណ្តឹង អគ្គនាយកដ្ឋានពន្ធដារ បានប្រាប់តុលាការថា ខ្លួនបានបំពេញភារកិច្ចដោយត្រឹមត្រូវទៅតាមច្បប់ ហើយពុំបានដឹងនោះទេ ចំពោះការបែកធ្លាយព័ត៌មានពីរឿងពន្ធដារនេះ។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ក្នុងបណ្តឹងយ៉ាងដូច្នេះថា៖«ទង្វើរបស់លោកស្រី Deborah Krisher Steele ដែលចោទប្រកាន់លើមន្ត្រីអគ្គនាយកដ្ឋានពន្ធដារ គឺជាការបរិហារប្រមាថយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់កិតិ្តយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋ ហើយជាការប្រព្រឹត្តល្មើសទៅនឹងបទបញ្ញត្តិស្តីពីពន្ធដារ ដែលមិនអាចទទួលយកបាន និងអត់ឱនឲ្យបានឡើយ»។
លោកស្រី Deborah Krisher Steele រួមទាំងលោក Douglas Eric Steele ក៏ត្រូវបានរារាំងមិនឲ្យចាកចេញពីកម្ពុជាផងដែរ ដរាបណាកាសែត ខេមបូឌា ដេលី នៅមិនទាន់ពន្ធជាង ៦លានដុល្លារ ជូនរដ្ឋ។ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២0១៧ អគ្គនាយកដ្ឋានពន្ធដារ បានផ្ញើលិខិតទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីសុំឲ្យទប់ស្កាត់ដំណើររបស់ លោកស្រី Deborah Krisher Steele រួមទាំងលោក Douglas Eric Steele ក្នុងការចាកចេញពីកម្ពុជា។ ចំណែក លោក Bernard Krisher ពុំស្ថិតក្នុងចំណាត់ការរបស់អគ្គនាយកដ្ឋានពន្ធដារនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលត្រូវរារាំងនោះទេ។
សូមបញ្ជាក់ថា កាសែត ខេមបូឌា ដេលី បានប្រកាសបិទការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនទាំងស្រុង នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២0១៧។ ការប្រកាសបិទនេះ គឺស្ថិតក្នុងថ្ងៃចុងក្រោយ ដែលអគ្គនាយកដ្ឋានពន្ធដារ កំណត់ឲ្យកាសែត ខេមបូឌា ដេលី ត្រូវបង់ពន្ធជាង ១លានដុល្លារ ជូនរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com