លោក Jose Mourinho និយាយថា Romelu Lukaku នឹងកើនតម្លៃខ្លួនរហូតដល់ ១៥០ លានផោន ប្រមាណ១៩៥លានដុល្លារ ប្រសិនបើ Manchester United មិនបានទិញរូបគេ ឲ្យបានមុនការចាកចេញរបស់ Neymar ពី Barcelona ទៅចូលរួមជាមួយ Paris Saint-Germain ក្នុងតម្លៃកំណត់ត្រាពិភពលោក ១៩៨លានផោន ប្រហែល២៥៨លានដុល្លារ ទេនោះ។
DailyMail បានផ្សាយថា អ្នកចាត់ការក្រុម Manchester United លោក Mourinho ជឿជាក់ថា ប្រសិនបើទិញ Lukaku យឺតពេលរហូតដល់ថ្ងៃទីផ្សារដោះដូរកីឡាករបិទទ្វារនោះ អតីតសមាជិកក្រុម Chelsea រូបនេះនឹងកើនតម្លៃខ្លួនទ្វេដងពី Everton។
ក្រៅពី Lukaku អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ វ័យ៥៤ឆ្នាំ ក៏បាននាំយក Nemanja Matic ពី Chelsea តម្លៃខ្លួន ៤០លានផោ ប្រមាណ ៥២លានដុល្លារ និងខ្សែការ Victor Lindelof ពី Benfica ក្នុងតម្លៃ ៣០,៧លានផោន ប្រហែល ៤០លានដុល្លារ មកកាន់ទឹកដី Old Trafford នៅដើមរដូវកាលថ្មីនេះ។
Mourinho បាននិយាយនៅក្នុងបទសម្ភាសផ្តាច់មុខជាមួយកាសែត The Times ថា ៖«ខ្ញុំគិតថាយើងពិតជាឆ្លាតណាស់។ បន្ទាប់ពី Neymar ចាកចេញ អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរអស់ ហើយតម្លៃផ្ទេរកីឡាករកាន់តែអាក្រក់ថែមទៀត។ ខ្ញុំគិតថា Lukaku ដែលទិញបានកាលពីថ្ងៃទី ៣១ ខែសីហានោះ នឹងមានតម្លៃខ្លួន ១៩៥ លានដុល្លារ ហើយ Matic អាចកើនដល់ ៧៨លានដុល្លារ ឬ ៩១លានដុល្លារឯណោះ។ Neymar បានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ ប្រសិនបើការផ្លាស់ប្តូរថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រនៅតែជា Pogba ខ្ញុំគិតថា Philippe Coutinho របស់ Liverpool នឹងផ្ទេរទៅ Barcelona ក្នុងតម្លៃ ១០១ លានផោន ស្មើនឹង ១៣១លានដុល្លារបាត់ទៅហើយ»។
សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការទូទៅ Chelsea និង Real Madrid រូបនេះ បានជួយឲ្យក្រុមម្ចាស់ជើងឯក Premier League ២០សម័យកាល នាំមុខគេក្នុងតារាងនៃក្របខណ្ឌលីកកំពូលអង់គ្លេសរដូវកាល ២០១៧-២០១៨ បណ្តោះអាសន្ន ក្រោយឈ្នះទាំង៣ប្រកួតជាប់គ្នាមាន ៩ពិន្ទុ៕