ជាតិ
សេដ្ឋកិច្ច
ការបូមប្រេងដំណក់ដំបូង មិនពាក់ព័ន្ធតម្លៃប្រេងសាំងដែលពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃឡើយ!
× កម្ពុជាត្រូវបានរំពឹងថានឹងមានដំណក់ប្រេងឆៅលើកដំបូង [ក្នុងសម័យកាលថ្មីនេះ] នៅចុងឆ្នាំ២០១៩ ឬឆ្នាំ២០២០ បន្ទាប់ពីក្រុមហ៊ុនសិង្ហបុរី Krisenergy បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល កាលពីចុងខែសីហាកន្លងមក។ បន្ទាប់ពីចុះកិច្ចព្រមព្រៀង ក្រុមហ៊ុននេះមានរយៈពេលពីរខែដើម្បីធ្វើការសម្រេចចិត្តចុងក្រោយលើការវិនិយោគគម្រោងមួយនេះនៅប្លុកA ។ បើក្រុមហ៊ុនសម្រេចវិនិយោគជាផ្លូវការ នោះដំណក់ប្រេងនឹងទទួលបានតាមការគ្រោងទុក។
រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្ដិធារ៉ា ឲ្យដឹងថា ការបូមប្រេងដំណក់ដំបូងនេះ មិនមានន័យថាធ្វើឲ្យតម្លៃប្រេងឥន្ធនៈលក់រាយប្រចាំថ្ងៃចុះថោកនោះទេ។ លោកបញ្ជាក់ថា ក្រុមហ៊ុននឹងលក់ប្រេងឆៅទៅទីផ្សារអន្តរជាតិ ខណៈកម្ពុជាក្នុងរយៈពេលខ្លីនិងមធ្យម មិនទាន់មានហេដ្ឋារចនាខ្សែសង្វាក់ឧស្សាហកម្មគាំទ្រការកែច្នៃប្រេងក្នុងស្រុក។
ប៉ុន្តែតម្លៃប្រេងឆ្អិនលើទីផ្សារក្នុងស្រុកអាចនឹងចុះថោកក្នុងកម្រិតណាមួយផងដែរ ដោយយោងទៅលើគម្រោងរោងចក្រចម្រាញ់ប្រេងលើកដំបូងដែលគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០១៩។ នេះជាគម្រោងរបស់ក្រុមហ៊ុនមួយផ្សេងទៀត គឺក្រុមហ៊ុនឯកជនក្នុងស្រុក CPC ដែលបោះទុនដំណាក់កាលដំបូង ៦២០ លានដុល្លារនៅព្រំប្រទល់ខេត្តព្រះសីហនុ និងកំពត។ រោងចក្រនេះគ្រោងនាំចូលប្រេងឆៅពីក្រៅប្រទេសមកចម្រាញ់សម្រេចដើម្បីលក់ក្នុងស្រុក និងនាំចេញ ដោយរំពឹងនឹងកែច្នៃប្រេងបាន ៥លានតោនក្នុងមួយឆ្នាំ នៅពេលដំណាក់កាលទាំងអស់របស់គម្រោងត្រូវបានបញ្ចប់។
រីឯការផ្គត់ផ្គង់របស់ក្រុមហ៊ុន Krisenergy ឲ្យទៅក្រុមហ៊ុន CPC មិនទាន់អាចប្រាកដបាននោះទេ។ លោក ម៉េង សក្ដិធារ៉ា បានបញ្ជាក់នៅក្រោយសិក្ខាសាលាស្ដីពីដំណើរឆ្ពោះទៅប្រទេសផលិតប្រេង នៅថ្ងៃទី៦ខែសីហា ថា វាអាស្រ័យការផ្គូរផ្គងរវាងគុណភាពប្រេងឆៅ និងរោងចក្រ រួមទាំងតម្លៃរបស់ក្រុមហ៊ុនទាំងពីរនេះ។
សូមស្ដាប់ការពន្យល់របស់ លោក ម៉េង សក្ដិធារ៉ា ដូចតទៅ៖
យោងតាមតួលេខពីអគ្គនាយកដ្ឋានប្រេងកាត កម្ពុជាបាននាំចូលប្រេងឥន្ធនៈ ១,៩លានតោននៅឆ្នាំ២០១៥។ ប៉ុន្តែបើតាមជំរឿនស្ថិតិក្នុងឆ្នាំដដែលរបស់ស្ថាប័នមួយនេះ កម្ពុជាមានតម្រូវការប្រេងឥន្ធនៈ ១,៧៨លានតោន៕
Tag:
ម៉េង សក្ដិធារ៉ា
ប្រេងកាត
© រក្សាសិទ្ធិដោយ thmeythmey.com