ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សួង សុ​ភ័​ណ្ឌ ក្លាយជា​ប្រធាន​បក្ស​អំណាច​ខ្មែរ ជំនួស​លោក សួន សេរី​រដ្ឋា​
07, Sep 2017 , 9:59 pm        
រូបភាព
លោក សួន សុភ័ណ្ឌ (កណ្តាល) និងអនុប្រធាន​របស់ខ្លួន ដែល​បាន​ជាប់ឆ្នោត។ រូបថត ហ្វេសប៊ុក Hemrali Kacheat
លោក សួន សុភ័ណ្ឌ (កណ្តាល) និងអនុប្រធាន​របស់ខ្លួន ដែល​បាន​ជាប់ឆ្នោត។ រូបថត ហ្វេសប៊ុក Hemrali Kacheat
​ភ្នំពេញ​៖ លោក សួង សុ​ភ័​ណ្ឌ ដែលជា​អតីត​បេក្ខជន​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ តាមរយៈ​សមាជ​វិសាមញ្ញ​មួយ នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២0១៧ នេះ​។



​ក្រោយ​លោក សួន សេរី​រដ្ឋា ដែលជា​ស្ថាបនិក និង​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន ចាប់ខ្លួន ទាក់ទង​នឹង​ការ​ញុះញង់​កងទ័ព សមាជ​វិសាមញ្ញ ក៏បាន​កើតឡើង នៅ​ព្រឹក​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២0១៧​។ របៀបវារៈ មានតែ​ពីរ​ប៉ុណ្ណោះ នៅក្នុង​អង្គសមាជ​វិសាមញ្ញ​នេះ គឺ​ការជ្រើសរើស​ប្រធាន​និង​អនុប្រធាន​គណបក្ស​ថ្មី​។

​លោក សួង សុ​ភ័​ណ្ឌ ដែល​ពីមុន​មាន​ឋានៈ​ជា​អនុប្រធាន បាន​ក្លាយជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ តាមរយៈ​ការបោះឆ្នោត​របស់​អង្គសមាជ​វិសាមញ្ញ​។ ចំណែកឯ អនុប្រធាន​ថ្មី​នៃ​គណបក្ស​អំណាច​ខ្មែរ ដែល​ត្រូវបាន​ជ្រើសរើស​ក្នុង​អង្គសមាជ​វិសាមញ្ញ មាន​ពីររូប គឺ​លោក ស៊ុយ សា​វិត និង​លោក ប៉ែន ស៊ា​ប ។​

​ក្រោយ​ក្លាយជា​ប្រធាន​គណបក្ស លោក សួង សុ​ភ័​ណ្ឌ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការរៀបចំ​រចនាសម្ព័ន្ធ និង​ពង្រឹង​បញ្ហា​ផ្ទៃក្នុង គឺជា​រឿង​ចាំបាច់ ដែល​ត្រូវធ្វើ​មុនគេ​។ លោក​សង្កត់ធ្ងន់ថា បញ្ហាសំខាន់​មួយទៀត គឺ​ការបែងចែក​ការងារ​នៅក្នុង​គណបក្ស ឲ្យ​បានច្បាស់លាស់​។

​លើសពីនេះ លោក សួង សុ​ភ័​ណ្ឌ ក៏​គ្រោង​ចុះ​ជួប​ប្រជាពលរដ្ឋ​និង​សកម្មជន​នៅតាម​មូលដ្ឋាន​ឲ្យ​បាន​ញឹកញាប់ ផងដែរ​។ បើតាម​លោក សួង សុ​ភ័​ណ្ឌ ការបណ្តុះបណ្តាល​យុ​ជវន​ក៏​ជា គោលការណ៍​ចំណង​ដែរ សម្រាប់​គណបក្ស​អំណាច​ខ្មែរ​។ លោក ជឿថា ការចុះ​ជួប​ប្រជាពលរដ្ឋ និង​ការបណ្តុះបណ្តាល​យុវជន គឺជា​ចំណុច ដែល​ធ្វើ​ឲ្យ​គណបក្ស​អំណាច​ខ្មែរ កាន់​តែមាន​ភាពរឹងមាំ​។ 

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​សង្ឃឹមថា គណបក្ស​អំណាច​ខ្មែរ នឹងមាន​កេរ្តិ៍ឈ្មោះ​ល្អ ហើយ​ល្បីល្បាញ​។ យើង នឹង​ពង្រឹង​ធនធានមនុស្ស​និង​អ្នកដឹកនាំ​ឲ្យ​បាន​ច្រើន​។ ដូច​ខ្ញុំ​ធ្លាប់​និយាយ​អ៊ីចឹង ថា អត់​ពី​សួន សេរី​រដ្ឋា គឺមាន​សួង សុ​ភ័​ណ្ឌ ហើយ​បើ​អត់​សួង សុ​ភ័​ណ្ឌ នឹងមាន​អ្នក​ផ្សេងទៀត​»​។

​លោក សួង សុ​ភ័​ណ្ឌ ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ច្បាប់​និង​វិទ្យាសាស្ត្រ​នយោបាយ ធ្លាប់ជា​មន្ត្រី​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។ កាល​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ លោក ធ្លាប់​ឈរឈ្មោះ​ធ្វើជា​បេក្ខជន​តំណាងរាស្ត្រ​។ តែ​ក្រោយមក លោក ក៏​ប្រកាស​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទៅ​ចុះចូល​ជា​គណបក្ស​អំណាច​ខ្មែរ ដែលមាន​លោក សួន សេរី​រដ្ឋា ជា​អតីត​ប្រធាន​។ ពេល​ចូលរួម​ជាមួយ​គណបក្ស​អំណាច​ខ្មែរ លោក បានទទួល​តំណែង​ជា​អនុប្រធាន​។  ទាំងនេះ​គឺ​ប្រវត្តិ​សង្ខេប ដែ​លោក​សួង សុ​ភ័​ណ្ឌ រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​។

​សូម​រម្លឹកថា ការចាប់ខ្លួន​លោក សួន សេរី​រដ្ឋា គឺជា​មូលហេតុ ដែល​គណបក្ស​អំណាច​ខ្មែរ ត្រូវតែ​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ឡើងវិញ ដើម្បី​បន្តសកម្មភាព​នយោបាយ និង​ដើម្បី​ចូលរួម​ការបោះឆ្នោត​ថ្នាក់ជាតិ នា​ឆ្នាំ​២០១៨​។ លោក សួន សេរី​រដ្ឋា ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​លោក បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែល​សមត្ថកិច្ច​និង​តុលាការ ចាត់ទុកថា​ជាការ​ញុះញង់​កងទ័ព​៕


Tag:
 សួង សុ​ភ័​ណ្ឌ​
  បក្ស​អំណាច​ខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com