ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពលរដ្ឋ​ខ្មែរ​គាំទ្រ​CNRP រស់នៅក្នុង​ប្រទេស​ចំនួន ៧ គ្រោង​ធ្វើបាតុកម្ម​ប្រឆាំង​ការចាប់​ឯ​.​ឧ កឹម សុខា
07, Sep 2017 , 7:08 pm        
រូបភាព
ឯកឧត្តម កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅខេត្តកំពង់ចាម កាលពីខែសីហា ឆ្នាំ ២០១៧។ (រូបពីងហ្វេសប៊ុក​ឯកឧត្តម កឹម សុខា)
ឯកឧត្តម កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅខេត្តកំពង់ចាម កាលពីខែសីហា ឆ្នាំ ២០១៧។ (រូបពីងហ្វេសប៊ុក​ឯកឧត្តម កឹម សុខា)
ដោយ:
ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ស​ង្គោះ​ជាតិ នៅក្នុង​ប្រទេស អូស្ត្រាលី កាណាដា អាមេរិក បារាំង និង​ញូ​ហ្សឺ​លែ​ន គ្រោង​ធ្វើបាតុកម្ម ដើម្បី​ឲ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា​។ នេះ​បើតាម​កញ្ញា កឹម សម្មា​ធីតា កូនស្រី​របស់​ឯកឧត្តម កឹម សុខា​។ អ្នកនាំពាក្យ​រដ្ឋាភិបាល យល់ថា គម្រោង​ធ្វើបាតុកម្ម​នេះ មិន​ប៉ះពាល់​ដល់​កម្ពុជា​នោះទេ​។

 
ប្រជាពលរដ្ឋ​ខ្មែរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រស់នៅ​ប្រទេស​អូស្ត្រាលី កាណាដា បារាំង និង​អាលឺម៉ង់ នឹងធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី ០៩ ខែកញ្ញា ដើម្បី​ប្រឆាំងនឹង​ការចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា​។ ចំណែក​ពលរដ្ឋ​ខ្មែរ​គាំទ្រ​គណបក្ស​នេះ រស់នៅក្នុង​រដ្ឋ​មួយចំនួន​នៃ​សហរដ្ឋអាមេរិក គ្រោង​នឹងធ្វើ​បាតុកម្ម​ដែរ នៅ​ថ្ងៃទី ១០ កញ្ញា​។​ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា កឹម សម្មា​ធីតា កូនស្រីពៅរបស់​ឯកឧត្តម កឹម សុខា។ 
 
​ជាមួយគ្នានេះ បើតាម​កញ្ញា សម្មាធីតា​ ដដែល ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ញូ​ហ្សឺ​លែ​ន ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​បាតុកម្ម​ប្រឆាំង​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា នៅ​ថ្ងៃទី ១៦ ខែកញ្ញា ហើយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បែលហ្ស៊ិក នឹងធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី ១៨ ខែកញ្ញា​។ 
 
​ឆ្លើយតប​នឹង​គម្រោង​ធ្វើបាតុកម្ម​នេះ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណរដ្ឋមន្ត្រី ហាក់​មិន​បារម្ភ​នោះទេ ដោយ​លោក​ចាត់ទុកថា ផែនការ​ធ្វើបាតុកម្ម​នេះ ជា​សិទ្ធិ​របស់​ពួកគេ​។​លោក យល់ថា គម្រោង​ធ្វើបាតុកម្ម​នោះ មិន​ប៉ះពាល់​ដល់​កម្ពុជា​នោះឡើយ ព្រោះ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ រស់នៅ​ក្រៅប្រទេស​។ « នេះ​ជា​សិទ្ធិ​របស់​ពួកគេ ព្រោះ​អ្នក​ទាំងនោះ​ពួកគាត់​គាំទ្រ លោក កឹម សុខា​។ វា​មិន​ប៉ះពាល់​ដល់​កម្ពុជា​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន​។​
 
​តែ​យ៉ាងណា​អ្នកនាំពាក្យ​រូបនេះ ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​គ្រោង​ធ្វើបាតុកម្ម​ទាំងនោះ គួរ​គាំទ្រ​អំពើ​រដ្ឋាភិបាល ដែល​បាន​ការពារ​បូរណភាព អធិបតេយ្យ ដើម្បី​ការពារ​សុខសន្តិភាព​នៅ​កម្ពុជា ជាង​គាំទ្រ​អ្នកមាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​។ លោកបន្ថែម​យ៉ាងនេះ​ថា៖« ពួកគេ​បាតុ​កម្ម​គាំទ្រ​អ្នក​ផ្តួលរំលំរដ្ឋាភិបាល​ ស្មើនឹងចូលរួមផ្តួលរំលរដ្ឋាភិបាលកម្ពុជា។ ពលរដ្ឋទាំងនោះ គួរគាំទ្រអ្នកនៅក្នុង​ប្រទេស​ ដែលខំការពារ​​សន្តិភាព មិនឲ្យបរទេស​​បំផ្លាញ​កម្ពុជា​»។ 
 
​ស្របពេល​ដែល​ព​រដ្ឋ​ខ្មែរ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្រៅ​ប្រទេស គ្រោង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា ពីបទ​ក្បត់ជាតិ ស្ថាប័ន​របស់​រដ្ឋ​ស្ទើរ​ទាំងអស់​នៅ​កម្ពុជា​ឯណេះ​វិញ បានចេញ​លិខិត​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល និង​តុលាការ​លើ​ឯកឧត្តម កឹម សុខា ជា​បន្តបន្ទាប់​។ ស្ថាប័ន​ទាំងនោះ សុទ្ធតែ​ទាមទារ​ឲ្យ​តុលាការ​ដាក់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​ធ្ងន់ធ្ងរ​។ 
 
​កាលពី​យប់​រំលងអធ្រាត្រ ថ្ងៃទី ២ ឈានចូល​ថ្ងៃទី ៣ ខែកញ្ញា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឯកឧត្តម កឹម សុខា នៅផ្ទះ​របស់លោក​ក្នុង​សង្កាត់​បឹងកក់​ពីរ ខណ្ឌ​ទូល​គោក​។ ក្រោយ​ចាប់ខ្លួន អាជ្ញាធរ បាន​បញ្ជូន​ឯកឧត្តម កឹម សុខា ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។ នៅ​ថ្ងៃទី ៥ ខែកញ្ញា អយ្យការ​អម​តុលាការ​ដំបូង បាន​ចោទ​ឯកឧត្តម កឹម សុខា ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ នៅក្នុង​បទ​ចោទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រម​ទណ្ឌ​។ បទ​ចោទ​នេះ ត្រូវ​ជាប់ទោស​ពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ​។ នៅ​ថ្ងៃទី ៦ ខែកញ្ញា តុលាការ​បានសម្រេច​ឃុំខ្លួន ឯកឧត្តម កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​បណ្តោះអាសន្ន​៕

Tag:
 កឹម សុខា​
  ផៃ ស៊ី​ផាន​
© រក្សាសិទ្ធិដោយ thmeythmey.com