កងកម្លាំងមីយ៉ាន់ម៉ាបានអះអាងប្រាប់អ្នកសារព័ត៌មានថា ប្រជាជនរ៉ូហ៊ីងយ៉ា បានដុតផ្ទះសម្បែងខ្លួនឯង ហើយរត់ភៀសខ្លួនពេលសន្តិសុខចេញប្រតិបត្តិការបោសសម្អាតក្រុមប្រដាប់អាវុធដែលបះបោរនៅរដ្ឋ Rakhine។ ការអះអាងបែបនេះ គឺជាការឆ្លើយតបចោទប្រកាន់កន្លងមកដែលថា ទាហានមីយ៉ាន់ម៉ាធ្វើទុក្ខបុកម្នេញនិងដុតបំផ្លាញលំនៅជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
ស្របពេលដែលសហគមន៍អន្តរជាតិបន្តដាក់សម្ពាធឲ្យរដ្ឋាភិបាលស៊ីវិលនៅមីយ៉ាន់ម៉ាដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ាឲ្យបានឆាប់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានចេញមកបកស្រាយបង្ហាញភាពស្អាតស្អំ។ មិនត្រឹមតែប៉ុណ្ណោះទេ គេថែមទាំងអះអាងប្រាប់អ្នកកាសែតថា ប្រជាជនភាគតិចរ៉ូហ៊ីងយ៉ាឯណោះទេដែលដុតផ្ទះសម្បែងខ្លួនឯង និងរត់ភៀសខ្លួននោះ។
ទីភ្នាក់ងារព័ត៌មាន AP ស្ថិតក្នុងចំណោមអ្នកសារព័ត៌មានមួយចំនួនដែលអមដំណើរដោយកងកម្លាំងសន្តិសុខ ដើម្បីទៅកាន់ភូមិ Ah Lel Than Kyaw។ ទីភ្នាក់ងារនេះបានសាកសួរមន្ត្រីប៉ូលិសមូលដ្ឋានពាក់ព័ន្ធបញ្ហាដែលកើតឡើងក្នុងតំបន់ដ៏គ្រោះថ្នាក់នេះ ស្របពេលប្រតិបត្តិការបោសសម្អាតក្រុមបះបោរកំពុងបន្ត។
មន្ត្រីប៉ូលិសម្នាក់ឈ្មោះ Aung Kyaw Moe បានអះអាងដូច្នេះ៖ ពួកគេបានដុតផ្ទះសម្បែងខ្លួនឯងហើយរត់។ យើង មិនឃើញអ្នកណាម្នាក់ជាក់លាក់ដុតឡើយ ព្រោះយើងរវល់ប្រឹងការពារសន្តិសុខនៅទីតាំងរបស់យើង។ ប៉ុន្តែពេលដែលមានផ្ទះសម្បែងឆេះ វាមានតែជនជាតិ Bengali (រ៉ូហ៊ីងយ៉ា) ប៉ុណ្ណោះដែលស្ថិតនៅទីនោះ»។
មីយ៉ាន់ម៉ាចាត់ទុកប្រជាជនភាគតិចឥស្លាមរ៉ូហ៊ីងយ៉ាជាជនជាតិ Bengalis ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីបង់ក្លាដែស។ ដូច្នេះហើយ ជនជាតិរ៉ូហ៊ីងយ៉ាដែលមានចំនួនប្រហែល ១,១លានដុល្លារកំពុងរស់នៅរដ្ឋ Rakhine នោះគ្មានសញ្ជាតិនិងមិនត្រូវគេទទួលស្គាល់ជាជនជាតិស្របច្បាប់ឡើយ។
ដោយឡែក ក្រៅពីបកស្រាយដែលហាក់បីជាទម្លាក់កំហុសលើជនជាតិរ៉ូហ៊ីងយ៉ា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាក៏បានបញ្ជាក់ផងដែរថា ប្រតិបត្តិការបោសសម្អាតក្រុមបះបោរចាប់ពីថ្ងៃ ២៥នោះ បានធ្វើឲ្យមនុស្សស្លាប់ជិត ៤០០នាក់ក្នុងនោះភាគច្រើនជាងក្រុមប្រដាប់អាវុធខុសច្បាប់។ ទាហានរដ្ឋាភិបាលក៏បានចោទផងដែរថា ក្រុមបះបោរជនជាតិរ៉ូហ៊ីងយ៉ាក៏បានដុតផ្ទះសម្បែងប្រជាជនផងដែរ។
សហគមន៍អន្តរជាតិជាពិសេសក្រុមឃ្លាំមើលសិទ្ធិមនុស្សឯណោះវិញ មិនបានទទួលយកការបកស្រាយយករួចខ្លួនរបស់ទាហានមីយ៉ាន់ម៉ានេះទេ។ គេបានបន្ទោសរដ្ឋាភិបាលមីយ៉ាន់ម៉ាជាពិសេសកងទ័ពមីយ៉ាន់ម៉ា និងថែមទាំងបានចោទប្រកាន់ថា ក្រុមនេះបានធ្វើទុកបុកម្នេញលើជនស៊ីវិលដើម្បីធ្វើយ៉ាងណាបង្ខំឲ្យប្រជាជនទាំងនោះរត់ភៀសខ្លូនចេញទៅបង់ក្លាដែស៕