អន្តរជាតិ
ក្នុង​មួយឆ្នាំ ចិន​ជួយ​ប្រជាជន​ខ្លួន​ជា​មធ្យម «១៣.៩ លាន​នាក់​» ឲ្យ​ផុតពី​ភាពក្រីក្រ​
18, Oct 2017 , 5:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ជួយ​ស្រោចស្រង់​ប្រជាជន​យ៉ាងហោចណាស់ ១៣.៩ លាន​នាក់ ឲ្យ​រួច​ផុតពី​ភាពក្រីក្រ​ជា​រៀងរាល់ឆ្នាំ បើ​គិតពី​ឆ្នាំ​២០១២​មក ។ ភាពល្អប្រសើរ​នេះ ត្រូវបាន​បង្ហាញឡើង​តាមរយៈ​ការកើនឡើង​ជាប្រចាំ​នៃ​ចំណូល​របស់​ប្រជាជន​ម្នាក់ៗ​ក្នុង​រយៈពេល​មួយឆ្នាំ ដែលមាន​ចំនួន​រហូតដល់ ១០.៧ ភាគរយ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សារដ្ឋ​ចិន ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ចិន Xinhua នៅ​ថ្ងៃ​២៩ សីហា ។



​លោក Liu Yongfu តំណាង​ឲ្យ​ទីប្រឹក្សា​រដ្ឋ​ចិន បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់​ចិន ថា ទីប្រឹក្សា​រដ្ឋរ​តែងតែមាន​ការយកចិត្ត​ទុក​បំផុត​ក្នុង​កិច្ចការ​កាត់បន្ថយ​ចំនួន​ភាពក្រីក្រ​របស់​ប្រជាជន ហើយ​បួន​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​(2012-2016) រដ្ឋាភិបាល បាន​ជួយ​ស្រោចស្រង់​ប្រជាជន​ឲ្យ​រួច​ផុតពី​បន្ទាត់​នៃ​ភាពក្រីក្រ​យ៉ាងហោចណាស់​១០​លាន​ក្នុង​មួយឆ្នាំ​។

​តំណាង​ទីប្រឹក្សា​រដ្ឋ​ដដែល​នោះ ក៏បាន​ទទួលស្គាល់ថា វា​គឺជា​រឿង​ដ៏​លំបាក​ក្នុងការ​ស្រោចស្រង់​ប្រជាជន​ឲ្យ​ផុតពី​បន្ទាត់​ក្រីក្រ ហើយក៏​ត្រូវ​ចំណាយធនធាន​ច្រើន​ផងដែរ​។ កន្លងមក លោក​អះអាងថា រដ្ឋាភិបាល​ចិន បាន​ចាត់តាំង​មន្ត្រី​ជាង​៧០​ម៉ឺន​នាក់ ដើម្បី​ចុះទៅ​មូលដ្ឋាន ដែលជា​តំបន់​ក្រីក្រ ក្នុង​បេស​សកម្ម​លុបបំបាត់​ភាពក្រីក្រ​តាម​ការងារ​ដែល​ធ្វើទៅបាន​។​

​តំណាង​ទីប្រឹក្សា មិនបាន​បញ្ជាក់ ថា​តើ​មន្ត្រី​ទាំងនោះ បាន​អនុវត្ត​គោលនយោបាយ​ដោយ​របៀប​ណា​ឡើយ ។ ក៏ប៉ុន្តែ​បើតាម​របាយការណ៍ រដ្ឋាភិបាល​ចិន បាន​បង្កើន​ការចំណាយ​ថវិកាជាតិ​លើក​ត្តា​ដែលជា​ប្រភព​នៃ​ភាពក្រីក្រ​របស់​ប្រជាជន​ពី ៣៩.៤ ពាន់​លាន​យន់​នៅ​ឆ្នាំ​២០១៣ ដល់ ៨៦.១ ពាន់​លាន​យន់ នៅ​ឆ្នាំ​២០១៧​នេះ ។

​បើតាម​ប្រភពព័ត៌មាន Xinhua ដដែល​នោះ ចាប់​ប​ពី​ឆ្នាំ ១៩៧៨ ដល់​ឆ្នាំ​២០១៦ មាន​ប្រជាជន​ចិន​ជាង ៧៣០​លាន​នាក់​ហើយ បាន​រួច​ផុតពី​ភាព​ក្រី​ក្រី ។ ហើយ​តាម​ផែនការ​ជាតិ ចិន បានដាក់​គោលដៅ​ក្នុងការ​សម្រេច​កែប្រែ​សង្គម​ចិន​ឲ្យ​ក្លាយជា​សង្គម​មួយ​ដ៏​រុងរឿង​នៅត្រឹម​ឆ្នាំ​២០២០ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល ត្រូវ​លុបបំបាត់​ភាពក្រីក្រ​ឲ្យ​អស់ពី​សង្គម​តែម្តង​។ នេះ ក៏មាន​ន័យ​ដែលថា រដ្ឋាភិបាល​ចិន ត្រូវ​ជួយ​ប្រជាជន​យ៉ាងហោចណាស់​មួយ​លាន​នាក់​ឲ្យ​ផុតពី​ភាពក្រីក្រ​ក្នុង​រយៈពេល​១​ខែ​៕


Tag:
 ចិន​
  គោលនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com