ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម​នៃ​ប្រទេស​GMS ឯកភាពគ្នា​ក្នុង​ការកសាង​ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​តំបន់​
08, Sep 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រី​កសិកម្ម​នៃ​ប្រទេស​មហា​អនុតំបន់​មេគង្គ​(GMS) បាន​ឯកភាពគ្នា ក្នុង​ការកសាង​ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​តំបន់​។ ការគាំទ្រ​គ្នា ធ្វើឡើង​ក្នុង កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម នៃ​មហា​អនុតំបន់​មេគង្គ​លើក​ទី​២​ដែល​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប នៅ​ថ្ងៃទី​៨ ខែកញ្ញា​។



​រដ្ឋមន្ត្រី​កសិកម្ម នៃ​មហា​អនុតំបន់​មេគង្គ​(GMS) បានប្រកាស​គាំទ្រ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ និង​ផែនការ​សកម្មភាព ដើម្បី​កសាង​ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ​មួយ​នៅ​ទូទាំង​តំបន់​។ ការគាំទ្រ​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម នៃ​មហា​អនុតំបន់​មេគង្គ​លើក​ទី​២​ដែល​រៀបចំ​ធ្វើ​នៅ​ខេត្តសៀមរាប​។  បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ​នេះ នឹង​ផ្អែកលើ​បទដ្ឋាន​ដែលមាន​មូលដ្ឋាន​ផ្អែកលើ​វិទ្យាសាស្ត្រ និង​មានការ​ទទួលស្គាល់​ទៅវិញទៅមក ការតាមដាន​ប្រភព​ផលិតផល និង​ការចែករំលែក​ព័ត៌មាន ជាពិសេស​ព័ត៌មាន​អំពី​បញ្ជីរាយនាម​គ្រោះថ្នាក់ សម្រាប់​មុខទំនិញ​សំខាន់ៗ​មួយចំនួន ។ 

ADB ដើរតួនាទី​ជា​លេខាធិការដ្ឋាន នៃ​មហា​អនុតំបន់​មេគង្គ ដែលមាន​សមាសភាព​ប្រទេស​កម្ពុជា ចិន (​ពិសេស​ខេត្ត​Yunnan និង​តំបន់​ស្វយ័ត​Guangxi Zhuang) ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​ប្រទេស​វៀតណាម​។ 

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា​៖«​យុទ្ធសាស្ត្រ​មហា​អនុតំបន់​មេគង្គ​ឆ្នាំ​២០១៨-២០២២ និង​ផែនការ​សកម្មភាព​ក្រុង​សៀមរាប នឹង​ជួយ​ឲ្យ​យើង​ក្លាយជា​អ្នកផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ដែលមាន​សុវត្ថិភាព និង​មិន​ប៉ះពាល់​បរិស្ថាន​នាំមុខគេ​»​។ លោក​រដ្ឋមន្ត្រី​កសិកម្ម បន្ថែមថា​៖«​វា​គឺជា​សក្ខីកម្ម​មួយ​យ៉ាង​ច្បាស់លាស់ ដែល​បញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​របស់​យើង ក្នុងការ​រួមចំណែក ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព តាមរយៈ​ការធានា​ថា​សុវត្ថិភាព​ចំណីអាហារ ដូចជា​សន្តិសុខ​ស្បៀង គឺជា​សិទ្ធិមនុស្ស សម្រាប់​ទាំងអស់គ្នា​»​។ 

​យោងតាម​ទិន្នន័យ​ឆ្នាំ​២០១៥ ពី​អង្គការ​សុខភាព​ពិភពលោក មាន​មនុស្ស​ស្ទើរតែ​១​នាក់ ក្នុងចំណោម​១០​នាក់ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​រៀងរាល់ឆ្នាំ ដោយសារ​ទទួលទាន​អាហារ​ដែល​កខ្វក់ ក្នុងនោះ​មាន ៤២​ម៉ឺន​នាក់ បាន​ស្លាប់​ដោយសារតែ​មូលហេតុ​នេះ​។  នៅ​អាហ្វ្រិក និង​អាស៊ីអាគ្នេយ៍ បញ្ហា​នេះ​មាន​ធ្ងន់ធ្ងរ​យ៉ាងខ្លាំង ដោយសារ​អត្រា​ជំងឺ​បណ្តា​លពី​អាហារ មាន​កម្រិត​ខ្ពស់​ជាងគេ​បំផុត​។ នេះ​បើតាម​ទិន្នន័យ​ដដែល ដែល​បាន​ឲ្យ​ដឹង​ទៀតថា ការផ្ទុះ​រាលដាល​នៃ​ជំងឺ​បណ្តាល​ពី​អាហារ​នៅ​មហា​អនុតំបន់​មេគង្គ បណ្តាល​ពី​វត្ត​មាននៃ​មេ​ឡា​មីន​នៅ​ប្រទេស​ចិន និង​សំណ​ល់អង់​ទី​ប៊ី​យូ​ទិ​ក និង​សំណ​ល់អរ​ម៉ូ​ន នៅក្នុង​ផលិតផល​សត្វពាហនៈ និង​ផលិតផល​ជលផល ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម​។

​ប្រទេស​ភាគច្រើន នៅក្នុង​មហា​អនុតំបន់​មេគង្គ បានអនុម័ត​ទៅលើ​លិខិតបទដ្ឋាន​គតិយុត្តិ​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ ប៉ុន្តែ​មាន​តំបន់​ជាច្រើន​រាំងស្ទះ ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ និង​សមត្ថភាព​នៅមានកម្រិត របស់​ស្ថាប័ន​ត្រួតពិនិត្យ​ចំណីអាហារ​ប្រកបដោយ​ប្រសិទ្ធភាព​។

​លោក Ramesh Subramaniam អគ្គនាយក​នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍​របស់ ADB បាន​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ADB នឹង​ផ្តល់​ការវិនិយោគ និង​ជំនួយ​បច្ចេកទេស ដល់​ប្រទេស​មហា​អនុតំបន់​មេគង្គ ក្នុង​ការកសាង​ប្រព័ន្ធ​ចំណីអាហារ​មួយ​ដែលមាន​សុវត្ថិភាព និង​មាន​និរន្តរភាព​។ ជាពិសេស ADB នឹង​ជួយ​ដល់​បណ្តា​ប្រទេស​នានា ក្នុងការ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សុវត្ថិភាព​ចំណីអាហារ និង​បង្កើត​ក្របខណ្ឌ​គតិយុត្តិ សម្រាប់​ការប៉ាន់ស្មាន​ហានិភ័យ​ជារួម ការគ្រប់គ្រង​ហានិភ័យ និង​ការចែករំលែក​ព័ត៌មាន​។
 
​លោក Subramaniam បន្ថែម​ដូច្នេះ​ថា​៖«​ដោយសារ​ប្រទេស​នៃ​មហា​អនុតំបន់​មេគង្គ មាន​ព្រំប្រទល់​ជាប់​គ្នា និង​ខ្សែសង្វាក់​ផ្គត់ផ្គង់​កសិកម្ម មាន​ទំនាក់ទំនង​គ្នា​កាន់តែខ្លាំង​ឡើង ធ្វើ​ឲ្យ​ប្រទេស​ទាំងនេះ មាន​មូលដ្ឋាន​មួយ​ដ៏​ល្អ ក្នុងការ​ផ្គត់ផ្គង់​ចំណីអាហារ ដែលមាន​សុវត្ថិភាព និង​មាន​គុណភាព ដោយ​កាត់បន្ថយ​បាន ផលប៉ះពាល់​បរិស្ថាន ចំពោះ​ប្រទេស​ដែល​នៅ​ជិតខាង​តំបន់​អាស៊ីអាគ្នេយ៍ និង​ពិភពលោក​ទាំងមូល​»​។ លោក ក៏​គូសបញ្ជាក់​ពី​ការធ្វើការ​ជាមួយ​មហា​អនុតំបន់​មេគង្គ ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​នានា ទាញ​ប្រយោជន៍​ពី​ការប្តេជ្ញាចិត្ត​ដែលមាន​ភាពរឹងមាំ​រួចទៅហើយ​នៅក្នុង​ប្រទេស​នីមួយៗ និង​ជំរុញ​ឲ្យ​មានការ​ជឿទុកចិត្ត​គ្នា​ក្នុងចំណោម​អ្នកប្រើប្រាស់ អ្នក​លក់រាយ ដៃគូ​ពាណិជ្ជកម្ម ប្រកបដោយ​សក្តានុពល និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​។

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម នៃ​មហា​អនុតំបន់​មេគង្គ​លើក​ទី​២​នេះ ក៏បាន​បញ្ចូល​ផងដែរ កិច្ចសន្ទនា​រវាង​រដ្ឋ និង​ឯកជន​។ អ្នកចូលរួម បាន​ឯកភាព​ថា វិស័យ​រដ្ឋ និង​ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល គប្បី​ធ្វើ​ការងារ​ជាមួយគ្នា ដើម្បី​ធ្វើ​ឲ្យ​បទដ្ឋាន​សុវត្ថិភាព​ចំណីអាហារ​មា​នស​ង្គ​ត​ភាព​។ កិច្ចសហការ​រវាង​វិស័យ​រដ្ឋ និង​ឯកជន គ្រោង​ធ្វើឡើង ដើម្បី​បង្កើន​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ និង​បទដ្ឋាន​ត្រួតពិនិត្យ​ចំណីអាហារ​។ កិច្ចប្រជុំ​នេះ ក៏បាន​បង្ហាញ​ផងដែរ ផលិតផល​កសិកម្ម និង​ផលិតផល​ចំណីអាហារ​ដែល​ត្រូវបាន​ផលិត​ប្រកបដោយ​សុវត្ថិភាព និង​មាន​និរន្តរភាព ក្នុង​មហា​អនុតំបន់​មេគង្គ ដូចជា​កន្លែង​កែច្នៃ​ត្រី​ប្រហុក ក្នុងប្រទេស​កម្ពុជា និង​តំបន់​ទេសចរណ៍​ក្សេត្រ​ប​រិ​ស្ថាន​សំខាន់ៗ​នៅក្នុង​តំបន់​៕


© រក្សាសិទ្ធិដោយ thmeythmey.com