ជាតិ
បក្សប្រឆាំង មិនទាន់​គិតគូរ​រើស​ប្រធានស្តីទី ដឹកនាំ​ជំនួស​ឯកឧត្តម កឹម សុខា​
08, Sep 2017 , 5:48 pm        
រូបភាព
លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ
លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ បក្សប្រឆាំង នៅតែ​រក្សា​តំណែង​ជា​ប្រធាន ឲ្យ​ឯកឧត្តម កឹម សុខា ទោះ​ស្ថិតក្នុង​ពន្ធនាគារ​ក៏ដោយ​។ មកដល់ពេលនេះ មិនមាន​ការលេចឮ​ដំណឹង​សូម្បីតែ​បន្តិច ថា​បក្សប្រឆាំង ចង់​រើស​មេដឹកនាំ​ថ្មី ជំនួស​ឯកឧត្តម កឹម សុខា​។



​បើ​គិត​ទៅ​ប្រហែល​មួយ​សប្តាហ៍​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិនមាន​មេដឹកនាំ​កំពូល​របស់ខ្លួន គឺ​ឯកឧត្តម កឹម សុខា​។ ហើយ​មន្ត្រី​ក្នុង​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ក៏​មិនទាន់មាន​គម្រោង​ដែរ ថា​នឹង​ជ្រើសរើស​ប្រធានស្តីទី ដើម្បី​ដឹកនាំ​គណបក្ស​ជា​បណ្តោះអាសន្ន ជំនួស​ឯកឧត្តម កឹម សុខា ដែល​កំពុង​ជាប់ពន្ធនាគារ​។ 

​លោកស្រី មួរ សុខ​ហួរ អនុប្រធាន​មួយរូប នៃ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចង់​ឆ្លើយ​ឬ​បកស្រាយ​អ្វី​ទាំងអស់ ទាក់ទង​នឹង​សំណួរ ដែល​សួរថា «​តើ​រហូតមក​ដល់ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ បានគិត​គូរ​ហើយ​ឬ​នៅ ចំពោះ​ការ​រើស​មេដឹកនាំ​ថ្មី ជំនួស​ឯកឧត្តម កឹម សុខា​?»​។ ចំពោះ​សំណួរ​នេះ លោកស្រី បានត្រឹមតែ​ឆ្លើយ​យ៉ាងខ្លី​ប៉ុណ្ណោះ​ថា «[​ការ​រើស​មេដឹកនាំ​ថ្មី​] គឺ​អត់​ទេ​។ ពួកយើង យល់ច្បាស់​ណាស់ ថា​ត្រូវធ្វើ​យ៉ាងម៉េច​»​។​

​ចំណែក សំណួរ ដែល​សួរថា «​ចុះបើ​មិន​រើស​ប្រធាន​ថ្មី​ឬ​ប្រធានស្តីទី ដើម្បី​ដឹកនាំ​ជា​បណ្តោះអាសន្ន ក្នុង​កាលៈទេសៈ​ដែល​អវត្តមាន​របស់​ឯក​ឧ​ត្ត​ម កឹម សុខា បែបនេះ តើ​បញ្ហា​ផ្ទៃក្នុង​នៅក្នុង​គណបក្ស អាច​នឹង​មានការ​រង្គោះ​រង្គើ​ដែរឬទេ​?» ត្រូវបាន​លោកស្រី មួរ សុខ​ហួរ ឆ្លើយ​ដូចខាងលើ​ដដែល​ថា «​អត់​ទេ​»​។ លោកស្រី ទំនងជា​ចង់​បញ្ជាក់ថា ទោះ​គ្មាន​ប្រធាន​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រួយរ​ម្ភ​ចំពោះ​បញ្ហា​ផ្ទៃក្នុង​ដែរ​។

​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា គឺធ្វើឡើង​ក្រោយពី​វីដេអូ​ឃ្លី​ប​មួយ ដែល​ផលិត​ដោយ​បណ្តាញ​ផ្សព្វផ្សាយ​ឈ្មោះ CBN (Cambodian Broadcasting Network) ត្រូវបាន​បង្ហោះ​ជា​បន្តបន្ទាប់​នៅលើ​បណ្តាញ​សង្គម​នានា​។ នៅក្នុង​វីដេអូ​ឃ្លី​ប​នេះ ឯកឧត្តម កឹម សុខា បាន​និយាយថា ឯកឧត្តម មាន​អ្នកជំនាញ​ជា​ជនបរទេស នៅ​ពីក្រោយ ដើម្បី​ជួយ​ណែនាំ ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​កម្ពុជា​។ តាមរយៈ​សារ​នៅក្នុង​វីដេអូ​ឃ្លី​ប​នោះ សមត្ថកិច្ច បាន​ចាត់ទុកថា ឯកឧត្តម កឹម សុខា បាន​ឃុបឃិត​ជាមួយ​បរទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ​។ សម្រាប់​សមត្ថកិច្ច និង​តុលាការ រួមទាំង​រដ្ឋាភិបាល​ផង​នោះ ការឃុបឃិត​ជាមួយ​បរទេស​ដោយ​សម្ងាត់ ដើម្បី​រៀបចំ​ផែនការ​បែបនេះ គឺជា​អំពើ​ក្បត់ជាតិ​។ បច្ចុប្បន្ន ឯកឧត្តម កឹម សុខា ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រោម​បទ​ចោទ «​សន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​»​។​

​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ដោយ​ចាត់ទុក​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា ថា​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់ ហើយ​ដោះលែង​ឯកឧត្តម កឹម សុខា ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​អំពាវនាវ​ទៅកាន់​សហគមន៍​អន្តរជាតិ​នានា ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ផងដែរ ចំពោះ​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា​។

​យ៉ាងណា​ក៏ដោយចុះ ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​និង​តុលាការ ទៅលើ​ឯកឧត្តម កឹម សុខា បានទទួល​ការ​សាទរ​យ៉ាងខ្លាំង​ពី​​ស្ថាប័ន​នានា នៅក្នុង​ប្រទេស​។ សូម្បីតែ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏​ចាត់ទុក​របាយការណ៍រ​បស់​តុលាការ ស្តីពី​ចំណាត់ការ​លើ​ឯកឧត្តម កឹម សុខា ថា​ត្រឹមត្រូវ​ទៅតាម​ច្បាប់​ដែរ​៕


Tag:
 កឹម សុខា​
  មួរ សុខ​ហួរ
© រក្សាសិទ្ធិដោយ thmeythmey.com