ជាតិ
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោត​២០១៨៖ សង្គ្រោះ​ជាតិ អាច​ពហិកា បើ​មេ​របស់ខ្លួន​មិន​ត្រូវបាន​ដោះលែង​
11, Sep 2017 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ការមិន​ដោះលែង​ឯកឧត្តម កឹម សុខា គឺជា​កត្តា​មួយ ក្នុងចំណោម​កត្តា​ផ្សេងទៀត ដែល​អាច​នាំ​ឲ្យ​បក្សប្រឆាំង បោះបង់​ការបោះឆ្នោត ក្នុង​ឆ្នាំ​២០១៨​។ ប៉ុន្តែ ប្រធាន​បក្ស​កាន់អំណាច បានប្រកាសថា អវត្តមាន​បក្សប្រឆាំង មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត​ទាំងមូល នោះទេ​។

  


​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ការឃុំខ្លួន​ឯកឧត្តម កឹម សុខា គឺជា​សម្ពាធ​មួយ ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ មាន​ភាព​អាប់អួ ហើយ​អាច​នាំ​ឲ្យ​ការបោះឆ្នោត​ថ្នាក់ជាតិ នា​អាណត្តិ​ទី​៦ ក្នុង​ឆ្នាំ​២0១៨ ព្រឹ​ត្ត​ទៅដោយ​មិន​សេរី​និង​យុត្តិធម៌​។ ប្រសិនបើ​ឯកឧត្តម កឹម សុខា មិន​ត្រូវបាន​ដោះលែង​នោះទេ គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​មិនមាន​វត្ត​មាននៅ​ក្នុងការ​បោះឆ្នោត នាពេលខាងមុខ​។

​លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​និង​ជា​អនុប្រធាន​មួយរូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ការឃុំខ្លួន​ឯកឧត្តម កឹម សុខា គឺជា​លក្ខខណ្ឌ​អវិជ្ជា​មាន​មួយ ក្នុងចំណោម​លក្ខខណ្ឌ​អវិជ្ជា​មាន​ផ្សេងទៀត ដែល​អាច​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ សម្រេចចិត្ត​បោះបង់​ការបោះឆ្នោត​ថ្នាក់ជាតិ នា​អាណត្តិ​ទី​៦​នេះ​។ ចំពោះ​លោកស្រី មូរ សុខ​ហួរ ការបោះឆ្នោត​ថ្នាក់ជាតិ នា​អាណត្តិ​ទី​៦ មិនអាច​ប្រព្រឹត្ត​ទៅដោយ​សេរី​និង​យុត្តិធម៌​ឡើយ ប្រសិនបើ​ឯកឧត្តម កឹម សុខា នៅតែ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។

​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ត្រូវការ​ការបោះឆ្នោត​មួយ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​។ បើ លោក​ប្រធាន កឹម សុខា មិនមាន​ការដោះលែង មិន​បានមក​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ខាងមុខ [​ហើយ​បើ] ក​ត្តា​និង​លក្ខខណ្ឌ​ដទៃទៀត​ ដែល​ធ្វើ​ឲ្យ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ [​ក៏​មិនមាន​ដែរ​នោះ​] យើង មិនអាច​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ឡើយ​។ [​យើង មិនអាច​ចូលរួម​នៅក្នុង​ការបោះឆ្នោត​មួយ​] ដែល​មិន​សេរី និង​មិន​យុត្តិធម៌​ទេ ពីព្រោះ [​ចំណុច​នេះ​] គឺ​ធ្វើ​ខុសពី​ឆន្ទៈ​នៃ​ប្រជារាស្ត្រ​យើង​»​។ 

​លោកស្រី មូរ សុខ​ហួរ ថ្លែង​ដូច្នេះ ទៅកាន់​ក្រុមអ្នកកាសែត នៅមុខ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២0១៧​។ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាននាំគ្នា ធ្វើដំណើរ​ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ដើម្បី​សុំ​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា​។ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​សុំ​ចួ​ល​ជួប​ឯកឧត្តម កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ផងដែរ​។ ប៉ុន្តែ សមត្ថកិច្ច ពុំ​អនុញ្ញាត​ឲ្យ​ក្រុមតំណាងរាស្ត្រ ចូលជួប​ឯកឧត្តម កឹម សុខា នោះទេ​។

​ការធ្វើដំណើរ​របស់​ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅកាន់​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ស្រប​ពេលដែល​រដ្ឋសភា បើក​កិច្ចប្រជុំ​វិសាមញ្ញ ពាក់ព័ន្ធ​នឹង​ករណី​របស់​ឯកឧត្តម កឹម សុខា​។ កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា ដែល​មានតែ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៧​រូប ចូលរួម បានអនុម័ត​ឲ្យ​តុលា​ការបន្ត​នីតិវិធី​លើ​ឯកឧត្តម កឹម សុខា​។

​ទោះជា​មិនមាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏ដោយ ក៏​ការបោះឆ្នោត​ថ្នាក់ជាតិ នាពេលខាងមុខ នៅតែ​អាច​ដំណើរការ​ជាធម្មតា​ដែរ​។ នេះ​ជាការ​ប្រកាស​របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២0១៧​។

​បើតាម​សម្តេច ហ៊ុន សែន ក្រៅពី​គណបក្ស​សង្គ្រោះ​ជាតិ នៅមាន​គណបក្ស​ផ្សេងទៀត ដែល​នឹងចូលរួម​ក្នុងការ​បោះឆ្នោត​។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ ថែមទាំង​ព្រមាន​ទៀតថា គណបក្ស​សង្គ្រោះ​ជាតិ អាន​នឹង​ត្រូវបាន​រំលាយចោល​តែម្តង ប្រសិនបើ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​។

​សូម​រម្លឹកថា ក្រោយ​វីដេអូ​ឃ្លី​ម​មួយ ដែល​ផលិត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈ្មោះ CBN (Cambodian Broadcasting Network) ត្រូវបាន​បែកធ្លាយ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឯកឧត្តម កឹម សុខា ក៏​ត្រូវបាន​ចាប់ខ្លួន ទាំង​ពាក់​កណ្តាលអធ្រាត្រ នៅ​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ នៅក្នុង​វីដេអូ​ឃ្លី​ប​នោះ ឯកឧត្តម កឹម សុខា និយាយថា ឯកឧត្តម មាន​ជនបរទេស​នៅ​ពី​ក្រោយខ្នង ដើម្បី​ជួយ​ណែនាំ ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​កម្ពុជា​។ តាមរយៈ​ខ្លឹមសារ​នៅក្នុង​វីដេអូ​ឃ្លី​ប​នោះ សមត្ថកិច្ច​និង​តុលាការ រួមទាំង​រដ្ឋាភិបាល បាន​អះអាងថា ឯកឧត្តម កឹម សុខា បាន​ឃុបឃិត​ជាមួយ​ជនបរទេស​ដោយ​សម្ងាត់ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ​។ នៅ​ទីបំផុត ឯកឧត្តម កឹម សុខា ត្រូវបាន​ចោទ​ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​បទល្មើស​នេះ ស្ថិតក្នុង​អំពើ​ក្បត់ជាតិ​៕


Tag:
 កឹម សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com