កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Floyd-McGregor លក់សំបុត្របានតិចជាងជំនួប Floyd-Pacquiao
× ការប្រកួតរវាង Floyd Mayweather និង Conor McGregor ដែលធ្វើនៅសង្វៀន T-Mobile Arena លក់សំបុត្របានតែ ១៣,០៩៤ សន្លឹកប៉ុណ្ណោះ ខណៈកៅអីសរុបមាន ២០,៥០០ កន្លែង។ ចំនួននេះមិនអាចបំបែកកំណត់ត្រានាជំនួប Floyd-Many Pacquiao ដែលលក់សំបុត្របាន ១៦,២១៩ កៅអីនោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Rappler។
តួលេខដែលបានចេញផ្សាយដោយគណៈកម្មាធិការអត្តពលិកនៃរដ្ឋ Nevada សហរដ្ឋអាមេរិក បានបង្ហាញកាលពីថ្ងៃទី៦ ខែកញ្ញា ថារង្វង់សាច់ប្រាក់ដែលទទួលបានពីការប្រកួតរវាង Floyd និង McGregor បានបរាជ័យក្នុងការបំបែកកំណត់ត្រាសម្រាប់ការរកចំណូលពីការលក់សំបុត្រ លើសង្វៀនក្នុងទីក្រុងឡាសវេហ្គាស។
ជំនួបរវាងកំពូលអ្នកប្រដាល់អាមេរិកជាមួយកីឡាករ MMA របស់សាធារណរដ្ឋអៀរឡង់ កាលពីថ្ងៃទី២៦ ខែសីហា រកប្រាក់ចំណូលបាន ៥៥,៤១៤.៨៦៥ ដុល្លារ ពីការលក់សំបុត្រ ១៣,០៩៤ សន្លឹក តិចជាងការប្រកួតរវាង Floyd-Pacquiao ដែលទទួលបានប្រាក់ ៧២,១៩៨.៥០០ដុល្លារ ដោយលក់សំបុត្របាន ១៦,២១៩ កាលពីឆ្នាំ ២០១៥ នៅសង្វៀន MGM Grand Arena ក្នុងទីក្រុងឡាសវេហ្គាស។
បើទោះបីជាមិនអាចបំបែកកំណត់ត្រាការប្រកួតរបស់ Mayweather និង Pacquiao បានក៏ដោយ ប៉ុន្តែជំនួបរវាង Floyd-McGregor នេះក៏ស្ថិតនៅចំណាត់ថ្នាក់ទី២ ផងដែរសម្រាប់ការប្រកួតដែលរកប្រាក់ចំណូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៅ Las Vegas និងរកប្រាក់បានលើសការប្រកួតរវាង Floyd-Canelo Alvarez កាលពីឆ្នាំ ២០១៣ ចំនួន ២០លានដុល្លារដែរ។
សូមបញ្ជាក់ថាតម្លៃសំបុត្រសម្រាប់ជំនួប Mayweather-McGregor គឺមានតម្លៃថ្ងៃបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់លំដាប់ពិភពលោក ដែលសំបុត្រថោកបំផុតថ្លៃ ៥០០ដុល្លារ និងថ្ងៃបំផុតរហូតដល់ ១ម៉ឺនដុល្លារឯណោះ៕
Tag:
ប្រដាល់
Floyd Mayweather
Conor McGregor
Many Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com