ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម ប្រកាស​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​ម្យ៉ាង​ដ៏​កាច​សាហាវ​លើ​ដំណាំ​ដំឡូង​មី​
12, Sep 2017 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាស​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​ម៉ូ​សា​អ៊ិ​ក (Cassava Mosaic Disease-CMD) ដ៏​កាច​សាហាវ នៅលើ​ដំណាំ​ដំឡូង​មី​។ នេះ​បើតាម​សេចក្ដីជូនដំណឹង ដែល​ក្រសួង​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន កាលពី​ថ្ងៃទី​៨​ខែកញ្ញា​។​



​សេចក្ដីជូនដំណឹង​នេះ​បាន​ឲ្យ​ដឹងថា ជំងឺ​ម៉ូ​សា​អ៊ិ​ក ជា​ប្រភេទ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​រាតត្បាត​លើ​ដំណាំ​ដំឡូង​មី ដែល​បង្កឡើង​ដោយ​វីរុស​ជី​មី​នី (Gimini virus) ។ សេចក្ដីជូនដំណឹង​នេះ​បាន​យោង​លើ​របាយការណ៍​របស់​អ្នកជំនាញ​អន្តរជាតិ​នានា ដែល​បង្ហាញថា​ទិន្នផល​ដំឡូង​មី​នៅ​បណ្ដា​ប្រទេសមួយ​ចំនួន​ក្នុង​ទ្វីបអាហ្វ្រិក ឥណ្ឌា និង​ប្រទេស​ស្រីលង្កា ដែល​រង​ការ​រាតត្បាត​ពី​ជំងឺ​នេះ បាន​ធ្លាក់ចុះ​រហូតដល់ ៨០​ភាគរយ​។

​រោគសញ្ញា​នៃ​ជំងឺ​នេះ គឺ​ដំឡូង​មី​មាន​ស្លឹក​រួញ មាន​ចំណុច​តូចៗ​ជាច្រើន​ពណ៌​លឿង ឬ​ព្រលែត​នៅលើ​ផ្ទៃ​ស្លឹក និង​ដើម​ក្រិន​លូតលាស់​ខ្សោយ​ជាង​ធម្មតា​។ ជំងឺ​នេះ​ឆ្លង​ដោយ​ការប្រើប្រាស់​ពូជ​ដែលមាន​ជំងឺ​ស្រាប់ ហើយ​ត្រូវ​ចម្លង​ទៅ​ចម្ការ​ដំណាំ​ដំឡូង​មី​ដទៃទៀត​តាមរយៈ​រុយ​ពណ៌​ស ដោយ​ការ​ជញ្ជក់​របស់​វា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ​។

​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​នេះ បាន​បញ្ជាក់ថា ការ​រាតត្បាត​នៃ​ជំងឺ​ថ្មី​នេះ បើ​មិន​ត្រូវបាន​គ្រប់គ្រង​ឲ្យ​មាន​ប្រសិទ្ធភាព​នោះទេ ពិតជា​នឹង​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ផលិតកម្ម​ដំណាំ​ដំឡូង​មី និង​ការនាំចេញ​ផលិតផល​ដំឡូង​មី​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ក្នុងពេល​ខាងមុខ​ជាក់​ជាមិនខាន​។   ហើយ​បច្ចុប្បន្ននេះ​ពុំទាន់​មាន​ថ្នាំ​កសិកម្ម​ដែលមាន​ប្រសិទ្ធភាព​អាច​កម្ចាត់​ជំងឺ​នេះ​បាន​នៅឡើយ​។​

​ក្រសួង​បានដាក់​ចេញ​វិធានការ​មួយចំនួន ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​។ ក្រសួងកសិកម្ម​បា​នប​ញ្ជា​មន្ត្រី​របស់ខ្លួន​ឲ្យ​តាមដាន និង​អនុវត្ត​វិធានការ​ភូតគាម​អនាម័យ​ដើម្បី​កម្ចាត់ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​នេះ​ទៅ​បណ្ដា​ខេត្ត​ផ្សេងៗ​។ ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ចល័ត​ពូជ​ដំឡូង​មី​ចេញពី​តំបន់​ដែល​ឆ្លង​ជំងឺ​។ ហើយ​ចម្ការ​ដែល​សង្ស័យថា​រង​ជំងឺ​នេះ ត្រូវ​ផ្អាក​ដំណាំ​ដំឡូង​មី​មួយ​រដូវ​នៅ​រដូវ​ក្រោយ ដោយ​អាច​ដាំ​ដំណាំ​ផ្សេង​ជំនួស​វិញ​។ លើសពីនេះ​ទៀត រាល់​ការ​នាំចូល​ពូជ​ដំឡូង​មី ក៏ដូចជា​ពូជ​ដំណាំ​ផ្សេងៗ​ទៀត ត្រូវសុំ​ការអនុញ្ញាត​ជាមុន​ពី​អគ្គនាយដ្ឋាន​កសិកម្ម​៕


Tag:
 ដំឡូង​មី​
© រក្សាសិទ្ធិដោយ thmeythmey.com