ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន​៖ សម្រាប់​គម្រោង​អាទិភាព បើ​កម្ពុជា​ត្រូវការ​ឲ្យ​ចិន​ជួយ សូម​ប្រាប់​!
11, Sep 2017 , 8:26 pm        
រូបភាព
សម្តេច ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី​ចិន លោក ចាង កាវ​លី នាជំនួបទ្វេភាគី។ រូបថត ហ្វេសប៊ុក សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី​ចិន លោក ចាង កាវ​លី នាជំនួបទ្វេភាគី។ រូបថត ហ្វេសប៊ុក សម្តេច ហ៊ុន សែន
ដោយ: រួបរួម
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន ដើម្បី​ចូលរួម​ពិធី​តាំង​ពិ​ព័រ​ណ៌​អន្តរជាតិ​ណាន​នី​ង​លើក​ទី​១៤​។ នា​រសៀល​ថ្ងៃ​ចន្ទ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន លោក ចាង កាវ​លី (Zhang Gaoli) នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិ​ព័រ​ណ៌​អន្តរជាតិ​ណាន​នី​ង (NICEC)​។ ភាគី​ចិន បាន​តាំងចិត្ត​បន្ត​ជួយ​កម្ពុជា​ក្នុងនាម​ជា​មិត្ត និង​បងប្អូន​ល្អ​។


 
«​សម្តេច ហ៊ុន សែន គឺជា​មិត្ត​ដ៏​ល្អ​របស់​ចិន ហើយ​កម្ពុជា និង​ចិន គឺជា​បងប្អូន​នឹង​គ្នា​»​។ នេះ​ជាការ​លើកឡើង​របសលោក ចាង កាវ​លី ឧបនាយករដ្ឋមន្ត្រី ក្នុងជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​អញ្ជើញ​ទៅ​ចូលរួម​ពិ​ព័រ​ណ៌​អន្តរជាតិ​ណាន​នី​ង​លើក​ទី​១៤​។​
 
​តាម​ការផ្សាយ​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន លោក ចាង កាវ​លី រីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិ​កន្លងមក​របស់​ប្រទេស​ទាំងពីរ ហើយ​លោក​សុំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​រវាង​មន្ត្រី​ឲ្យ​បាន​ច្រើន​។​
 
​ក្រៅពី​ការលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ជា​វិជ្ជមាន​នានា ភាគី​ចិន​អះអាងថា ខ្លួន​តែងតែ​គោរព​ស្រឡាញ់ និង​យកចិត្តទុកដាក់​ចំពោះ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ គ្រប់ពេលវេលា​។​
 
​នាឱកាស​នោះ លោក ចាង បាន​ជម្រាប សម្តេច ហ៊ុន សែន ថាបើ​កម្ពុជា​ត្រូវការ​អ្វី​អោយ​មិត្ត​ចិន​ជួយ គឺ​សូម​ប្រាប់ មក​ភ្លាម នូវ​គម្រោង​អាទិភាព​នានា​ដែល​ត្រូវការ​ជំនួយ​ទាំងនោះ​។ នៅ​ឆ្នាំ ២០១៨ កម្ពុជា​គឺជា​ប្រទេស​កិត្តិយស​ក្នុង​ការរៀបចំ​ពិព័រណ៍​ចិន​អាស៊ាន ដែល​ចិន​ត្រៀមលក្ខណៈ​រៀបចំ​ឲ្យ​បានល្អ​បំផុត ព្រោះ​កម្ពុជា​ជា​មិត្ត ដ៏​ល្អ​និង​ជា​បងប្អូន​ដ៏​ល្អ ហើយ​ចិន​គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​សម្រាប់​ជួយ​កម្ពុជា គ្រប់​កាលៈទេសៈ​។ នេះ​បើតាម​សំណេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី​៕
 

Tag:
 សម្តេច ហ៊ុន សែន
  កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com