អន្តរជាតិ
ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​ចេញ​ជា​រូបរាង តែ​គ្មាន​ការ​បង្កក​ទ្រព្យ​លោក គីម ជុង​អ៊ុន
12, Sep 2017 , 10:41 am        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្ដីពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង (រូបភាពពីគេហទំព័រអង្គការសហប្រជាជាតិ)
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្ដីពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង (រូបភាពពីគេហទំព័រអង្គការសហប្រជាជាតិ)
​ដូច​ការគ្រោងទុក ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​កូរ៉េខាងជើង ចំពោះ​ការសាកល្បង​គ្រាប់​នុយក្លេអ៊ែរ​កាលពី​ថ្ងៃទី​៣ ខែកញ្ញា​។ ទណ្ឌកម្ម​លើក​នេះ​ផ្ដោត​សំខាន់​លើ​ការ​រឹតត្បិត​ការ​នាំចូល​ប្រេង​ទៅកាន់​កូរ៉េខាងជើង និង​ការហាមឃាត់​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​កូរ៉េខាងជើង​ទៅ​បរទេស​។ ឯ​ចិន និង​រុស្ស៊ី ក៏បាន​គាំទ្រ​សំណើ​របស់​អាមេរិក​ដែរ ទោះជា​ធ្លាប់​បង្ហាញ​ជំហរ​ប្រឆាំង​ការដាក់ទណ្ឌកម្ម​ក្ដី​។​



​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១១ ខែកញ្ញា បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​គាំទ្រ​សំណើ ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដែល​រៀបរៀង​ដោយ​អាមេរិក​។ ដោយមាន​ការគាំទ្រ​ពី​សំណាក់​ចិន និង​រុស្ស៊ី ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​លើក​នេះ គឺជា​ទណ្ឌកម្ម​លើក​ទី​៩ ចាប់តាំងពី​ឆ្នាំ​២០០៦ មក​។ ទណ្ឌកម្ម​ពេលនេះ​រួមបញ្ចូល​ការហាមឃាត់​ការនាំចេញ​ផលិត​វាយ​ន​ភណ្ឌ និង​ការ​រឹត​ប​ន្តឹ​ត​ការ​នាំចូល​ប្រភព​ថាមពល​។​

​តាមពិតទៅ ទណ្ឌកម្ម​ដែល​ទើប​អនុម័ត​នេះ គឺជា​សេចក្ដីព្រាង​ថ្មី​មួយ ដែល​មិនបាន​បញ្ចូល​ជំហរ​របស់​អាមេរិក​ដែល​ចង់​បង្កក​ទ្រព្យសម្បត្តិ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ឡើយ​។ អាមេរិក​ទំនងជា​បាន​ដក​ចំណុច​នេះ​ចេញ ព្រោះ​ចិន និង​រុស្ស៊ី អាច​ប្រើ​សិទ្ធិ​វ៉េតូ​ប្រឆាំង​សំណើ​ដាក់ទណ្ឌកម្ម​ទាំងមូល​មិន​ខាន​។ នេះ​ក៏​ព្រោះតែ​ចិន និង​រុស្ស៊ី បានប្រកាស​ទុក​មុន​រួច​ហើយពី​ការមិន​ពេញចិត្ត​លើ​វិធានការ​ចុងក្រោយ​នេះ​។​

​បើតាម​ទណ្ឌកម្ម​ថ្មី​នេះ កូរ៉េខាងជើង​ត្រូវ​ហាមឃាត់​ពី​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​គ្រប់​ប្រភេទ​ទាំង​ផលិតផល​រាវ ទាំង​ផលិតផល​កំណ​កក​។ លើសពីនោះ ការ​នាំចូល​ប្រេង​ឆៅ​ក៏​ត្រូវបាន​ហាមឃាត់ ហើយ​កូរ៉េខាងជើង​អាច​នាំចូល​ប្រេង​ចម្រាញ់​រួចហើយ​បានត្រឹមតែ​ពីរលាន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ ក្រៅពី​បម្រាម​នាំចូល​ផលិតផល​វាយ​ន​ភណ្ឌ​ពី​កូរ៉េខាងជើង សមាជិក​អង្គការសហប្រជាជាតិ​ក៏​មិនត្រូវ​អនុញ្ញាត​ច្បាប់​ការងារ​ឲ្យ​ជនជាតិ​កូរ៉េខាងជើង​ដែរ​។​

​ក្នុង​កិច្ច​ក្រុមប្រឹក្សាសន្តិសុខ អគ្គរដ្ឋទូត​អាមេរិក Nikki Haley និយាយថា ទណ្ឌ​កម្មនេះ នឹង​កាត់បន្ថយ​លំហូរ​ហិរញ្ញវត្ថុ​ចូលទៅ​កាន់​កូរ៉េខាងជើង ហើយ​យ៉ាងហោចណាស់​កូរ៉េខាងជើង​ត្រូវ​ខាតបង់​ប្រាក់ចំណូល​១.៣​ពាន់​លាន​ដុល្លារ​ដែរ​។ តំណាង​អាមេរិក​រូបនេះ នៅតែ​បញ្ជាក់​ជំហរ​ថា អាមេរិក​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង ហើយ​កូរ៉េខាងជើង​ក៏​មិនទាន់​ដើរ​ដល់​ចំណុច​ដែល​បក​ក្រោយ​លែង​បានដែរ​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ទណ្ឌកម្ម​លើ​កូរ៉េខាងជើង គឺ​ចេញ​ជា​រូបរាង​លឿន​ខុសពី​ធម្មតា​។ ជា​ទម្លាប់ អាមេរិក​តែង​ពិភាក្សា​ជាមួយ​ចិន​ជាមុនសិន​លើ​សំណើ​ដាក់ទណ្ឌកម្ម មុននឹង​ជជែក​ជាមួយ​សមាជិក​អចិន្ត្រៃយ៍​ផ្សេងទៀត រួច​ទើប​យកទៅ​អនុម័ត​តាម​ក្រោយ​។ ប៉ុន្តែ​ក្រោយ​ការសាកល្បង​ចុងក្រោយ​នេះ អាមេរិក​បាន​ព្យាយាម​រក​ផ្លូវ​ដាក់ទណ្ឌកម្ម​ឲ្យ​បាន​ឆាប់ ហើយ​ក៏បាន​បញ្ចុះបញ្ចូល​ចិន និង​រុស្ស៊ី​ឲ្យ​យល់ព្រម​តាម​ខ្លួន​ដែរ​៕ 


Tag:
 UN
  អាមេរិក​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
  ទណ្ឌកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com