ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី នឹងបង្កើតសមាគមខ្មែរមួយនៅបារាំង ដោយអះអាងថាគ្មានចំណងជាមួយបក្សណាឡើយ
× ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងបង្កើតសមាគមខ្មែរមួយ នៅប្រទេសបារាំង ដែលលោកអះអាងថា ក្នុងគោលបំណងបង្រួបបង្រួម និងឯកភាពជាតិ នៅក្នុងប្រទេសកម្ពុជា។
តាមរយៈហ្វេសប៊ុកផ្លូវការខ្លួនលោក សម រង្ស៊ី បានបញ្ជាក់ថា សមាគមដែលគ្រោងបង្កើតឡើងមានជាឈ្មោះថា «សមាគមដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសបារាំង បាននិយាយថា មូលហេតុដែលលោកបង្កើតសមាគមនេះឡើង ក្នុងបំណងចង់ជួយដោះស្រាយបញ្ហាជាតិ ដើម្បីសម្រេចបាននូវឯកភាពជាតិ ដោយមានលទ្ធិប្រជាធិបតេយ្យជាមូលដ្ឋាន។
អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ដោយសារតែខ្ញុំឈប់ជាសមាជិកគណបក្សនយោបាយណាមួយហើយ និងឈប់មានតួនាទី ឬមុខងារនយោបាយអ្វីឡើយ។ ខ្ញុំមានសេរីភាពពេញលេញ នៅពេលនេះដោយគ្មានចំណងជាមួយគណបក្សណា ឬក្រុមនយោបាយណាមួយឡើយ។សមាគមយើងនឹងត្រូវបង្កើតឡើង តាមច្បាប់ប្រទេសបារាំង …។យើងនឹងបើកទ្វារសមាគមយើងឲ្យមិត្តប្រទេសកម្ពុជា មានគ្រប់សញ្ជាតិ ចូលធ្វើជាសមាជិកផងដែរ ដរាបណាមិត្តបរទេសទាំងនោះ ចង់បង្ហាញពីការអាណិតអាសូរ ចំពោះប្រជារាស្ត្រខ្មែរ ហើយចង់គាំទ្រសកម្មភាពរបស់យើង ដោយសន្តិវិធី ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
បន្ថែមពីនេះលោក សម រង្ស៊ី បានអះអាងដូច្នេះថា៖«សមាគមយើង មិនគាំទ្រគណបក្សនយោបាយណាមួយទេ ហើយក៏មិនប្រឆាំងគណបក្សនយោបាយណាមួយដែរ។ សមាគមយើងគ្រាន់តែគាំទ្រ គោលការណ៍ប្រជាធិបតេយ្យ ដែលមានលក្ខណៈជាសកល ហើយយើងនឹងខិតខំជម្រុញឲ្យមានការគោរព និងអនុវត្ត គោលការណ៍ទាំងនេះ យ៉ាងជាក់ស្តែងនិងជាប្រចាំ»។
គួរបញ្ជាក់ថា លោក សម រង្ស៊ី ដែលហ៊ុំព័ទ្ធដោយបណ្តឹងរហូតដល់ទៅ៨ ភាគច្រើនប្តឹងដោយសកម្មជននិងមេដឹកនាំនៃគណបក្សកាន់អំណាច។ បណ្តឹងចំនួន៥ ត្រូវបានកាត់ក្តីរួចរាល់ ហើយបណ្តឹងចំនួន៣ទៀត កំពុងតែដំណើរការនៅឡើយទេ។
បើសរុបទោសកំហុស ដែលតុលាការ បានសម្រេចនោះ លោក សម រង្ស៊ី ត្រូវជាប់ពន្ធនាគារ យ៉ាងតិចចំនួន៦ឆ្នាំកន្លះ និងបង់ប្រាក់ជាង ៥ម៉ឺនដុល្លារ។ ដោយសារតែពាក្យបណ្ដឹងទាំងនេះហើយ ទើបលោក សម រង្ស៊ី សម្រេចលាលែងចេញពីប្រធាន និងសមាជិកភាពគណបក្សសង្គ្រោះជាតិ កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបញ្ចៀសការប្រឈមមុខនឹងការរំលាយបក្ស ដោយសារមាត្រាថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ៕
© រក្សាសិទ្ធិដោយ thmeythmey.com