ជាតិ
នយោបាយជាតិ
លោក សុន ឆ័យ៖ CNRP ប្រយ័ត្នជានិច្ចក្នុងការធ្វើអ្វីមួយ ដើម្បីកុំឲ្យមានការចាប់កំហុស លោក សុន ឆ័យ តំណាងរាស្រ្តនិងជាមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ថ្លែងសារទៅកាន់អ្នកគាំទ្រនិងក្រុមអ្នកកាសែត នៅទីស្នាក់ការកណ្តាល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២0១៧។
× ភ្នំពេញ៖ លោក សុន ឆ័យ តំណាងរាស្ត្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ យល់ថា គណបក្សប្រឆាំងមួយនេះ មិនអាចត្រូវបានរំលាយ នោះទេ។ លោកអះអាងដូច្នេះ នៅក្នុងសន្និសីទកាសែត ស្តីពី «ស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា» ដែលរៀបចំឡើង នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោក សុន ឆ័យ លើកឡើងនូវហេតុផលថា កម្ពុជា មានគណបក្សធំៗចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលនឹងត្រូវប្រកួតជាមួយគ្នា នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ។ លោក បន្តថា ការបោះឆ្នោតថ្នាក់ជាតិ មិនអាចបាត់គណបក្សណាមួយខាងលើនោះទេ។
លោក សុន ឆ័យ សង្កត់ធ្ងន់ថា ប្រសិនបើគណបក្សណាមួយ មិនមានវត្តមានក្នុងការបោះឆ្នោត ដូច្នេះគណបក្សមួយទៀត ដែលទទួលបានជោគជ័យ ក៏មិនរីករាយ ហើយក៏ប្រហែលជាមិនអាចទទួលបាននូវភាពស្របច្បាប់ ពីសហគមន៍អន្តរជាតិ និងប្រជាពលរដ្ឋកម្ពុជា ដែរ។ លោក បញ្ជាក់ថា ផ្អែកលើហេតុផលទាំងនេះ គណបក្សសង្គ្រោះជាតិ ត្រូវតែទទួលបានការធានា ក្នុងការប្រកួតប្រជែងដោយស្មើភាព ដោយគ្មានការភ័យខ្លាចនិងការបំភិតបំភ័យ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ និយាយយ៉ាងដូច្នេះ៖«យើងសង្ឃឹម ជាលក្ខណៈវិជ្ជមានវិញថា ហេតុការណ៍ហ្នឹង នឹងមិនអាចកើតមានទេ ព្រោះការរំលាយគណបក្សសង្គ្រោះជាតិ បង្កការលំបាកជាច្រើនដល់សង្គមជាតិយើង»។
យ៉ាងណាក៏ដោយ លោក សុន ឆ័យ បានប្រាប់អ្នកគាំទ្រនិងក្រុមអ្នកកាសែតថា គណបក្សសង្គ្រោះជាតិ ត្រូវប្រុងប្រយ័ត្នយ៉ាងខ្លាំង ក្នុងការធ្វើកិច្ចការអ្វីមួយ ដោយមិនឲ្យមានកំហុសឆ្គងឬបទល្មើស កើតឡើងនោះទេ ដើម្បីជៀសវាងការប្រឈមនឹងផ្លូវច្បាប់ និងការប្រឈមនឹងការរំលាយចោល។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានថា គណបក្សសង្គ្រោះជាតិ អាចនឹងត្រូវរំលាយចោលតែម្តង ប្រសិនបើជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ដូចឯកឧត្តម កឹម សុខា។ សម្តេច ហ៊ុន សែន អះអាងទៀតថា ទោះជាគ្មានគណបក្សសង្គ្រោះជាតិ ក៏នៅមានគណបក្សដទៃ ដែលនឹងចូលរួមក្នុងការបោះឆ្នោតដែរ។
សូមរម្លឹកថា ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវចាប់ខ្លួន និងរងបទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលបទល្មើសនេះស្ថិតក្នុងអំពើក្បត់ជាតិ។ បច្ចុប្បន្ន ឯកឧត្តម កឹម សុខា កំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ៕
Tag:
កឹម សុខា
សុន ឆ័យ
រំលាយបក្ស
© រក្សាសិទ្ធិដោយ thmeythmey.com