ជាតិ
លោក Heidt ចាត់ទុក​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ថា ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​អាមេរិក
12, Sep 2017 , 4:48 pm        
រូបភាព
លោក Willaim Heidt នៅក្នុងកិច្ចពិភាក្សាតុមូលជាមួយអ្នកសារព័ត៌មាននៅស្ថានទូតអាមេរិក នៅថ្ងៃទី ១២ ខែកញ្ញា
លោក Willaim Heidt នៅក្នុងកិច្ចពិភាក្សាតុមូលជាមួយអ្នកសារព័ត៌មាននៅស្ថានទូតអាមេរិក នៅថ្ងៃទី ១២ ខែកញ្ញា
ដោយ:
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក William Heidt បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​រដ្ឋាភិបាល​កម្ពុជា​មកលើ​រដ្ឋាភិបាល​អាមេរិក​ថា ដែលថា​អាមេរិក​ជា​អ្នករៀបចំ​ផែនការ​ឲ្យ​ឯកឧត្តម កឹម សុខា បំផ្លាញ​កម្ពុជា​។ លោក​ចាត់ទុក​ការចោទប្រកាន់​នេះ​ថា ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​អាមេរិក​។ លោក ផៃ ស៊ី​ផាន អះអាងថា រដ្ឋាភិបាល​កម្ពុ​ជាមាន​ភស្តុតាង​គ្រប់គ្រាន់​។​



«​ទាំង​រដ្ឋាភិបាល​អាមេរិក ទាំង​ប្រជា​ជា​ជន​អាមេរិក​ក្តី ទទួល​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ »​។ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា William Heidt កំពុងតែ​និយាយ​ពី​ការមិន​ពេញចិត្ត​របស់​រដ្ឋាភិបាល​អាមេរិក ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលថា​អាមេរិក​រៀបចំ​ផែនការ​ឲ្យ​លោក កឹម សុខា បំផ្លាញ​កម្ពុជា​។ លោក Heidt ចាត់ទុក​ការចោទប្រកាន់​នេះ​ថា ជា​រឿង​គួរ​ឲ្យ​ចម្លែក ដោយសារ​អាមេរិក​បាន​ចំណាយ​ថវិកាដ៏ច្រើន​ ដើម្បី​ជួយ​កម្ពុ​ជាជាង ២០ ឆ្នាំ​មកនេះ ដូច្នេះ​លោក​ថា អាមេរិក​គ្មាន​ហេតុផល​ណាមួយ ដែល​ត្រូវ​រៀបចំ​ផែនការ​បំផ្លាញ​កម្ពុជា​នោះទេ​។​

​លោក Heidt បញ្ជាក់​នៅក្នុង​កិច្ចពិភាក្សា​តុមូល​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ស្ថានទូត​អាមេរិក​នៅ​ថ្ងៃទី ១២ ខែកញ្ញា យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​កម្ពុជា​ទេ ជា​អ្នក​ទាញ​យើង​ចូលក្នុង​រឿងនេះ​។ វា​គឺជា​ការចោទប្រកាន់​មិនធម្មតា​។ ការងារ​ការទូត ជាធម្មតា ត្រូវបានធ្វើ​ដោយ​ប្រើ​ភាសា​ដែលមាន​ការ ប្រយ័ត្ន និង​ប្រកបដោយ​ការគោរព គឺ​ដូចជា​ប្រភេទ​នៃ​ភាសា​ដែល​ខ្ញុំ​ប្រើ​នៅថ្ងៃនេះ។កន្លងទៅនេះ ជាច្រើន​ដង​ហើយ​ដែល​សហរដ្ឋអាមេរិក​បាន​រង​ការចោទប្រកាន់​គ្មាន មូលដ្ឋាន មិន​ត្រឹមត្រូវ និង​ខុស​ដោយ​ចេតនា»​។​

​ជាមួយគ្នា​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក ក៏​នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ឯកឧត្តម កឹម សុខា ជាបន្ទាន់​​។


                                                       រូបពីស្ថាន​ទូតអាមេរិក​

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​ថា កម្ពុ​ជាមាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​បញ្ជាក់ថា អាមេរិក​នៅ​ពីក្រោយ​ឯកឧត្តម កឹម សុខា​។ លោក បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗយ៉ាងនេះ​ថា​៖ « យើង​មាន​ភស្តុតាង​គ្រប់គ្រាន់​។ កឹម សុខា ក៏​ជា​អ្នក​និយាយ​ខ្លួនឯង​ថា អាមេរិក​ជា​អ្នក​ជួយ​។ យើង​មិន​ចង់​ឆ្លើយឆ្លង​ជាមួយ​លោក​ទូត​នោះទេ សូម​ទុក​ឲ្យ​តុលាការ​ធ្វើការ​»​។​


                                             អ្ន​កកាសែត​ពេល​ស្តាប់​លោក​ទូត​។ រូប​ពី​ស្ថាន​ទូត​អាមេរិក​
​កាលពី​ថ្ងៃទី ៤ ខែកញ្ញា ក្នុង​ពិធី​សម្ពោធ​ព្រះវិហារ​ឥស្លាម នៅ​ខេត្តកំពង់ចាម សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​ក្តី​ព្រួយបារម្ភ​របស់​អាមេរិក​ក្រោយ​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា​ថា ជាការ​ការពារ​«​អាយ៉ង​ខ្លួន​»​។ សម្តេចនាយក​រដ្ឋមន្ត្រី បាន​និយាយ​ដោយ​សម្ដី​ធ្ងន់ៗ​ថា រដ្ឋាភិបាល​នឹងមិន​ឲ្យ​ជនបរទេស​ណា ប្រើប្រាស់​ដៃ​ខ្មែរ ដើម្បី​វាយប្រហារ​ខ្មែរ​គ្នា​នោះទេ​។​
​ជាថ្មី​ម្តងទៀត ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់ និស្សិត​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល កាលពី​ថ្ងៃទី ១១ កញ្ញា សម្តេច ហ៊ុន សែន បាន​បន្ត​រិះគន់​ស្ថានទូត​ណា​ដែល​ការពារ​ឯកឧត្តម កឹម សុខា ដោយ​ប្រមុខ​រដ្ឋាភិបាល​លើកឡើង​យ៉ាងនេះ​ថា​៖«​ស្ថានទូត​បរទេស​ខ្លះ កំពុង​តាំងខ្លួន​ធ្វើជា​ឪ ជា​ម៉ែ ប្រទេស​កម្ពុជា​» ទៅវិញ​។ សម្ដេច​ចាត់ទុក​ទូត​បរទេស ដែល​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ទាំងនោះ​ថា «​ជា​ក្រុម​បំផ្លាញ​»​។​

​សូម​រម្លឹកថា  ឯកឧត្តម កឹម សុខា ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃទី​២ ចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ នៅផ្ទះ​របស់លោក​នៅ​សង្កាត់​បឹងកក់ ២ ខណ្ឌទួលគោក​។ ក្រោយ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បកស្រាយ​ដោយ​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ថា ជា​ជន​ក្បត់ជាតិ ដែល​ស្តាប់​បញ្ជា​អាមេរិក ដើម្បី​ធ្វើ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​។ សម្តេច​លើកឡើង​ដូច្នេះ ដោយ​សម្តេច​យោងទៅលើ​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា កាលពី​ឆ្នាំ ២០១៣ នៅ​ប្រទេស​អូស្ត្រាលី នៅក្នុង​វីដេអូ​ឃ្លី​ប  ដែល​ត្រូវបាន​ផ្សាយ​ដោយ​បណ្តាញ​មួយ ឈ្មោះ CBN (Cambodian Broadcasting Network)​។

​ក្រោយពី​ប្រមុខរដ្ឋាភិបាល​បក​ស្រាយ​ថា ឯកឧត្តម កឹម សុខា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ នៅ​ថ្ងៃទី ៥ ខែកញ្ញា តុលាការ​បានសម្រេច​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ពី​អំពើ​ក្បត់ជាតិ ទាក់ទង​នឹង​បទល្មើស​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​។ បច្ចុប្បន្ន​ឯកឧត្តម កឹម សុខា កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​៕



Tag:
 William Heidt
  ទូត​អាមេរិក
  ហ៊ុន សែន
  ផៃ ស៊ីផាន
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com