ជាតិ
អាជ្ញាធរ មិនឲ្យគណបក្សសង្គ្រោះជាតិ ធ្វើពិធីបង្សុកូលនៅមុខរដ្ឋសភាចាស់
× ភ្នំពេញ៖ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើពិធីរាប់បាត្រ និងបង្សុកូល ជូនដល់វិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិត ដោយសារការគប់គ្រាប់បែក កាលពីឆ្នាំ១៩៩៧ នៅមុខរដ្ឋសភាចាស់ឡើយ។
តាមរយៈលិខិតដែលផ្ញើទៅកាន់គណបក្សសង្គ្រោះជាតិនោះ សាលារាជធានីភ្នំពេញ បានលើកហេតុផលចំនួនពីរ ក្នុងការបដិសេធមិនឲ្យមានការធ្វើពីធីបុណ្យបែបសាសនា តាមសំណើរបស់គណបក្សនេះ។ ហេតុផលទី១ អាជ្ញាធរ អះអាងថា ធ្លាប់អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើពិធីបុណ្យនៅមុខរដ្ឋសភាចាស់ម្ដងរួចមកហើយនៅក្នុងឆ្នាំនេះ។ ចំណែកហេតុផលទី២ សាលារាជធានីភ្នំពេញ ប្រាប់ឲ្យគណបក្សសង្គ្រោះជាតិ គួរធ្វើពិធីខាងលើនៅតាមវត្តអារាមវិញ ទើបប្រសើរជាង ព្រោះវាស្របពេលរដូវដាក់បិណ្ឌ និងភ្ជុំផង។
ប៉ុន្តែបើប្រធានស្តីទីនៃគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិ នៅតែបន្តធ្វើពិធីបុណ្យនៅមុខរដ្ឋសភាចាស់ ហើយមានបញ្ហាណាមួយកើតឡើងនោះ ប្រធានស្តីទីរូបនេះត្រូវទទួលខុសត្រូវទាំងស្រុង ។ លិខិតដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ បានព្រមានយ៉ាងដូច្នេះថា៖«ក្នុងករណីនៅតែមានការជួបជុំនៅទីតាំងខាងលើ ដោយគ្មានការអនុញ្ញាត ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ព្រមទាំងមានការប៉ះទង្គិចណាមួយកើតឡើងនោះ លោកប្រធានស្តីទី ត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់»។
តែយ៉ាងណាលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ហាក់មិនពេញចិត្តចំពោះការសម្រេចរបស់អាជ្ញាធរក្រុងឡើយ។ អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖«យើងសោកស្តាយ ដែលមិនបានបង្សុកូលដល់វិញ្ញាណក្ខន្តវីរបាតុកររបស់យើង [នៅមុខរដ្ឋសភាចាស់]»។
នៅព្រឹកថ្ងៃ១១ កញ្ញានេះ កងកម្លាំងសមត្ថកិច្ចមួយចំនួន ត្រូវបានបញ្ជូនទៅកាន់បរិវេណចេតិយរបស់បាតុករ ដែលបាត់បង់ជីវិត ដោយសារការគប់គ្រាប់បែក ស្របពេលគណបក្សសង្គ្រោះជាតិ គ្រោងធ្វើពិធីបុណ្យ។ នេះបើតាមសារនិងរូបភាព ដែលលោកស្រី មូរ សុខហួរ បង្ហោះលើទំព័រហ្វេសប៊ុក។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣0 ខែមីនា គណបក្សសង្គ្រោះជាតិ តែងធ្វើពិធីរាប់បាត្រនិងបង្សុកូល នៅមុខរដ្ឋសភាចាស់ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃបាតុករ ដែលបានបាត់បង់ជីវិត ដោយសារការគប់គ្រាប់បែក ក្នុងឆ្នាំ១៩៩៧៕
© រក្សាសិទ្ធិដោយ thmeythmey.com