ជាតិ
​សិស្ស​ខ្លួន​បាន​និទ្ទេស A លោកគ្រូ​គណិត​គោរព​សន្យា ដោយ​រាំ​ពី​ខ្លោងទ្វារ​ដល់​ដងទង់​ជាតិ​
13, Sep 2017 , 11:54 am        
រូបភាព
​ខ្មាស់​គេ​? គ្មាន​បញ្ហា សំខាន់​ត្រូវគោរព​នូវ​អ្វីដែល​បាន​សន្យា​ជាមួយ​សិស្ស​។ លោក ទៀ សុធា គ្រូបង្រៀន​មុខវិជ្ជា​គណិតវិទ្យា​នៅ​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុងនោះ​មាន​លោក​រដ្ឋមន្ត្រី​អប់រំ ផងដែរ​នោះ មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ក្នុង​ឃ្លី​ប​វីដេអូ​មួយ លោក សុធា បាន​រាំ​តាំងពី​ខ្លោងទ្វារ​សាលា រហូតដល់​ដងទង់​ជាតិ​។ មូលហេតុ លោក​បាន​សន្យា​មុន​ការប្រឡង​បាក់​ឌុប​ថា លោក​នឹង​រាំ​ប្រសិនបើ​សិស្ស​ខ្លួន​បាន​និទ្ទេស A​។​



«​នេះ​ជា​លើក​ទី​១​ក្នុង​ឆាកជីវិត​របស់ខ្ញុំ​សម្រាប់​អាជីព​ជា​គ្រូបង្រៀន​ជិត​២០​ឆ្នាំ ដែលមាន​សិស្ស​និទ្ទេស A រហូតដល់​ទៅ​៣​នាក់ ហើយ​ជា​សិស្ស​ក្នុង​ថ្នាក់រៀន​តែមួយ​»​។ លោក ទៀ សុធា គ្រូបង្រៀន​ថ្នាក់​ទី​១២ មុខវិជ្ជា​គណិតវិទ្យា​នៅ​វិទ្យាល័យ​សម្តេច ហ៊ុន សែន ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ បានបង្ហាញ​ពី​ក្តីរំភើប​របស់ខ្លួន​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ ។​

​ជោគជ័យ​របស់​សិស្ស​បី​រូប​ឈ្មោះ គង់ រ៉ា​បិត​, លុយ បញ្ញា និង ធួន រ៉ូ​វី​ណា  បាន​បង្ខំ​ឲ្យ​គ្រូបង្រៀន​វ័យ​៣៩​ឆ្នាំ​រូបនេះ វិល​ទៅរក​ការសន្យា​របស់ខ្លួន កាលពីមុន​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ លោក​បាន​បញ្ជាក់ថា​៖ «​ជាការ​ពិត ព្រោះ​ខ្ញុំ​បាន​ភ្នាល់​ជាមួយ​សិស្ស​ខ្ញុំ​តាំងពី​ដើមឆ្នាំ​មក​។ ដោយ​សន្យាថា​ប្រសិនបើ​កូនសិស្ស​បាន​និទ្ទេស A ខ្ញុំ​នឹង​រាំ​ពី​ខ្លោងទ្វារ ដល់​ដងទង់​ជាតិ​»​។



​តាមពិតទៅ លោកគ្រូ សុធា ប្រហែលជា​ភ្លេច​ទៅហើយ ប៉ុន្តែ​សិស្ស​ដ៏​ឆ្លាតៗ​របស់គាត់​ជាច្រើន​មិនបាន​ភ្លេច​នោះឡើយ​។ ពួកគេ​បាននាំគ្នា​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ឲ្យ​គ្រូ​របស់ខ្លួន​បំពេញ​ការសន្យា​។ លោកគ្រូ​គណិត ក៏​មិន​បានគេច​វែ​ស​នោះដែរ ដោយ​លោក​បាន​ដើរ​រាំ​លើកដៃ​ដ៏​រីករាយ​នៅ​ចំពោះមុខ​កាមេរ៉ា​ទូរ​សព្ទ​ដ៏​ច្រើន​របស់​សិស្ស​ខ្លួន​។​

​ឃ្លី​ប​វីដេអូ​ដែល​បង្ហោះ​ដំបូង​គេ​ដោយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chhai En កាលពី​វេលា​ម៉ោង​១០ និង​៤៧​នាទី ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ទទួលបាន​នូវ​ការ​ទស្សនា​រាប់ម៉ឺន​ដង ការ​ចុច Like និង​ការចែករំលែក (Share) ជិត​ឈាន​ចូលដល់​១​ម៉ឺន បើ​គិត​ត្រឹម​២៤​ម៉ោង​ដំបូង​។​



 ក្នុង​ឃ្លី​ប​វីដេអូ​ដែលមាន​រយៈពេល​ជិត ៤​នាទី អម​ជាមួយ​ភ្លេង​បទ​ចម្រៀង​ញាក់ៗ លោក ទៀ សុធា បាន​រាំ​តែម្នាក់ឯង និង​មាន​សិស្ស​ជាច្រើន​តាម​ថត​សកម្មភាព​។ លោក ទៀ សុធា និយាយថា ក្នុង​ឃ្លី​ប​វីដេអូ​នោះ នៅពេលដែល​លោក​រាំ គឺ​មិនមាន​ភ្លេង​ទេ ហើយ​នេះ​ជា​អារម្មណ៍​របស់លោក ត្រេកអរ​ខ្លាំង និង​សប្បាយចិត្ត​។



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ទៀ សុធា បន្តថា បន្ទាប់ពី​មានការ​ចែកចាយ​នូវ​សកម្មភាព​របស់លោក លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើន​កុះករ ធ្វើ​ឲ្យ​លោក​មានការ​ព្រួយបារម្ភ ដោយ​បង្រៀន​គួរ​បណ្ដើរ​ភ័យ​បណ្ដើរ  ព្រោះ​ខ្លាច​នាយក​សាលា​ស្ដីបន្ទោស និង​ប៉ះពាល់​ដល់​គ្រូបង្រៀន​ដទៃ​។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន ក៏​ចែករំលែក​បន្ត (share) នូវ​ឃ្លី​ប​វីដេអូ​ខ្លី​នោះ​ផងដែរ​។ ផ្ទុយ​ពី​ការគិត​របស់លោក ទៀ សុធា វីដេអូ​នោះ ត្រូវបាន​ចែកចាយ និង​បញ្ចេញ​មិ​ត អមដោយ​មាន​ពាក្យ​សរសើរ ពី​ការគោរព​ពាក្យសន្យា​រប​ស់លោក​ជាមួយនឹង​សិស្ស​។​

​គ្រូបង្រៀន​គណិតវិទ្យា​រូបនេះ ក៏បាន​សំណូមពរ​ដល់​សិស្សានុសិស្ស​ត្រូវ​ចាប់ផ្ដើម​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​តាំងពី​ដើមឆ្នាំ ដើម្បី​បាន​លទ្ធផល​ល្អ​។ ជាមួយគ្នានេះ លទ្ធផល​ល្អ​ទាំងនេះ ជាក​ត្តិ​យស​របស់​សិស្ស របស់​មាតាបិតា គ្រូបង្រៀន និង​ជាក​ត្តិ​យស​សាលា​ផងដែរ​។​

​សូមបញ្ជាក់ថា លោក ទៀ សុធា ជា​គ្រូបង្រៀន​គណិតវិទ្យា តាំងពី​ឆ្នាំ​១៩៩៩ ដោយ​បច្ចុប្បន្ន​លោក ជា​គ្រូបង្រៀន​គណិតវិទ្យា​ថ្នាក់​ទី ១២ ក្នុង​វិទ្យាល័យ​សម្ដេច​ហ៊ុនសែន​ភ្នំពេញ​ថ្មី និង​ជា​គ្រូបង្រៀន​នៅតាម​សាលា​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​៕




Tag:
 ទៀ សុធា​
  គ្រូបង្រៀន​
  និទ្ទេស A
  បាក់​ឌុប​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com