ជាតិ
កម្ពុជា នឹងទទួលឥទ្ធិពលកូនព្យុះទី១៩ ដែលបង្កឲ្យមានភ្លៀងធ្លាក់ស្ទើរគ្រប់តំបន់
× ភ្នំពេញ៖ ចាប់ពីថ្ងៃទី ១៥ ដល់ទី១៩ ខែកញ្ញា ភ្លៀង នឹងធ្លាក់រាយប៉ាយ ពីបង្គួរ ទៅច្រើន ស្ទើរគ្រប់តំបន់ ក្នុងប្រទេសកម្ពុជា។ កត្តាដែលធ្វើឲ្យមានភ្លៀងធ្លាក់បែបនេះ ដោយសារកម្ពុជា ទទួលរងឥទ្ធិពលកូនព្យុះទី១៩ ឈ្មោះ ដុកស៊ុយរី (DOKSURI) ដែលធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកសមុទ្រចិនខាងត្បូង។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។
ការព្យាករអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១៣ កញ្ញានេះ បង្ហាញថា កម្ពុជាទទួលរងឥទ្ធិពលកូនព្យុះទី១៩ ឈ្មោះ ដុកស៊ុយរី (DOKSURI) ដែលធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន ចូលមកសមុទ្រចិនខាងត្បូង។ កូនព្យុះនេះ នឹងនឹងធ្វើឲ្យកម្ពុជា មានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរ ទៅច្រើន នៅក្នុងតំបន់វាលទំនាប តំបន់ខ្ពស់រាប និងតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៩ ខែកញ្ញានេះ។
បើតាមការព្យាករខាងលើ កូនព្យុះនេះ នឹងបង្កើនឥទ្ធិពលជាបន្តបន្ទាប់ ទៅជាព្យុះទីហ្វុង និងបន្តដំណើរឆ្ពោះមកកាន់ឈូងសមុទ្រតុងកឹង មុននឹងឡើងគោក នៅភាគខាងជើងប្រទេសវៀតណាម។ ឥទ្ធិពលកូនព្យុះនេះ ធ្វើឲ្យតំបន់វាលទំនាប អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ក្នុងនោះខេត្តសៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ធំ។ ចំណែកតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំដងរែក អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី ១៥ ដល់ទី១៩ ខែកញ្ញា។ រីឯតំបន់មាត់សមុទ្រវិញ ចាប់ពីថ្ងៃទី ១៥ ដល់១៨ កញ្ញា អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ ជាមួយគ្នានេះ ផ្ទៃសមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង ជាមួយនឹងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែកញ្ញានេះ។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរ និងប្រជានេសាទតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ពិសេសរលកខ្ពស់ៗ និងខ្យល់បក់ខ្លាំង៕
Tag:
អាកាសធាតុ
កូនព្យុះទី១៩
© រក្សាសិទ្ធិដោយ thmeythmey.com