ជាតិ
ព្រឹទ្ធាចារ្យ ភុល ជឹម គ្រូអក្សរ​សាស្ត្រ​ខ្មែរ​ដ៏​ល្បីឈ្មោះ​ម្នាក់ ទទួលមរណភាព​ក្នុង​អាយុ​៧៣​ឆ្នាំ​
13, Sep 2017 , 3:43 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ជាច្រើន​សប្តាហ៍ គ្រូ​តា ភុល ជឹម ដែលជា​គ្រូបង្រៀន​ដ៏​ល្បីល្បាញ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​នៅ​វិទ្យាល័យ​បាក់​ទូក បានទទួល​មរណភាព​នៅ​ម៉ោង​៧​កន្លះ​ព្រឹក នា​ថ្ងៃទី​១៣ ខែកញ្ញានេះ​។ 



​លោក ជូ ចន្ទ​តារា​រិ​ទ្ធិ កូនប្រុស​បង្កើត​របស់​គ្រូ​តា ភុល ជឹម បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​(Chou Chan Dararith)​របស់ខ្លួន​ថា លោកឪពុក​របស់លោក​បានទទួល​មរណភាព​នៅ​ម៉ោង​៧ និង​៣០​នាទី ថ្ងៃទី​១៣ ខែកញ្ញានេះ​។

​លោក​សរសេរថា​៖ «​លោកប៉ា បានទទួល​មរណភាព​ហើយ​នៅ​ម៉ោង​៧ និង​៣០​នាទី​ព្រឹក នា​ថ្ងៃទី​១៣ ខែកញ្ញា នៅ​មន្ទីរពេទ្យ​ឡា​សង់​តេ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ​»​។

​កាលពី​ពីរ​ថ្ងៃមុន លោក ជូ ចន្ទ​តារា​រិ​ទ្ធ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ  តាម​ទូរ​សព្ទ​ថា ឪពុក​របស់ខ្លួន មាន​ជំងឺ​ធ្ងន់ធ្ងរ ដោយបាន​ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ជាច្រើន​សប្តាហ៍ និង​បាន​អំពាវនាវ​រក​សប្បុរជន ដើម្បី​ជួយផ្តល់​ឈាម និង​ថវិកា​ជួយ​ស្រោចស្រង់​ជីវិត​ឪពុក​របស់ខ្លួន​ទៀតផង​។ ទោះបី​មានការ​ជ្រោមជ្រែង​ពី​សាច់ញាតិ​យ៉ាងណា ប៉ុន្តែ នៅតែ​មិនអាច​ជួយសង្គ្រោះ​ជីវិត​របស់គាត់​បាន​។
  
​បើតាម​លោក ជូ ចន្ទ​តារា​រិ​ទ្ធ បច្ចុប្បន្ន សព​របស់លោក​គ្រូ​តា ភុល ជឹម ត្រូវបាន​ក្រុមគ្រួសារ​យកមក​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​នៅផ្ទះ​លេខ​៣A ផ្លូវ​លេខ​៣៤៩ សង្កាត់​បឹងកក់​១ ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ម្តុំ​អង់​តែ​ន​ទួលគោក​។ 

​លោកគ្រូ​តា ភុល ជឹម គឺជា​អតីត​គ្រូអក្សរ​សាស្ត្រ​ខ្មែរ​ដ៏​ល្បីល្បាញ​នៅ​វិទ្យាល័យ​បាក់​ទូក ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​(RUPP) និង​ជា​គ្រូបង្រៀន​នៅ​មជ្ឈមណ្ឌល​ភូមិភាគ​គរុកោសល្យ​អូរ​បែកក្អម និង​ធ្លាប់​បង្រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ផងដែរ​៕


Tag:
 ភុល ជឹម​
  បាក់​ទូក​
 ​ មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com