ជាតិ
មេធាវី ដាក់សំណើរសុំឲ្យទម្លាក់ការចោទប្រកាន់ ហើយដោះលែងឯកឧត្តម កឹម សុខា លោក សំ សុគង់ មេធាវីការពារក្តីឲ្យឯកឧត្តម កឹម សុខា។
× ភ្នំពេញ៖ ក្រុមមេធាវី បានធ្វើបណ្តឹងជំទាស់ចំនួនពីរ ចំពោះការចោទប្រកាន់និងការឃុំខ្លួន ឯកឧត្តម កឹម សុខា។ បណ្តឹងមួយ បានដាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយបណ្តឹងមួយទៀត បានទៅកាន់សាលាឧទ្ធរណ៍ ដោយមានគោលបំណងតែមួយ គឺដើម្បីជួយឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យបាននៅក្រៅឃុំ។
លោក សំ សុគង់ មេធាវីមួយរូប ដែលការពារក្តីឲ្យឯកឧត្តម កឹម សុខា ប្រាប់សារព័ត៌មានថ្មីៗថា បណ្តឹង ដែលដាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ គឺដើម្បីស្នើឲ្យទម្លាក់ការចោទប្រកាន់លើឯកឧត្តម កឹម សុខា។ លោក បន្តថា ចំណែកឯបណ្តឹងមួយទៀត ដែលដាក់ទៅកាន់សាលាឧទ្ធរណ៍ គឺដើម្បីសុំជំទាស់នឹងដីការបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការឃុំខ្លួនឯកឧត្តម កឹម សុខា។
លោក សំ សុគង់ លើកឡើងថា ការចាប់ខ្លួនឯកឧត្តម កឹម សុខា ទាំងពាក់កណ្តាលអធ្រាត្រ គឺជាប្រការ ដែលច្បាប់ហាមឃាត់។ លោក បន្ថែមថា ម្យ៉ាងទៀត ឯកឧត្តម កឹម សុខា មិនបានប្រព្រឹត្តបទល្មើសជាក់ស្តែងនោះទេ ដូច្នេះការចោទប្រកាន់ឬការចាប់ខ្លួនឯកឧត្តម កឹម សុខា តម្រូវឲ្យមានការដកអភ័យឯកសិទ្ធិសភាជាមុនសិន។
ដោយសំអាងលើហេតុផលទាំងនេះ លោក សំ សុគង់ បានអះអាងថា សាលាដំបូងរាជធានីភ្នំពេញ បានធ្វើខុសនីតិវិធី ដូច្នេះហើយ ទើបក្រុមមេធាវី ទាមទារឲ្យទម្លាក់ការចោទប្រកាន់និងដោះលែងឯកឧត្តម កឹម សុខា ឲ្យមានសេរីភាពឡើងវិញ។ លោកមេធាវីរូបនេះ និយាយដូច្នេះថា៖«យើង ប្តឹងជំទាស់ ព្រោះយើង យល់ថា ការឃុំខ្លួនឯកឧត្តម កឹម សុខា មិនត្រឹមត្រូវតាមនីតិវិធី»។
យ៉ាងណាក៏ដោយចុះ សម្រាប់សមត្ថកិច្ចនិងតុលាការ ឯកឧត្តម កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយផ្អែកលើវីដេអូឃ្លីបមួយ ដែលផលិតដោយប្រព័ន្ធផ្សព្វផ្សាយឈ្មោះ CBN ហើយត្រូវបានបង្ហោះលើបណ្តាញសង្គមហេ្វសប៊ុក។ នៅក្នុងវីដេអូឃ្លីបនោះ ឯកឧត្តម កឹម សុខា បាននិយាយថា ឯកឧត្តម មានអ្នកជំនាញជាជនបរទេស នៅពីក្រោយខ្នង ដើម្បីជួយណែនាំ ក្នុងការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា។
ក្រោយវីដេអូឃ្លីបនោះ បានបែកធ្លាយ សមត្ថកិច្ច បានទៅចាប់ឯកឧត្តម កឹម សុខា ដល់គេហដ្ឋាន ទាំងពាក់កណ្តាលអធ្រាត្រ ម៉ោងប្រហែល១២ និង៣0នាទី ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ បច្ចុប្បន្ន ឯកឧត្តម កឹម សុខា កំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយរងបទចោទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលបទល្មើសនេះ ស្ថិតក្នុងអំពើក្បត់ជាតិ៕
Tag:
កឹម សុខា
មេធាវី
សំ សុគង់
© រក្សាសិទ្ធិដោយ thmeythmey.com