ជាតិ
នយោបាយជាតិ
កម្ពុជារំពឹងថា អាមេរិកពិចារណាឡើងវិញ
×
ក្រោយពីការិយាល័យកុងស៊ុល នៃស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានប្រកាសផ្អាកផ្តល់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ប្រភេទ B1 និងប្រភេទB2 ដល់មន្ត្រីក្រសួងការបរទេសកម្ពុជា ក្រសួងនេះ បានសរសេរកំណត់ហេតុទៅស្ថានទូតប្រទេសមហាអំណាច ដើម្បីឆ្លើយតបនឹងការសម្រេចនេះ។ ក្រសួងការបរទេសកម្ពុជា សោកស្តាយចំពោះការសម្រេចរបស់អាមេរិក។
កម្ពុជា បានចាត់ទុកការសម្រេចផ្អាកផ្តល់ទិដ្ឋាការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាថា ធ្វើឡើងដោយគ្មានការពិចារណាត្រឹមត្រូវ ទៅលើអ្វីដែលភាគីទាំងពីរបានជជែក និងព្រមព្រៀងគ្នាកន្លងមក។ កំណត់ទូតរបស់ក្រសួងការបរទេសកម្ពុជាឆ្លើយតបនឹងស្ថានទូតអាមេរិក នៅយប់ថ្ងៃទី ១៣ ខែកញ្ញា បានលើកឡើងយ៉ាងនេះថា៖«កម្ពុជាសោកស្តាយ ដែលរដ្ឋាភិបាលអាមេរិក សម្រេចដាក់កម្ពុជាទៅក្នុងបញ្ជីនៃប្រទេសដែលមិនសហការជាមួយខ្លួន ដើម្បីឈប់ផ្តល់ទិដ្ឋាការ B1/B2 ដល់ប្រជាជនកម្ពុជា និងការដាក់កំហិតផ្នែកទិដ្ឋាការប្រឆាំងកម្ពុជា ដោយគ្មានការពិចារណាទៅលើកំណត់ហេតុររបស់ក្រសួង ចុះថ្ងៃទី ៣១ ខែសីហា ស្តីការប្រតិបត្តិការនៃកម្មវិធីមាតុភូមិនិវត្ត»។
ក្រសួងការបរទេសកម្ពុជា ក៏បានលើកឡើងថា ការសម្រេចរបស់រដ្ឋាភិបាលអាមេរិកនេះ មិនសមស្របនឹងស្មារតីនៃកិច្ចសហប្រតិបត្តិការល្អលើកម្មវិធីមាតុភូមនិវត្តរវាងប្រទេសទាំងពីរទេ។ ជាមួយនឹងការសោកស្តាយនេះដែរ ក្រសួងការបរទេសកម្ពុជា រំពឹងទុកថា រដ្ឋាភិបាលអាមេរិក នឹងពិចារណាឡើងវិញ លើអ្វីដែលរដ្ឋាភិបាលនេះ បាននិយាយ និងពិភាក្សាជាមួយខ្លួនកន្លងមក ក្នុងគោលដៅ លើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសកម្ពុជា បកស្រាយបន្ថែមដូច្នេះថា៖« ដូចដែលបានលើកឡើងមកហើយ នៅក្នុងកំណត់ហេតុរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៦ ដោយក្រសួងបានធ្វើសំណើរយ៉ាងច្បាស់ ដើម្បីពន្យារពេលបណ្តោះអាសន្នការអនុវត្តនៃអនុស្សារណៈ និងខ្លឹមសារបន្ថែមរបស់ខ្លួន ដោយភ្ជាប់ជាមួយនឹងមតិយោបល់នៃការបារម្ភពីសិទ្ធិនៃមនុស្សជាតិ នៃជនជាតិខ្មែរដែលត្រឡប់មកកម្ពុជាវិញ ដែលបានលើកឡើងដោយសមាជិកមួយចំនួននៃសហគមន៍កម្ពុជានៅអាមេរិក និងសភាអាមេរិក»។
ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ តទៅ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំភ្នំពេញ
ផ្អាកចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និងប្រភេទ B1/B2 (ទិដ្ឋាការទេសចរ និងអាជីវកម្មជាដើម) ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូល(រដ្ឋមន្ត្រី)នៃក្រសួងនេះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសមហាអំណាចមួយនេះ ក៏ផ្អាកផ្តល់ទិដ្ឋាការប្រភេទដូចគ្នានេះដែរ ចំពោះក្រុមគ្រួសាររបស់មន្ត្រីទាំងនោះផងដែរ ដោយលើកលែងតិចបំផុត។ ការសម្រេចរបស់អាមេរិកបែបនេះ ធ្វើឡើង ដោយសារកម្ពុជាបដិសេធមិនទទួលយកពលរដ្ឋរបស់ខ្លួន ដែលរស់នៅក្នុងប្រទេសអាមេរិកដោយខុសច្បាប់។
Tag:
ក្រសួងការបរទេសកម្ពុជា
ទូតអាមេរិក
ទដ្ឋាការ
© រក្សាសិទ្ធិដោយ thmeythmey.com