អន្តរជាតិ
នយោបាយអន្តរជាតិ
នាយករដ្ឋមន្ត្រី អាបេ ព្រមានកូរ៉េខាងជើង ក្រោយបាញ់មីស៊ីលរំលងដែនអាកាសជាលើកទី២
×
បន្ទាប់ពីកូរ៉េខាងជើងបានគំរាមកម្ទេចជប៉ុន និងធ្វើឲ្យអាមេរិកទៅជាផេះ កូរ៉េខាងជើងបានបាញ់មីស៊ីលរំលងដែនអាកាសជប៉ុនជាលើកទី២។ សកម្មភាពគឃ្លើនរបស់កូរ៉េខាងជើងបង្កឲ្យមានការគំរាមពីជប៉ុនថា ខ្លួនមិនអនុញ្ញាតិឲ្យកូរ៉េខាងជើងបន្តសកម្មភាពគំរាមកំហែងម្ដងហើយម្ដងទៀតឡើយ ហើយជប៉ុនប្រឆាំងនឹងសកម្មភាពបែបនេះជាដាច់ខាត។
ជប៉ុនបានបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលរំលងទឹកដីខ្លួនជាលើកទី២នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា។ សកម្មភាពនេះបណ្ដាលឲ្យភាពតានតឹងនៅក្នុងតំបន់កាន់តែកើនឡើង ហើយជប៉ុនក៏បានព្រមានដែរថា ខ្លួននឹងមិនបណ្ដោលឲ្យកូរ៉េខាងជើងបន្តសកម្មភាពគំរាមកំហែងបែបនេះទៀតឡើយ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuter មីស៊ីលបាញ់នេះ ជាមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម ដោយហោះលើរយៈកម្ពស់៧៧០គីឡូម៉ែត្រ ហើយអាចបាញ់បានចម្ងាយ៣៧០០គីឡូម៉ែត្រ។ មីស៊ីលនេះបានហោះរំលងជប៉ុន ហើយធ្លាក់នៅជិតឆ្នេរខាងកើតចម្ងាយ២០០០គីឡូម៉ែតត្រពីកោះHokkaido ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
ក្រោយទង្វើព្រហើននេះ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្សូ អាបេ បានព្រមានកូរ៉េខាងជើងជុំវិញការបាញ់មីស៊ីលនេះ។ «ជប៉ុននឹងមិនបណ្ដោលឲ្យកូរ៉េខាងជើងធ្វើសកម្មភាពបែបនេះទៀតទេ។ ការបាញ់មីស៊ីលលើកចុងក្រោយបង្អស់នេះ បានបង្ហាញយ៉ាងច្បាស់ថាទណ្ឌកម្មថ្មីលើកូរ៉េខាងជើងគួរតែអនុវត្តឲ្យបានតឹងរ៉ឹងបំផុត។» នេះជាសម្ដីរបស់លោកអាបេ ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង yonhap ។
នាយករដ្ឋមន្ត្រីជប៉ុនរូបនេះក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យសហការគ្នាដើម្បីបញ្ឈប់កូរ៉េខាងជើងក្នុងការបន្តធ្វើសកម្មភាពគំរាមកំហែងដែរ។ ដោយពឹងផ្អែកលើសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក លោកនាយករដ្ឋមន្ត្រីជប៉ុនបានសន្យាថានឹងការពារប្រទេសខ្លួនឲ្យបានតឹងរ៉ឹងបំផុត។ ចំណែកឯ មន្ត្រីជាន់ខ្ពស់ជប៉ុន លោក Yoshihide Suga ក៏បានអះអាងថា ជប៉ុននឹងមិនអនុញ្ញាតិឲ្យកូរ៉េខាងជើងបន្តធ្វើសកម្មភាពគំរាមកំហែងទៀតឡើយ។ជប៉ុនប្រឆាំងដាច់ខាតនឹងសកម្មភាពបែបនេះ។
សូមជម្រាបដែរថា នៅថ្ងៃទី២៩ខែសីហា ក្រុងព្យុងយ៉ាងធ្លាប់បានបាញ់មីស៊ីលរំលងជប៉ុនម្ដងរួចមកហើយ។ ហើយនៅថ្ងៃទី១៤ខែកញ្ញា កូរ៉េខាងជើងក៏បានគំរាមកម្ទេចជប៉ុនឲ្យលិចបាត់ទៅក្នុងសមុទ្រផងដែរ។ ការគំរាមរបស់កូរ៉េខាងជើងធ្វើឡើយក្រោយរដ្ឋមួយនេះទើបសាកល្បងគ្រាប់បែកអ៊ីដ្រូសែនបានជោគជ័យកាលពីដើមខែនេះ៕
Tag:
ជប៉ុន
កូរ៉េខាងជើង
ការបាញ់មីស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com