ជាតិ
សង្គមជាតិ
ហេតុអ្វី​គេ​បោះ​បាយបិណ្ឌ និង​ធ្វើ​នំអន្សម​ដាក់​បិណ្ឌ​?
19, Sep 2017 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​ខ្មែរ បាន​បង្កើត​ទំនៀមទម្លាប់​ថ្មី​មួយទៀត គឺ​ការប្រមូល​មូល​មុំ​នាំគ្នា ប្រារព្ធ​ប្រជុំ​បិណ្ឌ នៅក្នុង​ទីវ​ត្ត​អារាម នៅក្រោយពី​ប្រទេស​ខ្មែរ​ទទួល​ឥទ្ធិពល​ព្រះពុទ្ធសាសនា ពី​ឥណ្ឌា នៅ​ជំនាន់​សតវត្សរ៍​ទី​១១ ផ្សំ​នឹង​ជំនឿ​វិញ្ញាណ​និយម និង​ជំនឿ​ព្រា​ហ្ម​ញ្ញ​សាសនា ដែល​បាន​មកដល់​ប្រទេស​ខ្មែរ តាំងពី​ជំនាន់​ព្រះបាទ​កោ​ឌិ​ណ្យ​ជ័យវរ្ម័ន និង​ព្រះ​នាង​សោមា​ទេវី​។ ការ​ប្រារព្ធ​ពិធី​ប្រជុំ​បិណ្ឌ​នេះ គឺ​ដើម្បី​រំលឹក​នូវ​កតញ្ញូតាធម៌​របស់​ខ្លួនគេ​ម្នាក់ៗ ចំពោះ​លោកអ្នក​មានគុណ ការចែករំលែក​បុណ្យ គឺ​អំពើ​ល្អ​ដែលជា​ទាន​ដល់​បុគ្គល​ផង​ដទៃ ដែលជា​មិត្ត និង​ញាតិសន្តាន​ក្នុងភូមិ រួមទាំង​អ្នកស្រុក​អ្នកភូមិ​ជិតខាង ដែល​រស់នៅ​ខើច​ខ្វះខាត ទាំងឡាយ​។​



​ក្រោយពី​ប្រទេស​ខ្មែរ បានទទួល​ឥទ្ធិពល​ព្រះពុទ្ធសាសនា យ៉ាងគំហុក ពី​ប្រទេស​ឥណ្ឌា នៅ​ជំនាន់សតវត្សរ៍​ទី​១១(​ក្រោម​អធិបតីភាព នៃ​ព្រះ​ចៅ​គ្រង​រាជ ជ័យ​វរ្ម័នទី​៧) បូកផ្សំ​នឹង​ជំនឿ​វិញ្ញាណ​និយម និង​ជំនឿ​ព្រា​ហ្ម​ញ្ញ​សាសនា ដែល​បាន​មកដល់​ប្រទេស​ខ្មែរ តាំងពី​ជំនាន់​ព្រះបាទ កោ​ឌិ​ណ្យ​ជ័យវរ្ម័ន និង​ព្រះ​នាង​សោមា​ទេវី (​ឬ ព្រះបាទ​ហ៊ុនទៀន ព្រះ​នាង​លីវយី​) ពលរដ្ឋ​ខ្មែរ បាន​បង្កើត​ទំនៀមទម្លាប់​ថ្មី​មួយទៀត គឺ​ការប្រមូល​មូល​មុំ​នាំគ្នា ប្រារព្ធ​ប្រជុំ​បិណ្ឌ នៅក្នុង​ទីវ​ត្ត​អារាម​។ 

វត្ត​អារាម ដែល​ភាគច្រើន ច្រើន​សង់​នៅ     កណ្តាល​ភូមិ ដើម្បី​ឲ្យ​អ្នកស្រុក ស្រួល​ដើរចេញ​ចូល​ព្រឹកល្ងាច ក្នុងការ​ចែកចាយ​នូវ​បុណ្យ​កុសល គឺ​ផ្តល់នូវ​អំពើ​ល្អ ចំពោះ​គ្នា ដើម្បី​បង្កើន សេចក្តីសុខ​សន្តិ​មង្គល​ចម្រើន​រុងរឿង ក្នុង​ចិត្ត ក្នុង​គ្រួសារ និង​ក្នុងភូមិ ដែល​ខ្លួនគេ​រស់នៅ​។

​គោលការណ៍​ចម្បង នៃ​ការ​ប្រារព្ធ​ពិធី​ប្រជុំ​បិណ្ឌ​នេះ គឺ​ដើម្បី​រំលឹក​នូវ​កតញ្ញូតាធម៌​របស់​ខ្លួនគេ​ម្នាក់ៗ ចំពោះ​លោកអ្នក​មានគុណ​ទាំងឡាយ ព្រមទាំង​មានការ​ចែករំលែក​បុណ្យ គឺ​អំពើ​ល្អ ដែលជា​ទាន​ដល់​បុគ្គល​ផង​ដទៃ ដែលជា​មិត្ត និង​ញាតិសន្តាន​ក្នុងភូមិ រួមទាំង​អ្នកស្រុក​អ្នកភូមិ​ជិតខាង ដែល​រស់នៅ​ខើច​ខ្វះខាត ទាំងឡាយ​នោះ​ផង​។​

​នៅក្នុង​ពិធី​ប្រារព្ធ​បុណ្យ​ប្រជុំ​បិណ្ឌ​នេះ អ្នកស្រុក​អ្នកភូមិ បានជ្រើសរើស នំអន្សម ជា​អត្តសញ្ញាណ ប្រចាំការ​ប្រារព្ធ​ពិធី​នេះ ជាបឋម ដោយ​មូលហេតុ​ច្រើន​ប្រការ ដូចជា​៖ ទីមួយ តំណាង​ភោគផល ដែល​ខ្លួន​ខិតខំ​ប្រឹងប្រែង​សន្សែសន្សំ​រកបាន​មក គឺ​អង្ករ​ជា​តំណាង​ផល​ស្រូវ សណ្តែកបាយ​ចេក​ដូង ជា​តំណាង​ផលដំណាំ​ចម្ការ សាច់ជ្រូក​ជា​តំណាង​ផល​នៃ​សត្វ​ចិញ្ចឹម (​បែប​ជំនឿ​វិញ្ញាណ​និយម​)​។ ទី​ពីរ ទឹកចិត្ត​ព្រះ​ម៉ែ គឺ​ស្រូវ​អង្គរ ដែល​បាន​ជួយ​ផ្គត់ផ្គង់​ជីវិត​រស់នៅ របស់​ពួកគេ (​បែប​ព្រះពុទ្ធសាសនា គឺ​ការ​ស្គាល់​និង​គោរព​គុណ​ម្តាយ​)​។ ទី​បី ជា​តំណាង ការបន្ត​ពូជ បន្តជីវិត (​ជា​ជំនឿ​បែប​ព្រា​ហ្ម​ញ្ញ​សាសនា ដោយ​យកនំ​អន្សមជ្រូក​ជា​តំណាង​ភេទ​ប្រុស នំអន្សមចេក ជា​តំណាង​ភេទ​ស្រី​។ ក្រោយមក យើង​មានការ​រួមបញ្ចូល​បន្ថែ​ម មាន នំគម ជា​តំណាង​ភេទ​ស្រី នំ​ធ្មៃ​ជា​តំណាង​ផែនដី ។​ល​។​)​។ ទី​បួន ជា​ដាស់តឿន​ស្មារតី​សាមគ្គីភាព​ដ៏​មុតមាំ គ្មាន​រើសអើង ដោយ​បង្ហាញ​នូវ​ទឹក​ចិត្តល្អ ចំពោះ​គ្នា ទៅវិញទៅមក មិន​ថា​នរណា ជា​នរណា​ឡើយ (​បែប​ស្មារតី​នយោបាយ​ជាតិនិយម​)​។​ទី​ប្រាំ ជា​គឺ​ការ​ប្រា​រព​ពិធី​រំដោះ​ចិត្ត ឲ្យ​លោះ​ចេញ នូវ​សេចក្តី​បាប នៅក្នុង​ខ្លួន ដោយ​ការខិតខំ​កសាង​អំពើ​ល្អ ចំពោះ​ខ្លួនឯង​ផង ចំពោះ​ក្រុមគ្រួសារ​ផង និង​ចំពោះ​អ្នកដទៃ​ផង (​បែប​ពុទ្ធ​និយម​)​។

​បវេណី នៃ​ការ​ប្រារព្ធ​បុណ្យ​ប្រជុំ​បិណ្ឌ​នេះ គឺ​គេ​បានជ្រើសរើស​ធ្វើ​នៅក្នុង​កំឡុងពេល ដែល​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាក​ដៃ ទំនេរ​ពី​ដក​ស្ទូង រង់ចាំ​ស្រូវ​ហុច​ផល ដើម្បី​ច្រូតកាត់​។ នៅក្នុង​បវេណី​ប្រជុំ​បិណ្ឌ​នេះដែរ យើង​ឃើញ​មាន​បវេណី​ដ៏​សំខាន់​មួយ ដែល​ខ្មែរ​យើង​សព្វថ្ងៃ​និយម​ជាងគេ គឺ​ពិធី​បោះ​បាយបិណ្ឌ ដើម្បី​រំ​លោះ​ចិត្ត​បាប និង​ចិត្ត​អកុសល ដោយ​ការធ្វើ​បុណ្យ ចំពោះ​ប្រេត ឲ្យ​ប្រេត​បាន​ស្គាល់ នូវ​បុណ្យ​កុសល​នេះ ហើយ​បាន​បែរមក​លះ​ចិត្ត លះ​ជីវិត​ជា​ប្រេត ដើម្បី​ទទួល​កុសល បាន​ទៅ​ចាប់ជាតិ​ជាម​នុស្ស ប្រសើរ​នឹង​គេ​រិញ​៕

​ប្រភព​៖​អ្នកស្រី​កែវ ច័ន្ទ​បូរ​ណ៌​




Tag:
 បាយបិណ្ឌ​
 ​ភ្ជុំបិណ្ឌ​
 ​នំអន្សម​
© រក្សាសិទ្ធិដោយ thmeythmey.com