កីឡាអន្តរជាតិ
អន្តរជាតិ
សំបុត្រ​ទស្សនា World Cup នៅ​រុស្ស៊ី​មានតម្លៃ​ចាប់ពី​១០៥ ទៅ ១១០០​ដុល្លារ​
15, Sep 2017 , 5:59 pm        
រូបភាព
​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​បា​ល់​ទាត់ FIFA World Cup ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​ចាប់​ដាក់លក់​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកញ្ញា ក្នុងតម្លៃ​ទាប​បំផុត ១០៥ ដុល្លារ និង​ថ្លៃ​បំផុត ១១០០​ដុល្លារ​។ នេះ​បើតាម​ការផ្សាយ​របស់ Telegraph​។​



​រុស្ស៊ី​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​ពិភពលោក ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១៤ ខែមិថុនា ឆ្នាំក្រោយ​។ អ្នកគាំទ្រ​ទាំងអស់​ដែល​ចង់ទៅ​ទស្សនាការ​ប្រកួត​ដោយផ្ទាល់​អាចដាក់​ពាក្យសុំ​ទិញ​សំបុត្រ​តាមរយៈ​គេហទំព័រ​ផ្លូវការ​របស់ FIFA ពី​ពេលនេះ​តទៅ​។​



​តម្លៃ​សំបុត្រ​មាន​ចាប់ពី ១០៥​ដុល្លារ​សម្រាប់​ការប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល រហូតដល់ ១១០០​ដុល្លារ សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ទីក្រុង​ម៉ូស្គូ​។​
​សំបុត្រ​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​រហូតដល់ ១១០០​ដុល្លារ​សម្រាប់​ការប្រកួត World Cup នៅ​រុស្ស៊ី​នេះ គឺ​ថ្លៃ​ជាង​តម្លៃ​សំបុត្រ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ប្រេ​ស៊ី​ល​កាលពី​ឆ្នាំ​២០១៤ រហូតដល់​ទៅ ២០០​ដុល្លារ​ឯណោះ​។​

​តម្លៃ​សំបុត្រ​ចែកចេញជា​៤​ប្រភេទ ដែល​ប្រភេទ​ទី​១​ជា​កន្លែង​ល្អ និង​ថ្លៃ​ជាងគេ ហើយ​ប្រភេទ​ទី​៤​ជា​កៅអី​ពិសេស​និង​មានតម្លៃ​ថោក​ជាងគេ​ក្នុង​ព្រឹត្តិការណ៍​នេះ​សម្រាប់តែ​អ្នកគាំទ្រ​របស់​ម្ចាស់ផ្ទះ​រុស្ស៊ី​ប៉ុណ្ណោះ ដែលមាន​តម្លៃ​ចាប់ពី​២៣​ដុល្លារ រហូតដល់ ១២៣​ដុល្លារ​។​



​សូមបញ្ជាក់ថា បើទោះជា​សំបុត្រ​ចាប់ផ្តើម​លក់​ជា​បណ្តើរៗ​ហើយ​ក្តី តែ​ក្រុម​មួយចំនួន​នៅ​មិនទាន់​ដឹង​ច្បាស់​ថា បាន​កៅអី​ឆ្ពោះទៅ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រុស្ស៊ី​ឆ្នាំក្រោយ​នៅឡើយ​នោះទេ​។ ដោយឡែក ក្រុម​ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​នេះ​រួចស្រេច​ហើយ រួមមាន ប្រេ​ស៊ី​ល ម៉ិ​ក​ស៊ិ​ក អ៊ីរ៉ង់ បែលហ្ស៊ិក ជប៉ុន កូរ៉េខាងត្បូង អា​រ៉ា​បី​សា​អូឌីត និង​ម្ចាស់ផ្ទះ​រុស្ស៊ី​៕


Tag:
 ​បាល់ទាត់​
  World Cup
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com