កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​រដូវរងារ​២០១៨ នឹងធ្វើ​ឡើង​តាម​ផែនការ ទោះ​វិបត្តិ​ឧបទ្វីប​កូរ៉េ​មិនទាន់​ធូរស្រាល​ក្ដី​
19, Sep 2017 , 8:00 pm        
រូបភាព
ដោយ:
កីឡា​អូឡាំពិក​រដូវរងារ​២០១៨ នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​២៥​ខែ​កុ​ម្ភះ ដែលមាន​កូរ៉េខាងត្បូងជាម្ចាស់ផ្ទះ​។ ទោះ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​នៅ​មិនទាន់​ធូរស្បើយ​ក្ដី​ ​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​បាន​អះអាងថា ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​នេះ​នឹងធ្វើ​ឡើង​ដោយ​គ្មាន​ការគំរាមកំហែង​សន្តិសុខ​ឡើយ​។ ឯ​កូរ៉េខាងត្បូង​នឹង​បើកទ្វារ​ទទួល​​អត្ត​ព​លិ​ក​កូរ៉េខាងជើង​រហូតដល់​នាទីចុងក្រោយ​។​



​ប្រធាន​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​លោក Thomas Bach បាន​និយាយថា កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំក្រោយ ដែល​រៀបចំ​នៅ​កូរ៉េខាងត្បូង នឹងធ្វើ​ដោយ​គ្មាន​ការគំរាមកំហែង​សន្តិសុខ​នោះទេ ដ្បិត​វិបត្តិ​ឧបទ្វីប​កូរ៉េ​នៅតែ​បន្ត​កើតមាន​ក្ដី​។​

​ជាច្រើន​ម៉ោង​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​យល់ស្រប​ជា​ឯកច្ឆន្ទ​ក្នុងការ​ដាក់ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង លោក Bach បាន​និយាយ​ដូច្នេះ​ថា​៖ «​វា​គ្មាន​ការគំរាមកំហែង​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​២០១៨​ដែល​នឹង​ធ្វើឡើង​នៅ​កូរ៉េខាងត្បូង​នោះទេ​»​។​

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​រូបនេះ​បញ្ជាក់ថា​៖«​យើង​ក៏បាន​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ផ្សេងៗ​ដែរ​។​យើង​គិតថា​គ្មានអ្វី​កើតឡើង​នោះទេ ព្រោះ ភាព​តានតឹង​របស់​កូរ៉េខាងជើង​ជាមួយ​ប្រទេស​ដទៃ និង​ការគំរាមកំហែង​សន្តិសុខ​លើ​កីឡា​អូឡាំពិក​គ្មាន​ជាប់​ពាក់ព័ន្ធ​គ្នា​សូម្បីតែ​បន្តិច​»​។​

​ទោះជា​យ៉ាងនេះ​ក្ដី លោក Bach សង្ឃឹមថា​វិបត្តិ​ឧបទ្វីប​កូរ៉េ​នឹង​ដោះស្រាយ​ដោយ​សន្តិភាព​មុន​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ ដែល​ធ្វើ​នៅ​ទីក្រុង Pyeongchang ចូលមក​ដល់​។ ម្យ៉ាងទៀត គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​នៅតែ​បើកទ្វារ​ទទួល​ការចូលរួម​ពី​អត្ត​លិ​ក​មកពី​បណ្ដា​ប្រទេស​លើ​លោក​រួមទាំង​កូរ៉េខាងជើង​ផងដែរ​។​

​គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​ក៏បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ជួយ​ដល់​អត្ត​ព​លិ​ក​កូរ៉េខាងជើង​ឲ្យ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ប្រកួត ព្រោះ​អត្ត​ព​លិ​ក​កូរ៉េខាងជើង​កន្លងមក​នូវ​មិនទាន់មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ប្រកួត​នៅឡើយ​ទេ​។ គណៈកម្មការ​អូឡាំពិក​អន្តរជាតិ​នឹង​ផ្ដល់​តួនាទី​ដល់​គណៈកម្មាធិការ​អូឡាំពិក​កូរ៉េខាងជើង​ដើម្បី​សម្រួល​ការងារ​នេះ​។​

កាលពី​ខែមិថុនា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ក៏បាន​លើកឡើងថា កូរ៉េខាងត្បូង​នឹង​ផ្ដល់ឱកាស​ឲ្យ​កូរ៉េខាងជើង​ក្នុងការ​សម្រេចចិត្ត​ចូលរួម​រហូតដល់​នាទីចុងក្រោយ​។ គួរ​បញ្ជាក់ដែរថា នេះ​ជា​លើកដំបូង​ហើយ​ដែល​កីឡា​អូឡាំពិក​រដូវរងារ​ធ្វើឡើង​នៅ​កូរ៉េខាងត្បូង ខណៈដែល​ជប៉ុន​ក៏​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​ដែរ​៕



Tag:
 កូរ៉េខាងត្បូង​
  កីឡា​អូឡាំពិក​រដូវរងារ​
  ​Thomas Bach
© រក្សាសិទ្ធិដោយ thmeythmey.com