កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី ប្រាប់​កីឡាករ​ដែល​ចូលរួម​ប្រកួត​នៅ​កូរ៉េខាងជើង ត្រូវមាន​ទំ​ទុកចិត្ត​ខ្ពស់ និង​មើល​ដៃគូ​ឲ្យ​តូច​
16, Sep 2017 , 11:32 am        
រូបភាព
ដោយ:
​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា លោក កែវ រ៉េមី ប្រាប់​ឲ្យ​កីឡាករ​ដែល​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក នៅ​ប្រទេស​កូរ៉េខាងជើង កុំ​មាន​អារម្មណ៍​ភិតភ័យ និង​តក់ស្លុត ពេល​ជួប​ជាមួយ​ម្ចាស់​ក្បាច់គុន​។ លើសពីនេះ លោក ជំរុញ​ឲ្យ​កីឡាករ ត្រូវ​មើល​ដៃគូ​ប្រជែង​ឲ្យ​តូច​ជាង​ខ្លួន​ជានិច្ច​។ ការជំរុញ​នេះ ដោយសារ​លោក​យល់ថា ការ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ជា​កត្តា​កំណត់​ភាពជោគជ័យ​។​



​នៅក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​អត្ត​ព​លិ​ក មុន​ថ្ងៃ​ចេញដំណើរ កាលពីពេល​ថ្មីៗ​នេះ លោក កែវ រ៉េមី ប្រាប់​ឲ្យ​កីឡាករ​ដែល​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​កូរ៉េខាងជើង ត្រូវដាក់​គោលដៅ​ឲ្យ​ខ្ពស់ និង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។ ការជំរុញ​បែបនេះ ដោយសារ​លោក​យល់ថា ទំនុក​ចិត្តជា​កត្តា​ចម្បង​ជាងគេ​ក្នុង​ការកំណត់​ភាពជោគជ័យ​។  

​ជាមួយគ្នានេះ ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​រូបនេះ បាន​ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់ ត្រូវ​តាំងចិត្ត និង​ផ្តោត​សំខាន់​លើ​ការប្រកួត ដោយ​ដាក់​គោលដៅ​ត្រូវ​យកឈ្នះ​លើ​គូប្រកួត ពោលគឺ​កុំ​បាក់​ទឹកចិត្ត ឬ​តក់ស្លុត ពេល​ជួប​ជាមួយ​ម្ចាស់​ក្បាច់គុន ឬ​ជើង​ខ្លាំង​ណាក៏ដោយ​។ ប្រធាន​សហព័ន្ធ​រូបនេះ​ផ្តាំ​ឲ្យ​កីឡាករ​ទាំងអស់ ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ហើយ​ជៀង​វាង​ការប្រើប្រាស់​សារធាតុ​ហាមឃាត់ និង​កលល្បិច ដើម្បី​យកឈ្នះ​ដៃគូ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេសជាតិ​។  «​កីឡាករ​ទាំងអស់​កុំ​បាក់​ទឹកចិត្ត និង​តក់ស្លុត​ឲ្យ​សោះ ពេល​ប៉ះ​ម្ចាស់​ក្បាច់គុន ឬ​ជើង​ខ្លាំង ពោលគឺ​ត្រូវ​តាំងចិត្ត​យកឈ្នះ​ឲ្យ​បាន ដើម្បី​កិត្តិយស​ខ្លួនឯង និង​ប្រទេសជាតិ​។ ពេល​ប្រកួត​យើង​ត្រូវ​ផ្តោតអារម្មណ៍ ជឿជាក់​លើ​ខ្លួនឯង អត់​រំភើប អត់​ខឹង ហើយ​ត្រូវ​មើល​ដៃគូ ទោះ​ធំ​យ៉ាងណា មើល​ឲ្យ​តូច​ដូច​ចៃ​»​។ នេះ​ជាការ​ជំរុញ​របស់ លោក កែវ រ៉េមី​។



​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF បាន​ដឹកនាំ​ប្រតិភូ គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ដោយផ្ទាល់ ដើម្បី​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក 20th ITF World Champions 2017 នៅ​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​។ ការប្រកួត​នេះ​រៀបចំឡើង​ចន្លោះ​ពីថ្ងៃ​ទី​១៥  ដល់​ថ្ងៃទី​២២ ខែកញ្ញា ខណៈ​ប្រតិភូ​កីឡា​កម្ពុជា បាន​ចាក​ចេញពី​មាតុប្រទេស​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា​៕ 


Tag:
 តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com