អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​Microsoft កសាង​អនាគត​កាន់តែ​ភ្លឺស្វាង សម្រាប់​យុវជន ៣០០០ នាក់ នៅ​កម្ពុជា​
16, Sep 2017 , 1:26 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ដើម្បី​អបអរ​ខួប​មួយឆ្នាំ​នៃ​កម្មវិធី​ភាពជា​ដៃគូ​រវាង​និស្សិត និង​Microsoft កម្មវិធី​យុវជន YouthSpark របស់​Microsoft នៅ​កម្ពុជា ដែល​បើកឱកាស​កាន់តែ​ច្រើន​ដល់​យុវជន​កម្ពុជា​ឲ្យ​ទទួលបាន​ការបណ្ដុះបណ្ដាល​ផ្នែក​បច្ចេកវិទ្យា និង​បច្ចេកទេស ដើម្បី​អភិវឌ្ឍ​ជំនាញ​ឲ្យ​កាន់តែ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត​។​

​កម្មវិធី​ភាពជា​ដៃគូ​រវាង​និស្សិត និង Microsoft (MSP) បង្កើតឡើង​ក្នុង​គោលបំណង​បណ្ដុះ​ជំនាញ​បច្ចេកវិទ្យា​ដល់​យុវជន តាមរយៈ​ការផ្ដល់​មូលដ្ឋាន​មួយ​សម្រាប់​បង្កើត​សហគមន៍​របស់​និស្សិត ផ្ដោតលើ​បច្ចេកវិទ្យា ក៏ដូចជា​ការផ្ដល់ជូន​ការបណ្ដុះបណ្ដាល និង​ធនធាន​ថ្មីៗ​បំផុត ។ នេះ​គឺជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​ជាមួយនឹង​អង្គ​ការមិន​រកប្រាក់​ចំណូល ឈ្មោះថា STEM Cambodia ដែល​ក្នុងនោះ ក្រុមហ៊ុន Microsoft បានជ្រើសរើស​និស្សិត​ពូកែៗ​ចំនួន ៥៤ នាក់ មកពី​វិ​ទ្សា​ស្ថាន​ចំនួន ១០ នៅ​ទីក្រុង​ភ្នំពេញ ក្នុង​រយៈកាល​មួយឆ្នាំ​មកនេះ ដើម្បី​ទទួលបាន​ការបណ្ដុះបណ្ដាល​ផ្នែក​បច្ចេកទេស ស្ដីពី​ភាសា​លើ​ការផលិត​កម្មវិធី (Programming) និង​កម្មវិធី​ផ្សេងទៀត​ដូចជា Xamarin និង ASP.net ជាដើម​។

​និស្សិត​ទាំងនោះ​ក៏មាន​ឱកាស អភិវឌ្ឍ​ជំនាញ​ភាពជា​អ្នកដឹកនាំ ជំនាញ​ទំនាក់ទំនង និង​ជំនាញ​គ្រប់គ្រង​គម្រោង ក្នុងពេល​ចូលរួម​វគ្គ​សិក្សា​នៃ​កម្មវិធី​នេះ​។ ក្នុងនាម​ជា​ទូត របស់​ក្រុមហ៊ុន Microsoft តំណាង​ឲ្យ​សាលារៀន​ពួកគេ​ម្នាក់ៗ កម្មវិធី MSP បានរៀបចំ​ព្រឹត្តិការណ៍ និង​សិក្ខា​សិលា​នានា ហើយ​បាន​បង្កើត​សហគមន៍​បច្ចេកវិទ្យា​ដ៏​សកម្ម​មួយ​យ៉ាង​ជោគជ័យ ដែលមាន​និស្សិត​ជាង ៧០០​នាក់ នៅក្នុង​សហគមន៍​នោះ​។​

​យោងទៅតាម លោក​Allen Dodgson Tan នាយក​គ្រប់គ្រង​អង្គការ STEM​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​កម្មវិធី MSP របស់ Microsoft គឺ​កំពុងតែ​ជួយ​បំប៉ន​ជំនាញ​សំខាន់​ជាស​កល ដល់​វិស័យ​ព័ត៌មានវិទ្យា​ដែល​កំពុង​លូតលាស់​នៅ​កម្ពុជា ។ កម្មវិធី​នេះ​បានផ្ដល់​ឱកាស​ពិសេស សម្រាប់​និស្សិត​ដែល​ពាក់ព័ន្ធ ហើយ​ជា​លទ្ធផល​នឹង​លើកកម្ពស់​ជំនាញ​នៅក្នុង​វិស័យនេះ​ទាំងមូល​»​។

Dalya Limchan ដែល​ស្ថិតក្នុង​កម្មវិធី MSP បាន​បន្ថែមថា​៖ «​នេះ​ជា​កម្មវិធី ដែល​បណ្តុះ​និស្សិត​ឲ្យ​មានគំនិត​ច្នៃប្រឌិត​ថ្មី និង​ផ្តល់ឱកាស​ដល់​ពួកយើង​ដើម្បី​បាន​អភិវឌ្ឍ​ជំនាញ​បច្ចេកទេស និង​ជំនាញ​គិត ។ យើង​ត្រូវ​បានផ្តល់​ថាមពល ដើម្បី​ត្រៀមខ្លួន​សម្រាប់​អាជីព​ការងារ​ទៅ​ថ្ងៃ​អនាគត​»​។​

​កម្មវិធី YouthSpark របស់ Microsoft ដែល​អនុវត្តន៍​ទូទាំង​សកលលោក គឺមាន​គោលបំណង​ជួយ​ឲ្យ​យុវជន​ទាំងអស់​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​អនាគត តាមរយៈ​ការផ្តល់​ឲ្យ​ពួកគេ​នូវ​ជំនាញ​គិត​បែប​ឌីជីថល និង​បែប​កុំព្យូទ័រ ដែល​ជំនាញ​ទាំងនេះ​គឺជា​ធាតុ​សំខាន់​សម្រាប់​អនុញ្ញាត​ឲ្យ​ពួកគេ​ទទួលបាន​ភាពជោគជ័យ ក្នុង​បរិបទ​សេដ្ឋកិច្ច​ដែលមាន​កំណើន​តាមរយៈ​វិស័យ​បច្ចេកវិទ្យា និង​ជួយ​ឲ្យ​ពួកគេ​បាន​ក្លាយជា​អ្នកបង្កើត​ថ្មី និង​ជា​កម្លាំងចលករ​សម្រាប់​កំណើន​អភិវឌ្ឍ​នៅក្នុង​សហគមន៍​របស់ខ្លួន តាមរយៈ​ធនធាន និង​បរិក្ខារ​ដែល​បានផ្ដល់​ជូន ។​

​ក្នុង​រយៈកាល​មួយឆ្នាំ​មកនេះ ក្រុមហ៊ុន Microsoft បាន​កំពុងតែ​សហការ​ជាមួយ​អង្គការ​មិន​រក​ប្រាក់ចំណូល​នានា​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​រៀបចំ​ឲ្យ​យុវជន​មានការ​ងារ​ធ្វើ​នៅក្នុង​សេដ្ឋកិច្ច​បែប​ឌីជីថល​។ ក្នុងនោះ​រួមមាន​៖

•​    ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF)៖ ពង្រីក​ការអប់រំ​បែប​ឌីជីថល ដែលមាន​គុណភាព​ខ្ពស់ រាប់​ចាប់ពី​ការអប់រំ​ផ្នែក​អក្ខរកម្ម​មូលដ្ឋាន រហូតដល់​ការណែនាំ​ឲ្យ​ស្គាល់​អំពី​វិទ្យាសាស្ត្រ​កុំ​ព្យូ​រ​ទ័​រ​ដល់​កុមារ​ជាង ១៧០០ នាក់​នៅក្នុង​តំបន់​ក្រីក្រ ស្ថិតនៅ​ស្ទឹងមានជ័យ​។​

•​    ​អង្គការ​មិត្តសំឡាញ់​អន្តរជាតិ (Friends-International)៖ ផ្តល់​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា និង​ផលិតភាព ដល់​យុវជន​ដែល​បាត់បង់​ឱកាស​ចំនួន ៣០០ នាក់ នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប ដើម្បី​កាត់ផ្ដាច់​វដ្ដ​នៃ​ភាពក្រីក្រ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​។​

•​    ​អង្គការ Passerelles Numériques៖ ការផ្តល់​ច្រក​ចេញពី​ភាពក្រីក្រ តាមរយៈ​ការបណ្តុះបណ្តាល​ថ្នាក់​បច្ចេកទេស​រយៈពេល ២​ឆ្នាំ សម្រាប់​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់​បរិញ្ញាបត្រ​សម្រាប់​និស្សិត​ចំនួន ២០០ នាក់ នៅតាម​មណ្ឌល​ចំនួន​បី​ក្នុងប្រទេស​កម្ពុជា ប្រទេស​វៀតណាម និង​ប្រទេស​ហ្វីលីពីន​។​

​លោក Nicky Ward អ្នកគ្រប់គ្រង​ផ្នែក​ជំនួយ នៃ​អង្គការ CCF បាន​មានប្រសាសន៍ថា​៖ «​គោលបំណង​រួម​របស់​យើង គឺ​បង្កើត​សង្គម​មួយ​ដែលមាន​សុវត្ថិភាព និង​ឯករាជ្យ ដែល​ផ្ដល់​លទ្ធភាព​ដល់​មនុស្ស​ជំនាន់​ក្រោយៗ មាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​ផ្នែក​សេដ្ឋកិច្ច គិតគូ​ដល់​សហគមន៍ និង​ជា​អ្នក​រួមចំណែក​យ៉ាងសកម្ម​ដល់​ការរស់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​។ តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​កម្មវិធី​សប្បុរសធម៌​របស់ Microsoft យើង​អាច​ផ្តល់​ការអប់រំ​ឌីជីថល​ដែលមាន​គុណភាព​ខ្ពស់ និង​មាន​សារៈសំខាន់ ដល់​យុវជន ដើម្បី​ឲ្យ​ពួកគេ​សម្រេចបាន​នូវ​សក្ដានុពល​ពេញលេញ​របស់ខ្លួន និង​ក្លាយជា​កាតាលីករ​មួយ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ផ្សេងទៀត ដូចជា​ការកាត់បន្ថយ​ភាពក្រីក្រ ការ​ជម្រុញ​ឱកាស​ការងារ និង​ការលើកកម្ពស់​វិបុលភាព​សេដ្ឋកិច្ច​»​។​

​នៅពេលនេះ កម្មវិធី Microsoft YouthSpark បាន​ឈាន​ចូលដល់​ឆ្នាំ​ទី​ពីរ​ហើយ ហើយ​ក្រុមហ៊ុន Microsoft នឹង​បន្ត​ពង្រីក​ការងារ​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​បំពេញតម្រូវការ​ផ្នែក​អភិវឌ្ឍ​វិស័យ​អប់រំ និង​សេដ្ឋកិច្ច និង​ផ្តល់​អំណាច​ដល់​សហគមន៍​ដើម្បី​សម្រេចបាន​ជោគជ័យ​កាន់តែច្រើន​ថែមទៀត ។ តាមរយៈ​កម្មវិធី ការ​តបស្នង​រប​ស់បុ​គ្គ​លិ​ក (Employee Giving Program) ក្រុម​ស្ម័គ្រ​ចិត្តបាន​ធ្វើដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ២១ ដល់ ២២ សីហា ឆ្នាំ ២០១៧ និង​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន​ផ្នែក​ឌីជីថល​របស់​អង្គការ CCF ។ ដោយ​ការប្រើប្រាស់​កម្មវិធី cloud ដូច្នេះ អង្គការ CCF នឹងមាន​ចំណេះដឹង និង​ឧបករណ៍​កាន់តែ​ប្រសើរឡើង ដើម្បី​បំពេញបេសកកម្ម​របស់​ខ្លួន​កាន់តែ​ប្រសើរ​ជាង​មុន ក្នុងការ​ផ្លាស់ប្តូរ​កុមារ​ក្រីក្រ​បំផុត​របស់​ប្រទេស​នេះ​ឲ្យ​មានឱកាស​ក្លាយជា​មេដឹកនាំ​ទៅ​ថ្ងៃ​អនាគត ។ អ្នកស្រី Rena Chai អគ្គនាយក​ផ្នែក​ទីផ្សារ និង​ប្រតិបត្តិការ សម្រាប់​ទីផ្សារ​ថ្មី​នៅ​តំបន់​អាស៊ីអាគ្នេយ៍ របស់​ក្រុមហ៊ុន Microsoft មានប្រសាសន៍ថា​៖ «​យុវជន​ទាំងអស់​គួរតែមាន​ឱកាស​រៀន​ជំនាញ ដែល​ចាំ​បាស់ សម្រាប់​បាន​ចូលរួម​នៅក្នុង​ពិភពលោក​ដែល​ចេះតែ​វិ​វត្ត ដោយសារ​បច្ចេកវិទ្យា ។ យើង​ធ្វើការ​ជាមួយ​អង្គការ​មិន​រក​ប្រាក់ចំណូល នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​សមត្ថភាព​របស់​កុមារ និង​យុវជន ក្នុង​ការទទួល​អត្ថប្រយោជន៍​ពី​ជំនាញ​ឌីជីថល និង​ផ្ដល់​លទ្ធភាព​ដល់​យុវជន​កម្ពុជា​គ្រប់រូប​ដើម្បី​ឲ្យ​សម្រេចបាន​នូវ​សមិទ្ធផល​កាន់តែច្រើន​»​។​

​លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អបអរ​ផងដែរ​នោះ បាន​ថ្លែងថា​៖ «​ជំនាញ​បែបនេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ប្រទេស​កម្ពុជា​ឱ្យ​អភិវឌ្ឍ​សេដ្ឋកិច្ច​កាន់តែ​រឹងមាំ និង​ទំនើប​ជាង​មុន​។ កាលណា យុវជន​ដែលមាន​ជំនាញ​ឌីជីថល ជាពិសេស​ជំនាញ​ព័ត៌មានវិទ្យា និង​វិ​ទ្យ​សាស្ត្រ​កុំព្យូទ័រ មាន​ចំនួន​កាន់តែ​ច្រើនឡើង នោះ​សេដ្ឋកិច្ចកម្ពុជា​ក៏​កាន់​តែមាន​សមត្ថភាព ប្រកួតប្រជែង​កាន់តែខ្លាំង​ផងដែរ​ទៅ​ថ្ងៃ​អនាគត ។ ក្រុមហ៊ុន Microsoft កំពុង​ជួយ​ដោះស្រាយ​បញ្ហា​ធំៗ តាមរយៈ​ការកាត់បន្ថយ​គម្លាត​នៃ​ជំនាញ​បច្ចេកទេស កំពុង​ជួយ​ធ្វើ​សមាហរណកម្ម​កម្ពុជា​ទៅក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា និង​លើកកម្ពស់​ឱកាស​របស់​និស្សិត​ក្នុងការ​ស្វែងរក​ការងារ​ល្អៗ បន្ទាប់ពី​ពួកគេ​បញ្ចប់​ការសិក្សា​។ ក្រុមហ៊ុន Microsoft កំពុង​ចូលរួមចំណែក​ដោយផ្ទាល់​ក្នុង​ការជួយ​ធានា កសាង​អនាគត​របស់​យុវជន​កម្ពុជា​” ។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​កម្មវិធី​ភាពជា​ដៃគូ​រវាង និង​និស្សិត និង Microsoft នៅ​កម្ពុជា សូម​ចូលមក​កាន់​https://www.facebook.com/microsoft.cambodia/​។ ឧទាហរណ៍​ជាច្រើន ដែល​បង្ហាញ​ឲ្យ​ឃើញ ក្រុមហ៊ុន Microsoft កំពុង​ជួយ​មនុស្ស​គ្រប់រូប​ឲ្យ​សម្រេចបាន​នូវ​ក្ដី​ប្រាថ្នា និង​សក្ដានុពល​ផ្នែក​បច្ចេកវិទ្យា មាននៅ​ទីនេះ http://www.microsoft.com/en-us/philanthropies/impactletter.aspx ។​

(​អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com