បទយកការណ៍ / បទសម្ភាសន៍
«​ធម្មនុញ្ញ​នៃ​មន្ទីរពេទ្យ​» នៃ​រាជ្យ​ការ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧
16, Sep 2017 , 5:39 pm        
រូបភាព
«លោក ខៀវ ច័ន្ទ ពេលនាំនិស្សិតចុះបំពេញកម្មសិក្សា នាពេលកន្លងមក»។
«លោក ខៀវ ច័ន្ទ ពេលនាំនិស្សិតចុះបំពេញកម្មសិក្សា នាពេលកន្លងមក»។
​សៀមរាប​៖ យោងតាម​សិលាចារឹក​នៅ​ប្រាសាទតាព្រហ្ម ប្រែ​នៅ​ឆ្នាំ​១៩០៦ ដោយ​លោក ហ្ស​ក ស៊ឺ​ដែ​ស (George Cœdès) បាន​ឲ្យ​ដឹងថា ក្នុង​រាជការ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មាន​ស្ថាបនា​អ​រោ​គ្យ​សាលា (​ដែល​អាច​ប្រែ​ថា «​មន្ទីរពេទ្យ​») ចំនួន​១០២​តាំងនៅ​ពេញ​ផ្ទៃ​នៃ​ចក្រភព​ខ្មែរ​នា​រជ្ជកាល​នោះ​។ ទម្រង់​ស្ថាបត្យកម្ម​របស់​មន្ទីរពេទ្យ​ក្នុង​រាជ្យ​ក្សត្រ​ជ័យ​វរ្ម័នទី​៧​នោះ​សោត ត្រូវបាន​អ្នកស្រាវជ្រាវ​កត់សម្គាល់​ឃើញថា មាន​ទម្រង់​តែមួយ  ហើយ​ការរៀបចំ​រត់​ទៅតាម​ក្បួនខ្នាត​យ៉ាង​ល្អ​ពិសេស​។​



​យោងតាម​ការសិក្សា​ស្រាវជ្រាវ​ផ្នែក​ស្ថាបត្យកម្ម​របស់​មន្ទីរពេទ្យ​យើង​ដឹងថា ការរៀបចំ​ប្លង់​ស្ថាបត្យកម្ម​នៃ​មន្ទីរពេទ្យ​ទាំងអស់​គឺមាន​ទម្រង់​ប្លង់​តែមួយ មានន័យថា សំណង់​នេះ​សាងសង់ឡើង​ក្រោម​ការមើល​ខុសត្រូវ​របស់​មនុស្ស​មួយក្រុម ឬ​មនុស្ស​ម្នាក់​តែប៉ុណ្ណោះ ដែលជា​អ្នកមាន​សិទ្ធិ​ចេញ​ប្លង់​ស្ថាបត្យកម្ម​។ ក្នុង​ប្រាសាទ​/​ហោ​បន់ស្រន់​នីមួយៗ មាន​តម្កល់​ព្រះ​បដិមា​នៃ​ព្រះពុទ្ធសាសនា​មហាយាន​ចំនួន​បី​ព្រះអង្គ ដែលមាន​ព្រះនាម​ថា​៖ ភៃ​ស​ជ្ជ​គុរុ សូរ្យ​វៃ​រោចន​ច​ណ្ធ​រោ​ចិ​ស (​ព្រះអាទិត្យ​) និង​ចន្ទ្រ​វៃ​រោចន​រោហិណី​ច​(​ព្រះចន្ទ្រ​)​។ ព្រះពុទ្ធ​ភៃ​ស​ជ្ជ​គុរុ ជា​ព្រះពុទ្ធ​គ្រូថ្នាំ​។ រីឯ ព្រះ​សូរ្យ​វៃ​រោចន​ច​ណ្ធ​រោ​ចិ​ស និង​ព្រះចន្ទ្រ​វៃ​រោចន​រោហិណី​ច ជា​ព្រះ​ពោធិ៍សត្វ មាន​នាទី​កំចាត់​រាល់​ជំងឺ​រាតត្បាត​ទាំងទ្បាយ​។​

​កាលពី​ឆ្នាំ​១៩០២ អ្នកស្រាវជ្រាវ​បារាំង​លោក Georges Maspero (​ហ្ស​ក ម៉ា​ស្ពេ​រ៉ូ​) បាន​ប្រទះឃើញ​សិលាស្ដម្ភ​ចារឹក​មួយ នៅ​ស្រុក​សាយ​ហ្វុ​ង (Say Fong) ជាប់មាត់​ទន្លេមេគង្គ​នៃ​រដ្ឋធានី​វៀង​ច័ន្ទ​ប្រទេស​លាវ​។ ជា​ប្រភេទ​សិលាស្តម្ភ​ចារឹក ចា​រលើ​ផ្ទៃ​ទាំង​បួន​នៃ​ថ្មគោល ជា​ភាសាសំស្ក្រឹត ដែល​ពេល​ក្រោយៗ​មកទៀត គេ​ក៏​ប្រទះឃើញ​សិលាចារឹក​ប្រភេទ​ដូចគ្នានេះ​ច្រើន​ទ្បើងៗ​ជា​បន្តបន្ទាប់​ទៀត​។ អ្នកប្រាជ្ញ​ភាសាសំស្ក្រឹត​ជាតិ​បារាំង​លោក Louis Finot (​ល្វី ហ្វី​ណូ​) បាន​ប្រែ​សិលាចារឹក​សាយ​ហ្វុ​ង​នៅ​ឆ្នាំ​១៩០៣ ជា​ភាសា​បារាំង​។ ក្រោយមក អ្នកប្រាជ្ញ​បារាំង​ម្នាក់ទៀត​គឺ​លោក ហ្ស​ក ស៊ឺ​ដែ​ស (George Cœdès) បាន​បន្ត​សិក្សា​សិលាចារឹក​ប្រភេទ​នេះ ហើយ​យល់ថា អ្វីដែល​ចារ​លើ​នោះ​ជា «​ធម្មនុញ្ញ​នៃ​មន្ទីរពេទ្យ​» នៃ​រាជការ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។​

«​ធម្មនុញ្ញ​នៃ​មន្ទីរពេទ្យ​»​រាជការ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​មាន​ខ្លឹមសារ​សង្ខេប​ដូចតទៅ​នេះ​៖

១. យោងតាម​ធម្មនុញ្ញ​ចារ​ក្នុង​សិលាចារឹក គ្រប់​មន្ទីរពេទ្យ​ទូទាំង​ព្រះ​នគរ មាន​គោលការណ៍​គ្រប់គ្រង​ក្រោម​ទម្រង់​តែមួយ​ដូចគ្នា​ទាំងអស់​គឺ​៖ វេជ្ជបណ្ឌិត​ម្នាក់​(Doctor)​ដែល​ព្រះរាជា​បញ្ជូនទៅ​ពី​រាជធានី​, ពេទ្យ​មធ្យម​, ពេទ្យ​បឋម​, អាចារ្យ​ពីរ​នាក់ ដែលមាន​តួនាទី​ផ្សេងៗ​គ្នា (​ម្នាក់​ជា​អ្នករៀបចំ​គ្រឿង​រណ្តាប់​សម្រាប់​កិច្ច​ពិធី​បូជា​ដល់​ព្រះ ដែល​បាន​តម្កល់​នៅ​មន្ទីរពេទ្យ​ផ្ទាល់ រ្យ​ម្នាក់ទៀត​មាន​តួនាទី​ជា​អ្នកធ្វើ​រោគវិនិច្ឆ័យ ប្រសិនបើ​គ្រូពេទ្យ ដែល​ប្រចាំការ​នៅ​មន្ទីរពេទ្យ​ពិនិត្យ​មិនឃើញ​រោគ​អ្វី​ពិតប្រាកដ​ទេ គេ​ត្រូវ​បញ្ជូនមក​អាចារ្យ ដើម្បី​ស្វែងរក​ប្រភេទ​ជំងឺ​តាមរយៈ​ជំនឿ​ជា​បន្ថែមទៀត​), ជំនួយការ​គ្រូពេទ្យ​, អ្នក​បុកស្រូវ​-​អង្ករ​, អ្នក​ដាំទឹក​ក្ដៅ​, អ្នក​បុក​ថ្នាំ​-​កិន​ថ្នាំ​-​រម្ងាស់​ថ្នាំ​ជាដើម​។​ល​។​

២. មន្ទីរពេទ្យ​ទទួល​ព្យាបាល​មនុស្ស​គ្រប់​វណ្ណៈ គ្រប់​ឋានៈ ទោះបីជា​អ្នកនោះ​ជាស​ត្រូវ​ក៏ដោយ ដោយ​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ ដោយ​រាជការ​ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ ការព្យាបាល ថ្នាំសង្កូវ និង​ការ​ទំនុកបម្រុង​ម្ហូបអាហារ​ជាដើម​។ លើសពីនេះទៅទៀត មន្ទីរពេទ្យ​ជា​កន្លែង​សង្គ្រោះ កន្លែង​ដែល​មនុស្ស​ដាច់​សង្វែង មនុស្ស​ចាស់ជរា​គ្មាន​ទីពឹងពាក់​អាស្រ័យ ក្មេង​កំព្រា​អាណា​ថា​អា​ចរក​ជម្រក​ស្នាក់​នៅបាន​។ មនុស្ស​ខ្សត់ ទុរគត ដាច់​អាហារ អាចម​ករក​ចំណីអាហារ​ទទួលទាន​បាន​។ ពោលគឺ ជា​កន្លែង​បំពេញការងារ​សង្គមកិច្ច​។ ជា​រៀងរាល់​រដូវ មន្ទីរពេទ្យ​មានកម្ម​វិធីចែក​ទាន​ដល់​អ្នកក្រីក្រ​។​

៣. ចំណែក​ឱសថ​សម្រាប់​ព្យាបាល​គឺ ផ្តល់​ដោយ​ព្រះ​រាជ្យ​ឃ្លាំង​នៅ​រាជធានី បើក​ជូន​គ្រប់​មន្ទីរពេទ្យ​រៀងរាល់​៤​ខែម្តង​។ ក្នុងចំណោម​ឱសថ​ទាំងនោះ​មាន មួយចំនួន​ផលិត​ក្នុងស្រុក និង​មួយចំនួនទៀត​នាំចូល​ពី​បរទេស​ដូចជា ប្រទេស​ចិន និង​ឥណ្ឌា​ជាដើម ហើយ​ឱសថ​ខ្លះ​មាន​ដាំ​នៅក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​ផ្ទាល់​, ឱសថ និង​សម្ភារ​មួយចំនួន​ជា​ជំនូន​របស់​ស្រុក (​រដ្ឋបាល​សព្វថ្ងៃ​គឺ ភូមិ​) ជា​ចំណុះ​មន្ទីរពេទ្យ​នីមួយៗ (​ប្រៀបដូចជា​ភូមិ​ចំណុះជើងវត្ត​នៃ​ព្រះពុទ្ធសាសនា​សព្វថ្ងៃ​) គឺ​មានន័យថា មន្ទីរពេទ្យ​នីមួយៗ​មាន​ចំនួន​ស្រុក​ជា​ចំណុះ​របស់ខ្លួន​។​

​យោងតាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មីៗ​នេះ អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋានថា​មាន​មន្ទីរពេទ្យ​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​ចំនួន​ជិត​៧០​ហើយ បាន​រកឃើញ​ក្នុងនោះ​មាន​៖ នៅក្នុង​ទឹកដី​នៃ​ប្រទេស​ឡាវ​សព្វថ្ងៃ​ចំនួន​០៣, ទឹកដី​នៃ​ប្រទេស​វៀតណាម​សព្វថ្ងៃ​ចំនួន​០២, ទឹកដី​នៃ​ប្រទេស​ថៃឡង់​ដ៍​សព្វថ្ងៃ​ចំនួន​៣១, និង​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃ​ចំនួន​ជាង​៣០​។​

​ចំណុច​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺ​ចម្ងាយ​ពី​មន្ទីរពេទ្យ​មួយ​ទៅ​មន្ទីរពេទ្យ​មួយទៀត​មាន​គម្លាត​ក្នុង​រវាង​៤០​គីឡូម៉ែត្រ ហើយ​កសាង​នៅតាម​បណ្តោយ​ផ្លូវ និង​តាម​ទីប្រជុំជន​បុរាណ​។​

​ចំពោះ​ការស្រាវជ្រាវ​នៅតែ​បន្ត តែ​អ្វីដែល​ជាការ​លំបាក​លើ​ការងារ​នេះ គឺ​បញ្ហា​អាយុកាល​បណ្ដាល​ឲ្យ​ប្រាសាទ​ខ្លះ​បាក់បែក និង​ខ្លះទៀត​ដួល​រាប​ដល់​ដី ដែល​ពិបាក​ក្នុង​ការសិក្សា​ស្រាវជ្រាវ ជាពិសេស​គឺ​កិច្ចការ​អភិវឌ្ឍ​ដោយ​ខ្វះ​ទំនាក់ទំនង​ជាមួយនឹង​ក្រសួង​វប្បធម៌ ដូចជា​ការឈូសឆាយដី និង​សាងសង់​សំណង់​នានា​ជាដើម​។​

​ដើម្បី​ដឹង​ច្បាស់​ពី​ការកសាង និង​រចនាបថ​មន្ទីរ​ពេទ្យ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ សូម​ស្តាប់​បទសម្ភាសន៍​រវាង​អ្នក​សារ​ព័ត​មាន​ថ្មីៗ និង​លោក ខៀវ ច័ន្ទ ដូចតទៅ​៖







Tag:
 មន្ទីរពេទ្យ​
  រាជការ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧
  ខៀវ ច័ន្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com