បទយកការណ៍ / បទសម្ភាសន៍
ពី​កម្មករ​ទូក កម្មករសំណង់ រត់​ម៉ូតូឌុប លោក ឆាំ ប៊ុន​ថេត តស៊ូ​រៀន​ដើម្បី​កែប្រែ​ជីវិត
16, Sep 2017 , 10:39 pm        
រូបភាព
ដោយ:
​លោក ឆាំ ប៊ុន​ថេត ជា​សាស្ត្រាចារ្យ​ផ្នែក​អភិវឌ្ឍន៍​ម​គ្គុ​ទេ្ទ​ស នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​។ ជា​សាស្ត្រាចារ្យ មួយរូប គឺជា​ឱកាស​របស់លោក ឆាំ ប៊ុត​ថេត ដែល​ចង់​រួមចំណែក​កែទម្រង់​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​។​សម្រាប់​សាស្ត្រាចារ្យ​រូបនេះ វិស័យ​អប់រំ​សព្វថ្ងៃ មិនទាន់មាន​ប្រព័ន្ធ ឬ​ទម្រង់​ត្រួតពិនិត្យ​គ្នា​ឲ្យ​បានច្បាស់លាស់​។ លោក ប៊ុត​ថេត ចង់​ចូលរួម​កែទម្រង់​វិស័យ​អប់រំ​កម្ពុជា ព្រោះ​លោក​យល់ថា មានតែ​ការអប់រំ​ប៉ុណ្ណោះ ដែល​អាច​កែប្រែ​ជីវិត​របស់​មនុស្ស​ឲ្យ​ប្រសើរ​។ លោក​ចង់​ក៏​ឃើញ​ក្រសួង​អប់រំ រៀបចំ​ប្រព័ន្ធ​មួយ​ដែល​ជួយ​ឲ្យ​សិស្ស​គ្មាន​លទ្ធភាព​ពិតប្រាកដ ទទួលបាន​ការអប់រំ​គ្រប់គ្នា​ផងដែរ​។ តាមរយៈ​ការងារ​បច្ចុប្បន្ន សាស្ត្រាចារ្យ​វ័យ​៣៤​ឆ្នាំ​រូបនេះ បញ្ជាក់ថា​នឹង​ព្យាយាម​អប់រំ​អ្នកជំនាន់ក្រោយ​ឲ្យ​មានការ​ទទួលខុសត្រូវ និង​មានគុណ​តម្លៃ​ខ្ពស់​ដែរ​។

 

​លោក ឆាំ ប៊ុន​ថេត ជា​សាស្ត្រាចារ្យ​ផ្នែក​អភិវឌ្ឍន៍​ម​គ្គុ​ទេ្ទ​ស នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ចាប់តាំងពី​ឆ្នាំ​២០១២​។ សិស្ស និស្សិត​របស់លោក​បាន​ស្គាល់​ច្បាស់​ពី​ភាពស្វាហាប់ ការពន្យល់​ដោយ​ក្លៀវក្លា​របស់​សាស្ត្រាចារ្យ​វ័យ​៣៤​ឆ្នាំ​រូបនេះ ប៉ុន្តែ​ពួកគេ​ទំនងជា​មិនបាន​ដឹង​ពី​ដំណើរ​ជីវិត​របស់​សាស្ត្រាចារ្យ​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ នេះឡើយ​។ លោក ឆាំ ប៊ុត​ថេត បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ធ្លាប់​ធ្វើជា​កម្មករសំណង់ អ្នករត់ម៉ូតូឌុប ឬ​ជា​កម្មករ​ទូក​នេសាទ​នៅ​ស្រុកថៃ និង​ធ្លាប់​យក​មេឃ​ធ្វើ​ដំបូល​នៅលើ​សួនច្បារ​ថែម​ទៀតផង​។



​តាម​ការរៀប​រាប់រប​ស់លោក ឆាំ ប៊ុត​ថេត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ក្នុងអំឡុង​ឆ្នាំ​១៩៩៣ ក្រុមគ្រួសារ​របស់លោក បាន​ផ្លាស់​ពី​ខេត្តតាកែវ ទៅ​រស់នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែលជា​ស្រុក​ខាង​ឪពុក​។ រស់នៅ​បាន​ជាង​មួយឆ្នាំ ក៏​ប្តូរ​ទីលំនៅ​ទៅតាម​ឪពុក​ដែល​ទើបតែ​ចូល​ធ្វើជា​នគរបាល​ក្នុង​ខេត្តកោះកុង​។ ដោយសារ​ចំណូល​ពី​តួនាទី​ជា​នគរបាល​របស់​ឪពុក មិនអាច​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ផុត​ការលំបាក ប្អូនស្រី​របស់លោក ត្រូវ​បង្ខំ​ឲ្យ​ឈប់រៀន ហើយ​កាលណោះ យុវជន ប៊ុន​ថេត ក៏​ស្ទើរតែ​បាត់បង់​ការសិក្សា​ដែរ​។​

​នៅពេល​រៀន​នៅ​ថ្នាក់​ទី​៨ យុវជន ប៊ុត​ថេត សម្រេចចិត្ត​ចូល​ធ្វើជា​កម្មករសំណង់ ដើម្បី​រកប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ការសិក្សា​។ ធ្វើបាន​មួយឆ្នាំ ក៏​ប្តូរ​មករ​ត់​ម៉ូតូឌុប​។ រត់​ម៉ូតូឌុប​ពី​ម៉ោង​៧​យប់ ដល់​ម៉ោង​៤ ឬ​៥​ជិត​ភ្លឺ ធ្វើ​ឲ្យ​លោក​ដេក​លង់លក់​ក្នុង​ម៉ោង​រៀន​ស្ទើរ​មិន​លស់​ថ្ងៃ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការសិក្សា​ធ្លាក់ចុះ​។ រៀន​ខ្សោយ​ដោយសារ​ងងុយដេក​ក្នុង​ថ្នាក់រៀន លោក​ក៏​សម្រេច​ចូល​ធ្វើជា​កម្មករសំណង់​វិញ រហូតដល់​រៀន​ចប់​ថ្នាក់​ទី​១២ ក្នុង​ឆ្នាំ​២០០២​។



​ចប់​បាក់​ឌុប​ភ្លាម យុវជន ប៊ុត​ថេត មិនបាន​បន្ត​ការសិក្សា​ភ្លាម​ទេ​។ ប៊ុត​ថេត ប្រាប់ថា ខ្លួន​បាន​ទៅធ្វើជា​កម្មករ​ទូក​នេសាទ នៅ​ប្រទេស​ថៃ​មួយឆ្នាំ មុននឹង​បាន​អាហារូបករណ៍​សិក្សា​ជំនាញ​ទំនាក់ទំនង​អន្តជាតិ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ពី​លោកតា​បណ្ឌិត កុល ផេង​។

​មក​រៀន​នៅ​ភ្នំពេញ លោក ប៊ុត​ថេត បាន​ថ្នាក់​នៅផ្ទះ​អ៊ំ​ក្បែរ​ស្ពាន​ជ្រោយចង្វារ​មួយរយៈ និង​ក្រោយមក    ស្នាក់នៅ​វត្ត​ន​ចិន​ដំ​ដែក​។ ស្នាក់នៅ​វត្ត បាន​ជាង​មួយខែ គេ​ក៏​លែង​ឲ្យ​ស្នាក់នៅ​បន្តទៀត​។ ពេលនោះ និស្សិត ប៊ុត​ថេត មិនបាន​ត្រឡប់​នៅ​រស់នៅ​ជាមួយ​អ៊ំ​ទេ រូបគេ​បានមក​ស្នាក់​នៅលើ​សួនច្បារ​វត្ត​បទុម​វ​ត្តី ជាមួយ​ជនរងគ្រោះ​ដីធ្លី ដោយ​ជួយ​សរសេរ​លិខិត ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ដាក់ជូនទៅ​នាយករដ្ឋមន្ត្រី ដើម្បី​ដូរ​បាយទឹក​។ ទោះជា​លំបាកលំបិន​យ៉ាងណាក្តី ប៊ុន​ថេត នៅតែ​ស៊ូទ្រាំ​រៀនសូត្រ មិន​បោះបង់​ការសិក្សា​ឡើយ ព្រោះ​មិន​ចង់​ឲ្យ​ដូច​ពាក្យ​អ្នកជិតខាង​មើលងាយ​ថា​រៀន​មិន​ប៉ុន្មាន​នោះ​។ លោក ឆាំ ប៊ុន​ថេត រំលឹក​ទិដ្ឋភាព​ពេលនោះ​ថា​៖«​ពេលនោះ​ខ្ញុំ​អស់សង្ឃឹម​មែនទែន និង​វេទនាណាស់ ដេក​អស់សង្ឃឹម​មែនទែន ខ្ញុំ​ចង់ទៅ​ផ្ទះ​វិញ​។ ប៉ុន្តែ​ដោយសារ​នឹក​ឃើញថា​អ្នកភូមិ​គេ​ថា​ឲ្យ ខំប្រឹង​រៀន​ធ្វើ​ស្អី​! រៀន​បាន​ប៉ុន្មាន​? គង់តែ​រត់មកវិញ​ទេ​។ ខ្ញុំ​នឹកឃើញ​ពាក្យ​មើលងាយ បានផ្តល់​ជា​កម្លាំងចិត្ត​ឲ្យ​ទ្រាំ​លំបាក និង​រត់​ចូលរៀន ទាំង​ហត់ និង​ទាំង​ឃ្លាន​»​។​



​រស់​នៅលើ​សួនច្បារ​ជិត​មួយឆ្នាំ លោកតា បណ្ឌិត កុល ផេង បានអនុញ្ញាត​ឲ្យ និស្សិត​ប៊ុត​ថេត ស្នាក់​នៅក្នុង​បណ្ណាល័យ​នៃ​សកល​វិទ្យាល័យ និង​ធ្វើការ​នៅក្នុង​បណ្ណាល័យ​នោះ​តែម្តង​។ ចាប់តាំងពី​ពេលនោះ​មក និស្សិត​ប៊ុន​ថេត បាន​ខំ​ប្រឹងរៀន ហើយ​ការសិក្សា​ក៏​ប្រសើរ​ជាង​មុន​។ ក្រោយមក​លោក​បណ្ឌិត​កុល ផេង​ត្រូវការ គ្រូបង្រៀន​ភាសា​អង់គ្លេស នៅ​ខេត្តតាកែវ​។ ប៊ុន​ថេត ក៏បាន​ស្ម័គ្រចិត្ត​បង្រៀន​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ហើយ​ត្រលប់​មកវិញ លោកតា​បណ្ឌិត ក៏បាន​ជ្រើសរើស និស្សិត ប៊ុន​ថេត ធ្វើជា​បុគ្គលិក​ពេញសិទ្ធិ បង្រៀន​ភាសា​អង់គ្លេស នៅ​សាកលវិទ្យាល័យ​ប​ញ្ញ​សាស្ត្រ ក្នុង​ចុងឆ្នាំ​២០០៨ ។ លោក​សាស្ត្រាចារ្យ ឆាំ ប៊ុន ថេត បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ឆ្នាំ​២០០៩ និង​ថ្នាក់អនុបណ្ឌិត​នៅ​ឆ្នាំ​២០១១​។​

​លោក ប៊ុត​ថេត បាន​បន្ត​ថ្នាក់បណ្ឌិត​ជំនាញ​ម​គ្គុ​ទេ្ទ​ស​វិទ្យា នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​។ រៀន​បាន​មួយឆ្នាំ សាស្ត្រាចារ្យ​រូបនេះ បាន​អាហារូបករណ៍​សិក្សា​ជំនាញ​អភិវឌ្ឍ​សីលធម៌ រយៈពេល​មួយឆ្នាំ នៅ​សាធារណរដ្ឋ​ឆេ​ក និង​ត្រឡប់មក​ធ្វើជា​សាស្ត្រាចារ្យ​ផ្នែក​អភិវឌ្ឍន៍​ម​គ្គុ​ទេ្ទ​ស នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ ចាប់​តាំង​នោះមក​។



​ជា​សាស្ត្រាចារ្យ​មួយរូប គឺជា​ឱកាស​របស់លោក ឆាំ ប៊ុត​ថេត ដែល​ប៉ង​រួមចំណែក​កែទម្រង់​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​។ លោក បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ចង់​ចង់​រួមចំណែក​កែលម្អ​ប្រព័ន្ធ​អប់រំ ប្រទេស​យើ​ង‍​។ ខ្ញុំ​ធ្វើជា​គ្រូ​អ្នកដឹកនាំ​ជំនាន់​ក្រោយ​ឲ្យ​មានការ​ទទួលខុសត្រូវ និង​មានគុណ​តម្លៃ​ខ្ពស់​ដែរ​»​។

​ជា​ទស្សនៈ​របស់​សាស្ត្រាចារ្យ​រូបនេះ វិស័យ​អប់រំ​សព្វថ្ងៃ មិនទាន់មាន​ប្រព័ន្ធ ឬ​ទម្រង់​ត្រួតពិនិត្យ​គ្នា​ឲ្យ​បានច្បាស់លាស់ ថា​តើ​គ្រូ​បាន​បង្រៀន​បាន​ប៉ុណ្ណា​ហើយ​? អ្នកណា​បាន​ត្រួតពិនិត្យ​ខ្លះ​? ឪពុកម្តាយ​សិស្ស មានបាន​ទៅ​មើល​តើ​គ្រូបង្រៀន​កូន​ពួកគាត់​អត់​? លោក​សាស្ត្រាចារ្យ ចង់ឃើញ​វិស័យ​អប់រំ​កម្ពុជា មាន​ក្រុមប្រឹក្សាភិបាល ដែលមាន​សមាសភាព​គ្រូបង្រៀន អាណាព្យាបាល​សិស្ស អាជ្ញាធរ​ដែនដី និង​សិស្ស​ពិភាក្សា​រួមគ្នា​សម្រេច និង​អភិវឌ្ឍ​វិស័យ​អប់រំ​។

​សម្រាប់​លោក ឆាំ ប៊ុត​ថេត ចង់ឃើញ​ក្រសួង​អប់រំ រៀបចំ​ប្រព័ន្ធ​មួយ​ដែល​ជួយ​ឲ្យ​សិស្ស​គ្មាន​លទ្ធភាព​ពិតប្រាកដ ទទួលបាន​ការអប់រំ ពីព្រោះ​ការអប់រំ​អាច​កែប្រែ​ជីវិត​មនុស្ស​ទៅរក​ភាពល្អប្រសើរ​។ លោក ប៊ុត​ថេត បាន​ឧទាហរណ៍​ជីវិត​លោក និង​ការអប់រំ​ដូច្នេះ​ថា​៖«​ជីវិត​ខ្ញុំ ប្រសិនបើ​គ្មាន​ការអប់រំ​ទេ ខ្ញុំ​នឹងធ្វើ​កម្មករ​ទូក អ្នករត់ម៉ូតូឌុប ឬ​កម្មករសំណង់​អស់​មួយជីវិត​។ ដូច្នេះ​មានតែ​វិស័យ​អប់រំ​ទេ ដែល​អាច​ផ្លាស់​ប្តូរជីវិត​មនុស្ស​បាន​»​។ លោក​បន្ថែមទៀតថា​៖«​ពេលណា​យើង​ជួយ​កែទម្រង់ ជួយ​រឹតបន្តឹង និង​ជួយ​គុណភាព​វិស័យ​អប់រំ​បាន ជាតិ​យើង​នឹងមាន​សន្តិភាព និង​ការអភិវឌ្ឍ​។ នៅពេលណា​ដែល​មនុស្ស​ទទួល​បានកា​រ​អប់រំ​ល្អ និង​ការអប់រំ​មួយ ដែល​ត្រឹមត្រូវ​ជាតិ នឹង​អភិវឌ្ឍន៍​»៕










Tag:
 ឆាំ ប៊ុន​ថេត​
  ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com