សង្គមអន្តរជាតិ​
អន្តរជាតិ
ធនធាន​រ៉ែ​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​ក្លាយជា​ប្រទេស​អ្នកមាន​៖​កាតា ព្រុយ​ណេ ស្វា​ស៊ី​ឡង់​...
19, Sep 2017 , 10:00 pm        
រូបភាព
ដោយ:
ប្រទេស​នាំចេញ​ប្រេង​ភាគច្រើន​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​អ្នកមាន ឬ​ប្រទេស​ដែល​ប្រជាជន​ម្នាក់ៗ​អាច​រកបាន​ប្រាក់ចំណូល​ខ្ពស់​។



​ខាងក្រោម​នេះ​ជា​ប្រទេស​ដែលមាន​ជាងគេ​ចំនួន​១១នៅលើ​ពិភពលោក​៖
១.​កាតា​:
កាតា​ជា​ប្រទេស​មាន​ជាងគេ​ក្នុងចំណោម​ប្រទេស​អ្នកមាន​ទាំង​ដប់​នៅលើ​ពិភពលោក​។​ឧស្សាហកម្ម​រុករក​ប្រេង​ដើរតួ​យ៉ាងសំខាន់​ក្នុង​វិស័យសេដ្ឋកិច្ច​កាតា ព្រោះ​៧០​ភាគរយ​នៃ​ចំណូល​ជាតិ​បានមកពី​ប្រេង​និង​ឧស្ម័ន​។ ជា​មធ្យម ប្រជាជន​ម្នាក់​អាច​រកប្រាក់​ចំណូល​បាន ១២៧,៥២៣​ដុល្លារ​។​

២.​លុច​សំបួ​:​លុច​សំបួ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​អ្នកមាន​លំដាប់​ទី​ពីរ ហើយ​ប្រជាជន​លុច​សំបួ​ម្នាក់​អាច​រកប្រាក់​ចំណូល​បាន​១០៥,៨៨២ ដុល្លារ​។ ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​ជាង​ប្រទេស​ចំណូល​មធ្យម​ប្រាំបួន​ដង ដោយសារ​វា​មាន​វិស័យ​ហិរញ្ញវត្ថុ​និង​ធានា​គារ​ខ្លាំងក្លា​។​

៣.​សិង្ហ​បុរី​: សិង្ហ​បុរី​ត្រូវបាន​គេ​ចាត់ទុកជា​ប្រទេស​អ្នកមាន​ជាងគេ​លំដាប់​ទី​បី​លើ​ពិភពលោក​នៅ​ឆ្នាំ​២០១៧ ព្រោះ​ជនជាតិ​សិង្ហ​បុរី​ម្នាក់​អាច​រកចំណូលបាន​៨៧,៨៥៦​ដុល្លារ​។ ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​ខ្លាំង​ដោយសារ​វិស័យ​សេវា​ហិរញ្ញវត្ថុ ឧស្សាហកម្ម​នាំចេញ​សារធាតុ​គីមី និង​គោលនយោបាយ​សេដ្ឋកិច្ច​សេរី​។​ម្យ៉ាងទៀត សិង្ហ​បុរី​មាន​កំពង់ផែ​មមាញឹក​ជាងគេ​លំដាប់​ទី​ពី​រលើ​លោក​ដែល​អាច​រកចំណូលបាន​៤១៤ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១១​។​

៤. ព្រុយ​ណេ​:​ប្រជាជន​ព្រុយ​ណេ​ជា​មធ្យម​អាច​រកចំណូលបាន​៧៧,៤៤១​ដុល្លារ នោះ​ក៏​ដោយសារតែ​ប្រជាជន​ព្រុយ​ណេ​ស្ទើរតែ​ទាំងស្រុង​បាន​ពឹង​ផ្អែកលើ​ការនាំចេញ​ប្រេង​ឆៅ និង​ឧស្ម័ន​ធម្មជាតិ​។

៥. កូ​វ៉ែត :​កូ​វ៉ែត​ក៏​ជា​ប្រទេសមួយ​ដែលមាន​គោលនយោបាយ​សេដ្ឋកិច្ច​សេរី​ដែរ ហើយ​ប្រជាជន​កូ​វ៉ែត​ជា​មធ្យម​ក្នុង​ម្នាក់​អាច​រកចំណូលបាន ៧៣,៨១៧​ដុល្លារ​។ ផលិតផល​ក្នុងស្រុក​សរុប​របស់​កូ​វ៉ែត​ស្ទើរតែ ៥០​ភាគរយ​ពឹង​ផ្អែកលើ​ការនាំចេញ​ប្រេង និង​សាំង និង ៩៥​ភាគរយ នៃ​ចំណូល​រដ្ឋាភិបាល និង​ការនាំ​ច​ញ​ក៏​ពឹង​លើ​ប្រេង​ដូចគ្នា​។​

៦. អារ៉ាប់​រួម​អេ​មី​រ៉េត​:​អារ៉ាប់​រួម​អេ​មី​រ៉េត​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំងជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភព​អារ៉ាប់​។ ជា​មធ្យម ប្រជាជន​ប្រទេស​នេះ​ម្នាក់​អាច​រកចំណូលបាន ៧២,៤១៩​ដុល្លារ​។​សេដ្ឋកិច្ច​អារ៉ាប់​រួម​អេ​មី​រ៉ាត់​មាន​ប្រភព​មកពី​ចំណូល​ប្រេង វិស័យ​សេវាកម្ម និង​ទូរគមនាគមន៍​ផងដែរ​។​

៧.​សាធារណរដ្ឋអៀឡង់​:​អៀឡង់​បានជា​ប់​ឈ្មោះ​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​ជាងគេ​លំដាប់ថ្នាក់​លេខ​បួន​ក្នុង​អង្គការ​អភិវឌ្ឍ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​។ ផលិតផល​ក្នុងស្រុក​សម្រាប់​មនុស្សម្នា​ក់មាន​ចំនួន​៦៨,៨៨៣​ដុល្លារ ហើយ​ឧស្សាហកម្ម​សំខាន់​ដែល​ជំរុញ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​អៀឡង់​រួមមាន​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ រ៉ែ និង​វត្ថុធាតុដើម​ផងដែរ​។​

៨.​ន័​រវេ​ស​:​ប្រជាជន​ន័​រវេ​សម្នាក់​ជា​មធ្យម​អាច​រកចំណូលបាន​៥៩,៣០២​ដុល្លារ​។ ដ្បិត​ប្រទេស​នេះ​មាន​ផ្ទៃដី​តូចក្ដី សេដ្ឋកិច្ច​ន័​រវេ​សមាន​ការរីកចម្រើន​ខ្លាំង​។ ន័​រវេ​ស​ស្ថិតនៅ​លំដាប់​ទី​ប្រាំបី​ដែល​នាំចេញ​ប្រេង​ឆៅ​ច្រើនជាងគេ និង​ជាប់​ចំណាប់​ថ្នាក់​លេខ​បី​ក្នុង​ការនាំចេញ​ឧស្ម័ន​ធម្មជាតិ​ច្រើនជាងគេ​លើ​ពិភពលោក​ទៀតផង​។​

៩.​ស្វា​ស៊ី​ឡង់​:​ស្វា​ស៊ី​ឡង់​ជា​ប្រទេស​ដែលមាន​ផលិតផល​ក្នុងស្រុក​បូកសរុប​រប​ស់មនុស្ស​ម្នាក់​ចំនួន​៦២,៨៨២​ដុល្លារ​។ ស្វា​ស៊ី​ឡង់​ជា​ប្រទេសមួយ​ដែលមាន​ការរីកចម្រើន​សេដ្ឋកិច្ច​ខ្លាំង​ដូច​ប្រទេស​អ្នកមាន​ដទៃទៀត​ដែរ ហើយ​សេដ្ឋកិច្ច​ស្វា​ស៊ី​ឡង់​ពឹង​ផ្នែក​ធនាគារ​និង​ស្ថាប័នហិរញ្ញវត្ថុ​នានា​។​

១០. សហរដ្ឋអាមេរិក​:​អាមេរិក ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​មួយ ទោះ​ប្រទេស​នេះ​មាន​ចំនួន​ប្រជាជន​ច្រើនក្ដី​។ សេដ្ឋកិច្ច​អាមេរិក​នៅតែ​បន្ត​រីកចម្រើន ហើយ​ផលិតផល​ក្នុងស្រុក​របស់​ប្រជាជន​ម្នាក់ៗ​មាន​ចំនួន​៥៧,៤៦៧​ដុល្លារ​។ មូលហេតុ​មួយចំនួន​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​បន្ត​រីកចម្រើន​រួមមាន​ឧស្សាហកម្ម​រថយន្ត​ក្នុងស្រុក​ទ្រង់ទ្រាយ​ធំ វិស័យ​បច្ចេកវិទ្យា​ដែល​ជំរុញ​ការច្នៃប្រឌិត និង​ប្រព័ន្ធគ្រប់គ្រង​បែប​ប្រជាធិបតេយ្យ​ដែល​ធានាបាន​នូវ​កម្មសិទ្ធិបញ្ញា និង​សហគ្រិនភាព​។​

១១. អា​រ៉ា​ប៊ី​សា​អូឌីត​:​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​ប្រទេសមួយ​ដែលមាន​ការរីកចម្រើន​ខ្លាំង​ដោយសារ​ការនាំចេញ​ប្រេង​។ សកម្មភាព​សេដ្ឋកិច្ច​ធំៗ​មួយចំនួន​របស់​ប្រទេស​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​របស់ខ្លួន ។ ដូចនេះហើយ​ផលិតផល​បូកសរុប​ក្នុងស្រុក​របស់​ប្រជាជន​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់ៗ​មាន​ចំនួន ៥៤,៤៣១៕


Tag:
 ប្រទេសអ្នកមាន
  កាតា
  ព្រុយណេ
© រក្សាសិទ្ធិដោយ thmeythmey.com