ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា សាំង លីណែត៖«ការងារស្ម័គ្រចិត្ត កែប្រែខ្ញុំពីអាត្មានិយម ទៅគិតផលប្រយោជន៍រួម និងចេះដឹកនាំ»
17, Sep 2017 ,
6:39 pm
រូបភាព
×
ដោយ:
កញ្ញា សាំង លីណែត ជាអនុប្រធានក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម។ លីណែត ដែលកំពុងរៀនឆ្នាំទីជំនាញច្បាប់ ឆ្នាំទី២ បានផ្តើមការងារស្ម័គ្រចិត្តតាំងពីឆ្នាំ២០១៤មក។ បើតាមយុវតីវ័យ២០ឆ្នាំរូបនេះ ការងារស្ម័គ្រចិត្ត បានធ្វើឲ្យកញ្ញា លីណែត រីកចម្រើនយ៉ាងច្រើន ទាំងចំណេះដឹង ភាពជាអ្នកដឹកនាំ បទពិសោធន៍ថ្មីៗ។ លើសពីនេះ ការងារស្ម័គ្រចិត្តបានបំប្លែងខ្លួនកញ្ញា ពីមនុស្សអាត្មានិយម ទៅជាមនុស្សដែលគិតពីផលប្រយោជន៍រួម និងក្រុមជាធំ។
កញ្ញា សាំង លីណែត ជាអនុប្រធានក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម។ លីណែត បានចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្ត តាំងពីនៅឆ្នាំ២០១៤ ពោលគឺពេលនាងរៀននៅថ្នាក់ទី១១ម្ល៉េះ ជាមួយសមាគមយុវជនខ្មែរ លើការអប់រំបង្ការគ្រឿងញៀន គ្រឿងស្រវឹង។ បច្ចុប្បន្ន កញ្ញា សាំង លីណែត កំពុងសិក្សាឆ្នាំទី២ ជំនាញនីតិសាស្ត្រ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
កញ្ញាសាំង លីណែត បានរៀបរាប់មូលហេតុដែលជំរុញឲ្យខ្លួនចូលរួមការងារស្ម័គ្រចិត្តដូច្នេះ៖«នៅពេលនោះខ្ញុំឃើញជាយុវជនឆ្នើម២រូបនៅវិទ្យាល័យ ដែលពួកគាត់រៀនពូកែហើយ ធ្វើការងារសង្គមទៀត។ ម្យ៉ាងវិញទៀត ខ្ញុំដឹងយុវជនមានតួនាទីអ្វីដើម្បីចូលរួមការងារស្ម័គ្រចិត្តសង្គម បន្ទាប់មក ខ្ញុំក៏បានចូលរួមការងារស្ម័គ្រចិត្ត នៅសមាគមយុវជនខ្មែរ»។
ក្រោយតែពីទទួលការបណ្តុះបណ្តាល ពីការអប់រំគ្រឿងញៀនគ្រឿងស្រវឹង កញ្ញាបានចុះសហគមន៍អប់រំបន្ត និងបានចូលរួមបង្កើតកម្មវិធីផ្សេងៗជាច្រើន ដូចជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ការប្រគំតន្ត្រី ការសម្តែងរឿងអប់រំខ្លី ក៏ដូចជាធ្វើយុទ្ធការតាមបណ្តាញសង្គមផ្សេងៗ ដើម្បីបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនគ្រឿងស្រវឹង។
បន្ទាប់ពីប្រឡងជាប់បាក់ឌុប នៅឆ្នាំ២០១៦ ក៏យុវតីដែលកើត និងរស់នៅក្រុងភ្នំពេញរូបនេះ មិនអាចដកខ្លួនពីការងារស្ម័គ្រចិត្តបានឡើយ។ ផ្ទុយទៅវិញ នាងកាន់តែសកម្មជាងពេលរៀនវិទ្យាល័យទៅទៀត ប៉ុន្តែផ្តោតលើវិស័យអប់រំ បរិស្ថាន និងកម្មវិធីសប្បុរសធម៌វិញម្តង។
យុវតីវ័យ២០ឆ្នាំរូបនេះ បានអះអាងថា នាងចេះដឹកនាំគម្រោងតាំងពីរៀននៅឆ្នាំទី១ ហើយគម្រោងធំមួយចំណោមនោះ គឺ«គន្លឹះកសាងខ្លួន ជាយុវជនឆ្នើមសតវត្សទី២១»។ កញ្ញា លីណែត ទទួលស្គាល់ថា យុវជនដែលចូលរួមការងារស្ម័គ្រចិត្តមានច្រើន ប៉ុន្តែក្នុងចំណោមពួកគេ មានតិចតួចណាស់ ដែលមានគំនិតម្ចាស់ការ និងចេះដឹកនាំគម្រោងដូចដែលនាងកំពុងធ្វើ។ កញ្ញាលីណែតថ្លែងដូច្នេះថា៖«សមត្ថភាព មិនត្រូវបានកំណត់ដោយអាយុទេ សំខាន់យុវជន ត្រូវកសាងខ្លួនឲ្យមានសមត្ថភាព បទពិសោធន៍ ហ៊ានធ្វើនិងត្រូវចេះបង្កើតស្នាដៃ សម្រាប់ខ្លួនឯង និងសង្គម»។
តាមរយៈបទពិសោធន៍ការងារស្ម័គ្រចិត្តផ្ទាល់ខ្លួន កញ្ញា លីណែត បានអះអាងថា អ្វីដែលនាងទួលបានពីការងារស្ម័គ្រចិត្ត គឺហួសពីការរំពឹងទៅទៀត។ អ្វីដែលរៀននៅសាលា បានត្រឹមតែ២៥ភាគរយប៉ុណ្ណោះ ប៉ុន្តែការងារស្ម័គ្រចិត្ត បង្រៀននាងបាន៧៥ភាគរយ។ នេះជាការបន្ថែមរបស់លីណែត រួចបន្តទៀតថា ការងារស្ម័គ្រចិត្តបានបំប្លែងខ្លួននាង ពីមនុស្សអាត្មានិយម ទៅជាមនុស្សដែលគិតពីផលប្រយោជន៍រួម និងក្រុមជាធំ។ កញ្ញា សាំង លីណែត ថ្លែងដូច្នេះថា៖«អ្វីដែលខ្ញុំបានរៀនពីការងារស្ម័គ្រចិត្ត គឺភាពអាត្មានិយម។ ពីមុនខ្ញុំអាត្មានិយមខ្លះដែរ ប៉ុន្តែនៅពេលដែលខ្ញុំចូលរួមការងារសង្គម ខ្ញុំគិតថាភាពអាត្មានិយម គួរតែបោះចោលឲ្យអស់។ ការងារសង្គម បានធ្វើឲ្យខ្ញុំ មានភាពជាអ្នកដឹកនាំ»។
បើទោះបីជាកញ្ញា លីណែត ជោគជ័យលើការងារស្ម័គ្រយ៉ាងណាក្តី ប៉ុន្តែនាងមានវិប្បដិសារី ដោយសារនាងបានប្រឡងធ្លាក់បាក់ឌុបនៅឆ្នាំ២០១៥។ ប៉ុន្តែ លីណែត មិនបោះបង់ការសិក្សាដែលនាងបានខិតខំប្រឹងប្រែងអស់១២ឆ្នាំនោះទេនាងតែងព្យាយាមលើកទឹកចិត្តខ្លួនឯង និងប្រឡងម្តងទៀតរហូតជោគជ័យនៅឆ្នាំ២០១៦។ កញ្ញា សាំង លីណែត ថ្លែងដូច្នេះថា៖«ខ្ញុំធ្លាប់ឈឺចាប់ដែលធ្លាប់ប្រឡងធ្លាក់ ប៉ុន្តែវាមិនមែនបង្អាក់ដំណើរជីវិតត្រឹមហ្នឹងទេ។ ទោះបីជាខ្ញុំបរាជ័យក្នុងការសិក្សា ប៉ុន្តែខ្ញុំអាចនឹងជោគជ័យរឿងផ្សេងទៀត សម្រេចក្តីបំណងខ្ញុំនៅផ្នែកផ្សេងទៀត»។
សម្រាប់ យុវតីរូបនេះ បរាជ័យ គឺឧបសគ្គតូចមួយប៉ុណ្ណោះ ហើយថ្ងៃមុខ នៅមានច្រើន និងឧបសគ្គធំៗជាងនេះ ដែលនាងត្រូវឆ្លងកាត់។ លីណែត បញ្ជាក់បន្ថែមថា៖«ទៅមុខទៅមានរឿងធំៗទៅមុខទៀត យើងត្រូវឆ្លងកាត់វាឲ្យបាន ហើយមានមនុស្សច្រើនទៀតរង់ចាំមើល ថាយើងឆ្លងកាត់វាបានអត់»។
លីណែត លើកទឹកចិត្តឲ្យសិស្សដែលប្រឡងធ្លាក់ កុំឲ្យបោះបង់ការសិក្សា និងបន្តប្រឹងបន្តទៀត ដើម្បីសម្រេចគោលដៅ ទៅថ្ងៃអនាគត។ ត្រឡប់មកការងារស្ម័គ្រចិត្តវិញ អនុប្រធានក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គមរូបនេះ លើកទឹកចិត្តយុវជន ឲ្យចូលរួមការងារស្ម័គ្រចិត្តសង្គម ឆ្លើយតបនឹងជំនាញសិក្សា ពេលវេលា និងធនធានដែលខ្លួនមាន និងពិសេសទៀតនោះ គឺមិនត្រូវឲ្យប៉ះពាល់ដល់ការសិក្សាឡើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សាំង លីណែត
ការងារស្ម័គ្រចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម