កីឡាជាតិ
ជាតិ
ថៃ រិទ្ធី ផ្តួលកីឡាករម៉ាឡេស៊ីឲ្យសន្លប់ក្នុងទឹកទី២នៅ One Championship
× អ្នកលេងគុនចម្រុះកម្ពុជា ថៃ រិទ្ធី បានផ្តួលកីឡាករម៉ាឡេស៊ី Jerome Paye ឲ្យសន្លប់ត្រឹមទឹកទី២ក្នុងព្រឹត្តិការណ៍ One Championship នៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ីកាលពីយប់ថ្ងៃទី១៦ ខែកញ្ញា។ ជាមួយជ័យជម្នះរបស់ រិទ្ធី មានកីឡាករកម្ពុជាពីរផ្សេងទៀតបានរងការខកចិត្តក្នុងព្រឹត្តិការណ៍នេះផងដែរ។
អ្នកគុនខ្មែរចម្រុះ ថៃ រិទ្ធី បានបង្កើតការភ្ញាក់ផ្អើលក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក One Championship តាមរយៈការផ្តួលគូប្រកួតឲ្យសន្លប់ក្នុងទឹកទី២។ នាការប្រកួតនៅសង្វៀនដាក់ទ្រុង Jakarta Convention Center ក្នុងទីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ីកាលពីយប់ថ្ងៃទី១៦ កញ្ញា អ្នកលេងគុនចម្រុះ ថៃ រិទ្ធី បានប្រើកណ្តាប់ដៃឆ្វេង-ស្តាំផ្ទួនៗលើផ្ទៃមុខកីឡាករម៉ាឡេស៊ី Jerome Paye ដែលព្យាយាមគេចរហូតបាត់បង់ស្មារតី ហើយត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២តែម្តង។
តាមរយៈជ័យជម្នះដ៏អស្ចារ្យនេះអាចនិយាយបានថា វាជាកំណត់ត្រាមួយដ៏ល្អសម្រាប់កីឡាករ ថៃ រិទ្ធី ក៏ដូចជាប្រទេសកម្ពុជាទាំងមូលប្រចាំព្រឹត្តិការណ៍ដ៏ល្បីល្បាញលំដាប់ពិភពលោកមួយនេះ។ ទន្ទឹមនឹងជ័យជម្នះរបស់ ថៃ រិទ្ធី អ្នកលេងគុនចម្រុះកម្ពុជាពីររូបផ្សេងទៀតរួមមាន សូដា និង ប៊ុនស្រ៊ុន ដែលចូលរួមព្រឹត្តិការណ៍នេះសុទ្ធតែចាញ់ក្រោមថ្វីដៃម្ចាស់ផ្ទះឥណ្ឌូណេស៊ី៕
Tag:
ថៃ រិទ្ធី
One Championship
© រក្សាសិទ្ធិដោយ thmeythmey.com