ជាតិ
អ្នកណាខ្លះ​ត្រូវជា​ញាតិ​ទាំង​៧​សន្តាន​របស់​យើង​?
21, Sep 2017 , 9:39 am        
រូបភាព
​ញាតិ គឺ​សំដៅ​ដល់ ជន​ដែល​ជាប់​ខ្សែលោហិត​នឹង​គ្នា ខាង​មាតា​និង​ខាង​បិតា​។ ហើយ​ញាតិ​ទាំង​៧​សន្តាន គឺ​រាប់​ចាប់ពី​យើង​ឡើងទៅ​៣​ថ្នាក់ និង​ក្រោម​យើង​ចុះទៅ​៣​ថ្នាក់ រួមទាំង​យើង​ផ្ទាល់​ផងដែរ​។​



​ញាតិ​ទាំង​៧​សន្តាន រាប់​ពី​ថ្នាក់លើ​យើង​ឡើងទៅ ៣​ជាន់ និង​ថ្នាក់ក្រោម​យើង ៣​ជាន់​។ ថ្នាក់លើ​យើង ៣​ជាន់ គឺ​ថ្នាក់​មាតាបិតា​១, ថ្នាក់​ជីដូន​ជីតា​១ និង​ថ្នាក់​យាយទួត​តា​ទួត​១​។ ចំណែកឯ ថ្នាក់ក្រោម​យើង ៣​ជាន់​ទៀត គឺ​ថ្នាក់​កូន​១, ថ្នាក់​ចៅ​១ និង​ថ្នាក់​ចៅទួត​១​។ ដូច្នេះ រួមទាំង​អស់ គឺ ៦​ថ្នាក់ ហើយ​បន្ថែម​ខ្លួន​យើង​ម្នាក់ទៀត ទៅជា ៧​ថ្នាក់ ដែល​យើង​ហៅថា ញាតិ​ទាំង​៧​សន្តាន​។ (​វចនា​ក្រម សម្តេច ជួន ណាត​)

​មនុស្ស​មួយចំនួនធំ​យល់ថា ញាតិ​ទាំង​៧​សន្តាន គឺ​សំដៅ​សាច់ញាតិ​ទាំងឡាយណា​ដែលជា​សាច់​សា​លោក​ហិត​របស់ខ្លួន​តែប៉ុណ្ណោះ ដោយ​មិន​រាប់បញ្ចូល​ខ្លួនឯង​ចូល​នោះទេ​។ តែ​ការពិត ញាតិ​ទាំង​៧​សន្តាន គឺ​រាប់ទាំង​ខ្លួន​យើង​ផងដែរ​។

​ម្យ៉ាងទៀត​ប្រជាជន​ទូទៅ ជាពិសេស​ក្មេងៗ និង​យុវជន​ក៏​យល់ច្រឡំ​ធំ​ផងដែរ​ថា ញាតិ​ទាំង​៧​សន្តាន គឺ​សំដៅ​ដល់​បងប្អូន ញាតិសន្តាន ដែល​បាន​ស្លាប់​បាត់បង់​ជី​វិ​ទៅហើយ​។ ពួកគេ​យល់​យ៉ាងនេះ ដោយសារតែ ពេលធ្វើ​បុណ្យ​ម្តងៗ អាចារ្យ និង​ចាស់ទុំ​តែងតែ​អប់រំ​កូនចៅ និង​យុវជន ឲ្យ​ឧទ្ទិស​បុណ្យ​កុសល​ដល់​បុព្វការី​ជន និង​ញាតិ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ស្ថាន​។ ត្រង់​នេះហើយ ដែលជា​ហេតុ​នាំ​ឲ្យ​ពួកគេ​យល់ច្រឡំ​ថា ញាតិ​ទាំង​៧​សន្តាន គឺ​ជាតិ​ទាំងឡាយណា​ដែល​ស្លាប់​ទៅហើយ​។ ញាតិ​ទាំង​៧​សន្តាន គឺ​មិនមែន​សំដៅ​តែ​ទៅលើ​អ្នកស្លាប់​នោះទេ តែ​ក៏​រាប់បញ្ចូល​ទាំង​អ្នក​នៅរស់​គ្រប់រូប រួមទាំង​ខ្លួន​យើង​ផងដែរ​។​

​តាមពិតទៅ​! ញាតិ​របស់​យើង​ម្នាក់ៗ មាន​ច្រើនណាស់ រាប់មិនអស់​នោះទេ ព្រោះ​ជីវិត​មនុស្ស​សត្វ​គ្រប់រូប កើត​ស្លាប់ៗ ជាច្រើន​កប្ប ច្រើន​អសង្ខេយ្យ រាប់​ពុំបាន ស្មាន​ពុំ​កើត​។ ញាតិ​ទាំង​៧​សន្តាន​នេះ គ្រាន់តែ​ជា​ចំនួន​ញាតិ​របស់​យើង​តូច​មួយ​ប៉ុណ្ណោះ​៕


Tag:
 វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com