អត្ថបទពាណិជ្ជកម្ម
​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន CIMB ​តំបន់​អាស៊ាន ឆ្នាំ​២០១៧ ត្រឡប់មក​ជាថ្មី ជាមួយ​ប្រាក់រង្វាន់៤ម៉ឺនដុល្លារ និង​ដំណើរ​កម្សាន្ត​ទៅ​តូ​ក្យូ
18, Sep 2017 , 4:06 pm        
រូបភាព
ដោយ: ថ្មីៗ
​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន (CIMB ASEAN Stock Challenge) បាន​ត្រឡប់មកវិញ ក្នុង​ឆ្នាំ​ទី​៨ ដែល​និស្សិត​សាកលវិទ្យាល័យ នៅក្នុង​ប្រទេស​កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សិង្ហ​បុរី ថៃ និង​​ប្រ៊ុយណេ អាច​ចុះឈ្មោះ​ចូលរួម​ប្រកួត​បាន​។ កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ឆ្នាំ​២០១៧ មាន​ប្រាក់រង្វាន់​សរុប ៤០,០០០​ដុល្លារ​អាមេរិក ហើយ​វគ្គ​ផ្តាច់ព្រ័ត្រ​ប្រចាំ​តំបន់ នឹងត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​ចា​កាតា ប្រទេស​ឥណ្ឌូណេស៊ី ខណៈដែល​ក្រុម​ជើងឯក​ថ្នាក់​តំបន់ នឹង​បាន​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ផ្សារភាគហ៊ុន​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​
 
​បេក្ខជន​ប្រឡង នឹងធ្វើ​ការប្រកួតប្រជែង​ទៅលើ​ជំនាញ​វិនិយោគ​របស់ខ្លួន ផ្អែកលើ​ពេលវេលា​ជាក់ស្តែង​នៃ​ផ្សារភាគហ៊ុន ដែល​ពួកគេ​អាច​ជួញដូរ​នៅលើ​ទីផ្សារ​ភាគហ៊ុន​ធំៗ​ទាំង​៥ ក្នុង​តំបន់ រួមមាន​ផ្សារភាគហ៊ុន​ប៊ូរ​សា​ម៉ាឡេស៊ី (Bursa Malaysia) ផ្សារភាគហ៊ុន​ឥណ្ឌូណេស៊ី (IDX) ផ្សារភាគហ៊ុន​សិង្ហ​បុរី (SGX) ផ្សារភាគហ៊ុន​ថៃ (SET) និង​ផ្សារភាគហ៊ុន​ហុងកុង (HKEx)​។ កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ក្នុងឆ្នាំនេះ គឺ​កាន់តែ​ពិសេស​ពី​ឆ្នាំមុន ដោយបាន​នាំយក​នូវ​កម្មវិធី Mobile App ថ្មី ដែល​ផ្តល់​ភាពងាយស្រួល ដល់​ក្រុម​ប្រកួត ក្នុង​ការវិភាគ​ទិន្នន័យ និង​ការជួញដូរ​ភាគហ៊ុន​។​
 
Dato’ Hamidah Naziadin ប្រធាន​នាយិកា​ប្រតិបត្តិ​ធនធានមនុស្ស របស់ CIMB Group បាន​ឲ្យ​ដឹងថា​៖ «​ស៊ី​អាយ​អិ​ម​ប៊ី តែងតែ​បន្ត​លើកកម្ពស់​ការអភិវឌ្ឍ​យុវជន ក្នុង​តំបន់​អាស៊ាន ហើយ​កម្មវិធី​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី លើក​ទី​៨​នេះ នឹង​កាន់តែ​ពិសេស ដោយ​បេក្ខជន​ប្រឡង នឹងត្រូវ​មាន​ភាព​ច្នៃប្រឌិត និង​ការប្រកួតប្រជែង​ខ្ពស់ ដើម្បី​ក្លាយជា​ជើងឯក​ថ្នាក់​តំបន់​។ ហើយ​កម្មវិធី​ឆ្នាំនេះ​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឡង ប្រកួតប្រជែង ដោយ​ប្រើប្រាស់​កម្មវិធី Mobile ហើយ​ជួយ​ឲ្យ​ពួកគេ បង្កើត​ការវិភាគ​ទិន្នន័យ​លម្អិត ដើម្បី​ព្យាករណ៍​ការប្រែប្រួល​តម្លៃ​បាន​កាន់តែ​ប្រសើរ​»​។​
 
​សម្រាប់​ថ្នាក់ជាតិ បេក្ខជន​ប្រឡង​ត្រូវ​ប្រកួតប្រជែង​គ្នា នៅតាម​ប្រទេស​រៀងៗ​ខ្លួន ចាប់ពី​ថ្ងៃ​៩ ដល់​ថ្ងៃទី​២៧ ខែតុលា ជាមួយ​សាច់ប្រាក់​សរុប ៨០ ០០០​ដុល្លារ​អាមេរិក សម្រាប់​ការជួញដូរ​។ ហើយបី​ក្រុម​ដែល​ទទួលបាន​ផលចំណេញ​វិនិយោគ​ច្រើនជាងគេ នៅពេល​បញ្ចប់​ការជួញដូរ នឹងត្រូវ​យកមក​ធ្វើការ​សម្រេច​ជា​ចុងក្រោយ ផ្អែកលើ​សំណេរ​យុទ្ធសាស្ត្រ​របស់​ពួកគេ​។ ក្រុម​ដែលមាន​សំណេរ​យុទ្ធសាស្ត្រ​ល្អ​បំផុត នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ថ្នាក់ជាតិ ក្នុងប្រទេស​របស់ខ្លួន​។ ក្រុម​ជើងឯក​ចំណាត់ថ្នាក់​លេខ​១ នឹង​ទទួលបាន​ប្រាក់រង្វាន់ ៨០០ ដុល្លារ​អាមេរិក ចំណាត់ថ្នាក់​លេខ​២ ទទួលបាន ៥០០ ដុល្លារ​អាមេរិក និង​ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន ៤០០​ដុល្លារ​អាមេរិក​។ 
 
​ក្រុម​ជើងឯក​មកពី​ប្រទេស​ទាំង​៥ នឹង​មក​ប្រកួត​គ្នា​ក្នុងប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ដណ្តើម​ជើងឯក​ថ្នាក់​តំបន់​។ តាមរយៈ​លក្ខខណ្ឌ​នៃ​ការប្រឡង ក្រុម​នីមួយៗ​នឹង​ទទួលបាន​ប្រវត្តិ​ទិន្នន័យ​នៃ​ផ្សារភាគហ៊ុន​ទាំង​៥ ដើម្បី​វិភាគ និង​ជ្រើសរើស​ភាគហ៊ុន​មួយ ដែល​គិតថា​អាច​ទទួល​បានការ​ចំណេញ​ច្រើន​បំផុត​។ បន្ទាប់មក ក្រុម​ប្រឡង​ត្រូវធ្វើ​បទ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​របស់ខ្លួន មុនពេល​គណៈកម្មការ សម្រេច​ជ្រើសរើស​ក្រុម​ជើងឯក​។ ជា​លទ្ធផល ក្រុម​ជើងឯក​នឹង​បាន​ធ្វើដំណើរ​កម្សាន្ត ទៅកាន់​ផ្សារភាគហ៊ុន​តូ​ក្យូ ប្រទេស​ជប៉ុន ជាមួយ​ប្រាក់រង្វាន់ ១២ ០០០​ដុល្លារ​អាមេរិក ហើយ​ក្រុម​ជើងឯក​រង​ទទួលបាន ៨ ០០០​ដុល្លារ​អាមេរិក ក្រុម​លេខ​៣ ទទួលបាន ៥ ០០០​ដុល្លារ​អាមេរិក ក្រុម​លេខ​៤ ទទួលបាន ២ ៥០០​ដុល្លារ​អាមេរិក និង​ក្រុម​លេខ​៥ ទទួលបាន ១ ៥០០​ដុល្លារ​អាមេរិក​។​
 
​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំនេះ បាន​សហការ​ជាមួយ​ក្រសួង​អប់រំ​ឧ​ត្ត​ម​សិក្សា​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ជាដើម​។ ហើយ​ក្នុង​ឆ្នាំមុន​នេះដែរ ក្រុម​ជើងឯក​ថ្នាក់ជាតិ​របស់​កម្ពុជា គឺ​ក្រុម The Visionary ដណ្តើមបាន​ជ័យលាភី​លេខ​៤ នៃ​កម្មវិធី​ប្រកួត​តំបន់​អាស៊ាន​នេះ​។​
 
​ក្រុម​ទាំងអស់​អាច​ចុះឈ្មោះ​អន​ឡាញ​តាមរយៈ https://stockchallenge.itradecimb.com ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ២០១៧​។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com