អន្តរជាតិ
នយោបាយអន្តរជាតិ
ចិននិងរុស្ស៊ីចាប់ផ្ដើមសមយុទ្ធជើងទឹកក្បែរកូរ៉េខាងជើង
×
ចិន និងរុស្ស៊ី នៅថ្ងៃទី១៨ ខែកញ្ញា បានចាប់ផ្ដើមសមយុទ្ធជើងទឹករួមគ្នានៅក្បែរកូរ៉េខាងជើង ចំពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង។ នាវាចម្បាំង និងយន្តហោះយោធាមកពីប្រទេសទាំងពីរ បានចូលរួមក្នុងលំហាត់យោធាដែលធ្វើឡើងនៅក្បែរទីក្រុង Vladivostok ។ សមយុទ្ធធ្វើឡើង ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបញ្ហាកូរ៉េខាងជើងទំនងជាប្រធានបទសំខាន់។
សារព័ត៌មានរដ្ឋចិន Xinhua ផ្សយថា សមយុទ្ធសមុទ្ររួមឆ្នាំ២០១៧ រវាងចិន និងរុស្ស៊ី បានចាប់ផ្ដើមហើយនៅថ្ងៃទី១៨ ខែកញ្ញា នៅចន្លោះឈូងសមុទ្រ Peter the Great ខាងក្រៅទីក្រុង Vladivostok ហើយដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនរវាងរុស្ស៊ី និងកូរ៉េខាងជើងឡើយ។ នេះជាសមយុទ្ធដំណាក់កាលទី២ រវាងមហាអំណាចទាំងពីរក្នុងឆ្នាំនេះ បន្ទាប់លំហាត់លើកទីមួយដែលធ្វើឡើងនៅឯសមុទ្របាល់ទិក។
នាវាចំនួន១២គ្រឿង នាវាមុជទឹក២គ្រឿង យានសម្រាប់ការសង្គ្រោះក្នុងទឹកជ្រៅ៤គ្រឿង យន្តហោះប្រឆាំងនាវាមុជទឹក៤គ្រឿង និងឧទ្ធម្ភាគចក្រចំនួន៤គ្រឿង បានបង្ហាញវត្តមានក្នុងសមយុទ្ធរួមគ្នានេះ។ បើតាមមន្ត្រីយោធារុស្ស៊ី សមយុទ្ធលើកនេះចែកជាពីរ ដោយផ្នែកទីមួយ គឺកងទ័ពម៉ារីនចិន និងរុស្ស៊ី នឹងហ្វឹកហាត់រួមគ្នានៅឯមូលដ្ឋាន Gornostay ហើយផ្នែកទីពីរនឹងការធ្វើលំហាតរួមគ្នាលើទឹកដីនៅក្នុងសមុទ្រជប៉ុន និងសមុទ្រ Okhotsk ។
ថ្វីដ្បិតសមយុទ្ធនេះជាលំហាត់រួមគ្នារវាងក្រុងប៉េកាំង និងក្រុងមូស្គូតែពីរនាក់ក្ដី ទីតាំងសមយុទ្ធនេះពិតជានៅកៀកឧបទ្វីបកូរ៉េណាស់។ មហាអំណាចទាំងពីរនេះ មិនមានជំហរស្របគ្នាជាមួយអាមេរិក និងសម្ព័ន្ធមិត្តឡើយលើបញ្ហាកូរ៉េខាងជើង។ ខុសពីអាមេរិកដែលចង់ប្រើធម៌ក្ដៅដោះស្រាយបញ្ហានុយក្លេអ៊ែរ ប្រទេសទាំងពីរនេះ តែងស្នើឲ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ និងមិនត្រូវធ្វើសកម្មភាពបង្ករឿងដាក់គ្នាឡើយ។
លើសពីនោះ ចិន និងរុស្ស៊ី ក៏នៅតែចាត់ទុកការចរចាដោយសន្តិភាព ជាច្រកចេញតែមួយសម្រាប់វិបត្តិនៅឧបទ្វីបកូរ៉េ ទោះជាអាមេរិកតែងលើកឡើងថា ការចរចាជាមួយកូរ៉េខាងជើងមិនទទួលបានផលអ្វីទេក្នុងពេលប៉ុន្មានឆ្នាំមកនេះ។ យ៉ាងណាក្ដី ក្នុងគោលដៅបង្ខំឲ្យកូរ៉េខាងជើងចូលតុចរចា ចិន និងរុស្ស៊ី ក៏តែងគាំទ្រអាមេរិកក្នុងអនុម័តទណ្ឌកម្មនៅឯក្រុមប្រឹក្សាសន្តិសុខ ខណៈចិនក៏រងសម្ពាធខ្លាំងពីអាមេរិកក្នុងការដាក់សម្ពាធលើក្រុងព្យុងយ៉ាង។
កន្លងមក ចិន និងរុស្ស៊ី ក៏ទទូចឲ្យកូរ៉េខាងជើងត្រូវឈប់បាញ់មីស៊ីល ឬសាកល្បងនុយក្លេអ៊ែរ ឯអាមេរិក និងកូរ៉េខាងត្បូងឈប់ធ្វើសមយុទ្ធយោធាទៀត ដែលនេះជាជំហានសំខាន់ក្នុងការឈានទៅដល់ការចាប់ផ្ដើមការចរចាដោយឥតលក្ខខណ្ឌ។ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ធ្លាប់និយាយថា នយោបាយនៃការដាក់សម្ពាធលើក្រុងព្យុងយ៉ាងដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ គឺជាការដើរលើផ្លូវខុស និងគ្មានខ្លឹមសារអ្វីទេ៕
Tag:
ចិន
រុស្ស៊ី
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com