អន្តរជាតិ
នយោបាយអន្តរជាតិ
សាធារណរដ្ឋម៉ូឡូស្យ៉ា មានប្រជាជនតែ ២៩ នាក់ និងឆ្កែ៤ក្បាល
× ម៉ូឡូស្យ៉ា (The Republic of Molossia)គឺរដ្ឋដ៏តូចមួយ ដែលបានប្រកាសដោយ លោក Kevin Baugh និងគ្រួសាររបស់លោកដែលដំបូងឡើយមានសមាជិកសរុបចំនួនប្រាំនាក់ ដោយរាប់បញ្ចូលទាំងប្រធានាធិ បតី (Kevin Baugh)។ តែបច្ចុប្បន្ន សាធារណរដ្ឋ បានមានកំណើនប្រជាជនខ្លួនច្រើនជាងមុនហើយ ។
រដ្ឋដ៏តូច ម៉ូឡូស្យ៉ា ត្រូវបាន រកឃើញតាំងពីឆ្នាំ១៩៧៧ ពោលគឺក្រោយ លោក Kevin Baugh បានទស្សនារឿងកុនមួយ ហើយមានបំណងចង់ បង្កើតរដ្ឋមួយនេះដោយខ្លួនឯង។ ម៉ូឡូស្យ៉ា មានទីតាំងស្ថិតនៅភាគខាងលិចរបស់សហរដ្ឋអាមេរិក ដែលជាតំបន់វាលខ្សាច់ដាច់ស្រយាល និងមានទឹកដីសរុប ប្រមាណ ២៥ ៣៨៩ ម៉ែត្រការ៉េ។
ទោះបីជា ម៉ូឡូស្យ៉ា មិនត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិក និងរដ្ឋដទៃទៀតក៏ដោយ រដ្ឋនេះក៏មានរចនាសម្ពន្ធ័របស់ខ្លួនផងដែរ ដែលក្នុងនោះរួមមាន លោក Kevin Baugh ដែលជាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ទង់ជាតិ រូបិយបណ្ណ (Valora) ប្រពន្ធ័នយោបាយ( សាធារណរដ្ឋ)។ ដោយឡែកសម្រាប់សេដ្ឋកិច្ច ឬចំណូលរបស់រដ្ឋនេះ គឺបានមកពីការចូលទស្សនារបស់ភ្ញៀវទេសចរណ៍ ដែលចំនួនយ៉ាងតិចសរុបប្រមាណ ១០នាក់ក្នុងមួយឆ្នាំ។
ដោយឡែកបើប្រៀបធៀបនិង ច្បាប់អន្តរជាតិវិញ ជាគោលការណ៍ដើម្បីអោយរដ្ឋមួយក្លាយជារដ្ឋមួយដ៏ស្របច្បាប់ យ៉ាងហោចណាស់ត្រូវ មានធាតុសំខាន់ៗដូចជា៖
• ទឹកដីៈ សម្រាប់សាធារណរដ្ឋម៉ូឡូស្យ៉ា គឺទឹកដីសរុប ២៥ ៣៨៩ ម៉ែត្រការ៉េ
• ប្រជាជនៈ សម្រាប់សាធារណរដ្ឋម៉ូឡូស្យ៉ា មានប្រជាជនសរុប ២៩ នាក់ (ឆ្កែ៤ក្បាល)
• រដ្ឋាភិបាលៈ សម្រាប់សាធារណរដ្ឋម៉ូឡូស្យ៉ា មាន លោក Kevin Baugh ជាអ្នកដឹកនាំ និងរចនាសម្ពន្ធ័ មួយច្បាស់លាស់
• ការទទួលស្គាល់ពីអន្តរជាតិៈ នៅក្នុងចំណុចនេះ សាធារណរដ្ឋម៉ូឡូស្យ៉ា មិនមានការទទួលស្គាល់ដោយ រដ្ឋណាមួយនោះទេ ពោលគឺការបង្កើតនៃរដ្ឋនេះគឺប្រកាសដោយខ្លួនឯង ហើយចាត់ទុកថាជាប្រទេសដោយខ្លួនឯង។
គួរបញ្ជាក់ផងដែរ មកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនមានវិធានការ លើការបង្កើតរដ្ឋតូចនេះទេព្រោះដោយសារចាត់ទុកការបង្កើតនេះ ប្រៀបប្រដូចទៅនឹងគ្រួសារមួយ ហើយមិនមានការគំរាមកំហែងដល់សន្តិសុខអ្វីនោះទេ៕
Tag:
The Republic of Molossia
© រក្សាសិទ្ធិដោយ thmeythmey.com