បទវិភាគ
អន្តរជាតិ
ចិន​ត្រូវផ្តោត​សំខាន់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​អនុវត្ត​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​»​ជោគជ័យ​
19, Sep 2017 , 9:30 pm        
រូបភាព
ប៉េកាំង​៖ «​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​» (Belt and Road Initiative) ដែល​ផ្តួចផ្តើមឡើង​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង (Xi Jinping) កាលពី​ឆ្នាំ ២០១៣ បន្ត​ស្ថិតក្រោម​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ទូទាំង​ពិភពលោក​។ ប៉ុន្តែ​ការយល់ដឹង​ពី​គំនិត​ផ្តួចផ្តើម​នេះ​នៅមានកម្រិត ហើយ​ការផ្សព្វផ្សាយ​មួយចំនួន​បន្តធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​គោលបំណង​របស់​ចិន​ថែមទៀត​។ អ្នកជំនាញ​យល់ថា វា​ជា​រឿង​ចាំបាច់​ដែល​ចិន​ត្រូវ​ពង្រឹងសមត្ថភាព​ទំនាក់ទំនង​សាធារណៈ និង ត្រូវ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ជំរុញ និង​លើកកម្ពស់​ការយល់ដឹង​ពាក់​ព័ន្ធគំនិត​ផ្តួចផ្តើម​នេះ ជាពិសេស​ជំរុញ​ឲ្យ​ប្រជាជន​គ្រប់​អាច​គ្នា​ដឹងថា វា​ជា​គម្រោង​ដែល​ផ្តល់​ប្រយោជន៍​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។


 
​មកដល់​បច្ចុប្បន្ន​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​»​មាន​អាយុកាល បួន​ឆ្នាំ និង​មាន​សមាជិក​សរុប​ជាង ៦០​ហើយ​។ គំនិត​ផ្តួចផ្តើម​របស់​ចិន​ដែល​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​តំបន់​នេះ  នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្លាស់ប្តូរ​តំបន់​ទាំងមូល​។ ប៉ុន្តែ​វា​ត្រូវមាន​ការចូលរួម​ពី​គ្រប់ភាគី​ដើម្បី​ឲ្យ​គម្រោង​នេះ​ជោគជ័យ​ទៅបាន​។​
 
​អ្នកស្រាវជ្រាវ​ចិន​ប្រចាំ​វិទ្យាស្ថាន​ចិន​សម្រាប់​ការសិក្សា​អន្តរជាតិ (CIIS) ដែលមាន​ទីតាំងនៅ​ក្រុង​ប៉េកាំង លោក LIU Chang បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេ​ឡិច​ត្រូវ​និ​ច​ថា គំនិត​ផ្តួចផ្តើម​របស់​ចិន​ប្រឈម​បញ្ហា​មួយចំនួន​ជាពិសេស​ការយល់ដឹង​ពី​គម្រោង​ដ៏​ធំ​នេះ ហើយ​អ្វី​គួរ​ឲ្យ​បារម្ភ​គឺ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​ជាពិសេស​ខាង​លោក​លិច​បន្ត​ផ្តោត​សំខាន់​លើ​តែ​បញ្ហា​អវិជ្ជមាន​។​

​អ្នកជំនាញ​រូបនេះ​បាន​អធិប្បាយ​ដូច្នេះ​៖« ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​ផ្តោត​តែ​លើ​បញ្ហា​អវិជ្ជមាន​នៃ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​វា​បាន​បង្ក​ឲ្យ​មានការ​មិន​ពេញចិត្ត​ជាពិសេស​ការគិត​ឃើញ​អវិជ្ជមាន​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ចិន​នេះ​តែម្តង​។ វា​ក៏​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង និង​បាត់បង់​ទំនុក​ចិន​លើ​ចិន ពី​សំណាក់​បណ្តា​ប្រទេស​ស្ថិតក្នុង​គម្រោង​គំនិត​ផ្តួចផ្តើម​នេះ​ដូចគ្នា​»​។   

១. ចិន​ពង្រឹងសមត្ថភាព​ផ្នែក​ទំនាក់ទំនង​សាធារណៈ​និង​សហការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​
​សម្រាប់​លោក LUI Chang វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវមាន​ការចូលរួម​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​លើកស្ទួយ​ការយល់ដឹង​ពី​គំនិត​ផ្តួចផ្តើម​នេះ​ទៅដល់​គ្រប់​មជ្ឈដ្ឋាន ទើប​វា​អាច​សម្រេច​ជោគជ័យ​បាន​នៅពេល​អនាគត​។ ចំណែក​ការយកចិត្តទុកដាក់​ព​ង្រឹ​ង​ទំនាក់ទំនង​រវាង​ស្ថាប័ន​សារព័ត៌មាន​តំបន់ រួមទាំង​ការលើកកម្ពស់​ការយល់​ដឹង​ពី​ស៊ីជម្រៅ​ពាក់ព័ន្ធ​គំនិត​ផ្តួចផ្តើម​នេះ​ក្នុងចំណោម​អ្នកសារព័ត៌មាន​ក្នុង​តំបន់​ជា​អ្វីដែល​ចិន​ត្រូវ​បន្តធ្វើ​។​
 
​លោក​បាន​ពន្យល់​ដូច្នេះ​៖ «​ខ្ញុំ​យល់ស្រប​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​នោះ​។ វា​ដល់​ពេលដែល​សម្រាប់​យើង​បញ្ច​ញ​មតិយោបល់ និង​ការយល់ឃើញ​ស៊ីជម្រៅ​របស់​យើង​ពាក់ព័ន្ធ​ការផ្សព្វផ្សាយ​ដែល​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​ដែល​គិតគូរ​ពី​ប្រជាជន​។ ហើយ​យើង​ក៏​ចាំបាច់​ត្រូវ​បង្ហាញ​ឲ្យ​ឃើញថា វា​ជា​ផែនការមេ​វិជ្ជមាន​សម្រាប់​អនាគត​»​។  

​ក្នុងនាម​ជា​មហាអំណាច​ថ្មីថ្មោង សម្រាប់​អ្នកជំនាញ​ខាងលើ មហា​យក្ស​ចិន​ត្រូវការ​ពង្រឹងសមត្ថភាព​ផ្នែក​ទំនាក់ទំនង​សាធារណៈ និង​ជំរុញ​ការបើកចំហរ និង​តម្លាភាព​ក្នុង​គម្រោង​របស់ខ្លួន​ផងដែរ​។ 

«​ខ្ញុំ​អាច​យល់បាន​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្តោតលើ​បញ្ហា​ណា​ដែល​ទាក់ទាញ​អ្នកអាន​ច្រើន និង​ដើម្បី​ប្រកួតប្រជែង​ខ្ពស់​។ ប៉ុន្តែ​ខ្ញុំ​គិតថា វា​ជា​រឿង​គ្មាន​ទំនួល​ខុសត្រូវ​ដែល​ត្រូវ​ចុះផ្សាយ​ព័ត៌មាន​មួយចំនួន​មិន​សម​ហេតុផល​ដល់​ប្រជាជន និង​បង្កើត​ឲ្យ​មានការ​យល់ឃើញ​ភាន់ច្រឡំ​ឬ​មិនល្អ​ក្នុងចំណោម​ប្រជាជន​នៅ​មូលដ្ឋាន​។ វា​គួរតែ​ជាការ​ផ្តល់ព័ត៌មាន​ដែលមាន​តុល្យ​ភាពមិនលម្អៀង អ​ព្យា​ក្រឹត្យ និង​ផ្តល់​គំនិត​យោបល់​បែប​ស្ថាបនា និង​មានតម្លៃ​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Lui Chang​។ 

២.​ចិន​៖«​ដើម្បី​គ្រប់គ្រង​ពិភពលោក ត្រូវ​ឈ្នះ​ចិត្ត​រាស្ត្រ​ជាមុនសិន​»
​អគ្គលេខាធិការ​នៃ​គណៈកម្មការ​បណ្ឌិតសភា​អភិវឌ្ឍ​ជាតិ និង​កំណែទម្រង់ ឯណេះ​វិញ​ក៏​យល់ឃើញ​ផងដែរ​ថា ការយល់ឃើញ​របស់​ប្រជាជន​ចំពោះ​គម្រោង​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ជា​បញ្ហា​ដ៏​ធំ​សម្រាប់​ចិន​។
 
​ថ្លែង​ក្នុងពេល​ផ្តល់​បទ​បង្ហាញ​ទៅកាន់​អ្នកសារព័ត៌មាន​អាស៊ាន និង​អាស៊ី​ខាងត្បូង​ដែល​ចូលរួម​សន្និសីទ​កិច្ចសហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្រោម​ក្របខណ្ឌ​«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​» ថ្ងៃអាទិត្យ​ទី ១០ កញ្ញា  លោក Zhang Yansheng បាន​បញ្ជាក់ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​ស្នើឡើង​ដោយ​ចិន ក៏ពិតមែន​តែ​វា​ជា​របស់​ប្រទេស​ទាំងអស់​។ ដូច្នេះ​ដើម្បី​អាច​ឲ្យ​មានការ​ចូលរួម​និង​គាំទ្រ​ទៅបាន ដរាបណា​មនុស្ស​ទូទៅ​អាច​យល់ អាច​ដឹង​និង​ឃើញ​ពី​ប្រយោជន៍​នៃ​គំនិត​ផ្តួចផ្តើម​ដ៏​ធំ​នេះ​។ 

​មន្ត្រីជាន់ខ្ពស់​រូបនេះ​ពន្យល់​បន្ថែមថា វា​ជា​ការពិត​ដែលថា រដ្ឋាភិបាល​ចិន​ត្រូវ​បន្តធ្វើ​យ៉ាងណា​ជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធានាថា មនុស្ស​គ្រប់គ្នា​ទទួលបាន​ប្រយោជន៍​ជាក់ស្តែង​ពី​គម្រោង​នេះ​។ កាលណា​បើ​ប្រជាជន​ឃើញ​ប្រយោជន៍​ហើយ​វា​ច្បាស់​ណាស់​ថា ពួកគេ​នឹងចូលរួម​គាំទ្រ​ជាក់​ជាមិនខាន​។​
​លោក Yansheng សង្កត់ធ្ងន់ថា​៖ «​វា​ដូច​សុភាសិត​បុរាណ​ពោលថា កាលណា​អ្នកឈ្នះ​បេះដូង​រាស្ត្រ អ្នក​អាច​គ្រប់គ្រង​ពិភពលោក​បាន​»​។​

​សូមបញ្ជាក់ថា គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ (OBOR)  ឬ​វិថី​សូត្រ ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច និង គំនិត​ផ្តួចផ្តើម​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី ២១ (The Silk Road Economic Belt and the 21st Century Maritime Road Initiative) ត្រូវបាន​ដាក់ចេញ​នៅក្នុង​ឆ្នាំ ២០១៣ ដោយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង ។ គោលបំណង​ស្នូល​នៃ​គំនិត​ផ្តួចផ្តើម​នេះ​គឺ​ធ្វើយ៉ាងណា​កសាង​ចំណង​សេដ្ឋកិច្ច​តាមរយៈ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បង្កើត​ការផ្សាភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប ឆ្លង​ទៅដល់​អាហ្វ្រិក​ដោយ​វា​ផ្អែក​លើផ្លូវ​ពាណិជ្ជកម្ម​សម័យបុរាណ​។ មកដល់​ពេលបច្ចុប្បន្ន​នេះ គំនិត​ផ្តួចផ្តើម​នេះ​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​នានា​ទាំង​ពិភពលោក​ច្រើនជាង ៦0 មាន​ទាំង​អាស៊ី​, អាហ្វ្រិក​និង​អឺរ៉ុប​ផងដែរ​។ ដើម្បី​គាំទ្រ​ហិរញ្ញវត្ថុ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​នេះ ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB)​ក៏​ត្រូវបាន​បង្កើតឡើង​ផងដែរ​នៅ​ចុងឆ្នាំ​២០១៥ ៕
 
 
 

Tag:
 ស៊ី ជិន​ភីង​
  ចិន​
  គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ
© រក្សាសិទ្ធិដោយ thmeythmey.com