ជាតិ
តំបន់​ទេសចរ​ថ្មី ពាម​-​ស្រេះ ក្នុងស្រុក​ព្រះនេត្រព្រះ ទាក់ទាញ​ទេសចរ​ទៅ​កម្សាន្ត​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​
20, Sep 2017 , 12:19 pm        
រូបភាព
​បន្ទាយមានជ័យ​៖ តំបន់​ទេសចរ​កកើត​ថ្មី ក្នុង​ទឹកដី​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គឺ «​ពាម​-​ស្រេះ ឬ​ស្ពាន ៧៥» ជា​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន​កុះករ​មកលេង​កម្សាន្ត​។ តំបន់​ពាម​-​ស្រេះ ស្ថិតនៅ​លើផ្លូវ​ថ្មី ដែល​ទើប​ស្ថាបនា​រូ​ចរាល់ ចេញពី​ស្រុក​ព្រះនេត្រព្រះ ឆ្ពោះទៅ​រង្វង់​មូល យាយជី ស្រុក​មង្គលបុរី​។ ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ បាន​ឈប់សម្រាក ដើម្បី​គយគន់​ទេសភាព​វាលស្រែ ,​ហែល​ទឹក​លេង និង​ទទួល​អាហារ​នៅ​ទីនោះ​ផងដែរ​។​



​នៅលើ​ផ្លូវ​ថ្មី​សន្លាង មើល​ទៅជា​តំបន់​ធម្មតា ដែលមាន​ផ្លូវ និង​ស្ពាន​ទើប​សាងសង់​ថ្មី ប៉ុន្តែ​សម្រាប់​អ្នកស្រុក​ព្រះនេត្រព្រះ ឬ​ពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ តំបន់​នោះ ជា​តំបន់​ទេសចរ​ថ្មី​។ តំបន់ «​ពាម​-​ស្រេះ ឬ​ស្ពាន ៧៥» ស្ថិតនៅ​ជាប់​ភូមិ​ពាម និង​ភូមិ​ស្រេះ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។



​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យទាន ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ បាន​ឈប់សម្រាក​នៅ​តំបន់ ពាម​-​ស្រេះ នេះ ដើម្បី​មើល​ទេសភាព​ដ៏​ស្រស់ស្អាត ឬ​អ្នក​ខ្លះមក​ហែល​ទឹក នៅក្រោម​ស្ពាន និង​អ្នក​ខ្លះទៀត មកជួបជុំ​ក្រុមគ្រួសារ​ទទួលទាន​អាហារ​នៅតាម​តូប ក្នុង​តំបន់​នោះ​ផងដែរ​។ តំបន់​នេះ មាន​វាលស្រែ​ខៀវខ្ចី​អម​សងខាង​ផ្លូវ បាន​លើក​សម្រស់​ទេសភាព​យ៉ាង​ស្រស់ស្អាត​។

​លោក លី សុវណ្ណ​រឹទ្ធ អភិបាលស្រុក​ព្រះនេត្រព្រះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា តំបន់​ដែល​ប្រជាពលរដ្ឋ ទៅលេង​កម្សាន្ត​នេះ ជា​តំបន់​ទេសចរ​ថ្មី ដែល​គេ​ហៅថា «​ស្ពាន​៧៥ ឬ​ពាម​-​ស្រេះ​»​។ តំបន់​នេះ ទើបតែ​កើតឡើង ក្រោយ​ការដ្ឋាន​ស្ថាបនា​ផ្លូវ និង​ស្ពាន​នៅ​តំបន់​នោះ​។ លោក​អភិបាលស្រុក​រូបនេះ បញ្ជាក់ថា តំបន់​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ខេត្ត​នេះ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្សេងៗ​ជាច្រើន មក​កម្សាន្ត​ជាប្រចាំ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ជាពិសេស​រដូវ​ភ្ជុំបិណ្ឌ​នេះ​។



​លោក លី សុវណ្ណ​រឹទ្ធ អះអាងថា ខណៈដែល​ប្រជាពលរដ្ឋ​មក​កម្សាន្ត​នៅទីនេះ​ច្រើន អាជ្ញាធរ និង​ប្រជា​ការពារ បាន​ចុះទៅ​ថែរក្សា​សុវត្ថិភាព និង​សន្តិសុខ​ជូន​ពលរដ្ឋ​ផងដែរ​។ ទន្ទឹមនឹងនេះ លោក​អភិបាលស្រុក​រូបនេះ ក៏បាន​ចុះ​ណែនាំ​ដល់​អាជីវករ​ដែល​លក់ដូរ​នៅ​តំបន់​នេះ ឲ្យ​ចេះ​ថែរក្សា​អនាម័យ និង​គ្រប់គ្រង​កាកសំណល់​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។​

​ជា​កសិករ​រស់នៅក្នុង​ឃុំ​ព្រះនេត្រព្រះ លោក ណាក់ សុ​ឃួន បាន​ប្រាប់​ឲ្យ​ដឹងថា តំបន់ ពាម​-​ស្រេះ នេះ សម្បូរ​មនុស្ស​មកលេង​ជាប្រចាំ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យទាន​។ កសិក​រូបនេះ បន្ថែមថា ពីមុន​មិនមាន​អ្នក​មក​កម្សាន្ត​នៅទីនេះ​ទេ ប៉ុន្តែ​ក្រោយពី​សាងសង់​ស្ពាន និង​ផ្លូវ​ស្អាត​រួចមក ពលរដ្ឋ​ក្នុង​ខេត្ត​នេះ ជាច្រើន​បាន​សម្រុក​មកលេង​ជា​ហូរហែ​។ លោក ណាក់ សុ​ឃួន បញ្ជាក់ថា ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ អាច​រកប្រាក់​ចំណូល​ប​ន្ថែ​ម ដោយសារ​មាន​ភ្ញៀវទេសចរ​មកលេង​ច្រើន​។​



​ចំណែក​អ្នកលក់​ប្រហិត​វិញ លោក ឡឹ​ក ប៊ុន​រឹទ្ធ បាន​លើកឡើងថា លោក បានមក​លក់​នៅ​តំបន់​នេះ ដោយសារ​លឺ​តាម​គេ ថា តំបន់​នេះ សម្បូរ​មនុស្ស​មកលេង​ច្រើន​។  លោក ឡឹ​ក ប៊ុន​រឹទ្ធ ជា​អ្នកស្រុក​មង្គលបុរី បានមក​លក់​ប្រហិត​តាម​រទេះ នៅ​តំបន់​នេះ ជាប្រចាំ​នៅ​រៀងរាល់ថ្ងៃ ចាប់ពី​ម៉ោង ៣​រសៀល ដល់ ម៉ោង ៧​យប់​។ អ្នកលក់​ប្រហិត​រូបនេះ និយាយថា លោក​អាច​រកចំណូលបាន​ច្រើន ព្រោះ​នៅទីនេះ​លក់ដាច់​ណាស់ ដោយសារ​មនុស្ស​មកលេង​ច្រើន​។ លោក ឡឹ​ក ប៊ុន​រឹទ្ធ ប្រាប់ថា អ្នក​មកលេង​នៅទីនេះ មាន​គ្រប់​វ័យ មាន​អ្នក​មកលេង​ជា​លក្ខណៈ​ក្រុមគ្រួសារ និង​ជា​ក្រុម​ផងដែរ​។​

​សូមបញ្ជាក់ថា តំបន់ «​ពាម​-​ស្រេះ ឬ​ស្ពាន ៧៥»​នេះ ស្ថិតនៅ​ជាប់​ភូមិ​ពាម និង​ភូមិ​ស្រេះ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ផ្លូវ​ថ្មី​សន្លាង​នេះ ស្ថាបនា​ចេញពី​ស្រុក​ព្រះនេត្រព្រះ ឆ្ពោះទៅ​រង្វង់​មូល យាយជី ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ​៕









































Tag:
 ពាម​-​ស្រេះ​
  ព្រះនេត្រព្រះ
© រក្សាសិទ្ធិដោយ thmeythmey.com